​ភ្នំពេញៈ បើទោះបីជាក្រុម​អត្ត​ព​លិ​ក ជិះសេះ​កម្ពុជា ធ្លាប់​ឈ្នះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម កាល​ឆ្នាំ ​២០១៧ ប៉ុន្តែ​ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ លោកស្រី ទេព ម៉ូ​ណា មាន​ជំនឿ​ចិត្ត​ថា ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ជា​ប្រវត្តិសាស្ត្រនៅ​កម្ពុជា ឆ្នាំ ​២០២៣ ខាងមុខនេះ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​អាច​ដណ្តើមបាន​មេដាយមាស ក្នុង​កម្រិត​ខ្ពស់ជាង​បណ្តា​ប្រទេស​ជា​ភ្ញៀវនៅលើ​ប្រភេទ​កីឡា​ជិះសេះ​នេះ​។​

​លោកស្រី ទេព ម៉ូ​ណា បាន​ថ្លែងថា​៖ «​ការហ្វឹកហាត់ និង​ការរៀបចំ​ឱ្យមាន​ការ​​ប្រកួត​ជា​បន្តបន្ទាប់​នេះ យើង​សង្ឃឹមថា យើង​នឹងមាន​លទ្ធ​ភាពល្អ ក្នុងការ​ប្រកួត ហើយ​ចំពោះ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​ហ្នឹង យើង​ត្រៀម​ឆ្ពោះ​ទៅយក​មេដាយមាស ព្រោះ​យើង​មានឱកាស​ល្អ​ណាស់ សម្រាប់​ប្រទេស​កម្ពុជា និង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​របស់​យើង ហើយ​យើង​សង្ឃឹមថា យើង​នឹង​ដណ្តើម​ឱ្យបាន​មេដាយមាស​ខ្ពស់​ជាងគេ គឺ​ពិតប្រាកដ​ហើយ​»​។​

​ការបង្ហាញ​ពី​ទំនុកចិត្ត និង​ការដាក់​គោលដៅ ឆ្ពោះទៅរក​ការ​ឈ្នះ​បាន​មេដាយមាសជា​ប្រវត្តិសាស្ត្ររបស់​ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​រូបនេះ ត្រូវបាន​ធ្វើឡើង នៅក្រោយ​ការ​ប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ ឆ្នាំ​ ២០២២ នៅ​ក្លិប​កីឡា Cambodian Country Club កាលពី​ថ្ងៃអាទិត្យ ដោយ​សហព័ន្ធបានកំណត់​ធ្វើ​នៅ​រៀងរាល់​ ៦​ សប្តាហ៍​ម្តង ដើម្បី​ផ្តល់ឱ្យ​ក្រុម​ក្រុម​ជម្រើសជាតិ បាន​ប្រកួត​គ្នាដើម្បី​ពង្រឹងសមត្ថភាព ធ្វើឱ្យ​មានការ​ស៊ីចង្វាក់​គ្នា ទាំង​ការ​លោត និង​អារម្មណ៍​រវាង​សេះ និង​អ្នកជិះ​។​


លោកស្រី ទេព ម៉ូណា ពេលថ្លែង នៅក្នុងពិធី​បិទ​ការប្រកួត ពីថ្ងៃអាទិត្យ។ រូប CAMSOC

​លោកស្រី ទេព ម៉ូ​ណា បាន​បន្ថែមថា​៖ «​ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ​នេះ យើង​បាន​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​សេះ និង​អត្ត​ព​លិ​ក​របស់​យើង ដោយ​សង្ឃឹមថា ទៅមុខទៀត នឹង​អាចមាន​ភាពប្រសើរឡើង ដ្បិតអី​យើង​ពង្រឹង​ទាំង​ទៅលើ​លទ្ធភាព​របស់​សេះ​របស់​យើង ព្រោះ​កីឡា​នេះ មិនមែនជា​កីឡា​ធម្មតា​ទេ តែ​វា​ជា​កីឡាដែល​យើង​ត្រូវ​ហ្វឹកហាត់​ទាំង​ជាមួយ​សេះ និង​កីឡាករ កីឡាការិនី ដោយ​យើង​ត្រូវ​ពង្រឹង​ទាំង​​សងខាងឱ្យ​មានការ​ស៊ីចង្វាក់​គ្នា ដើម្បីឱ្យ​គាត់​លោត​បាន​ខ្ពស់ មាន​ភាពរលូន និង​មិន​លោត​ប៉ះ​របារ​ឧបសគ្គ​»​។​


​តាម​ប្រធាន​សហព័ន្ធ​រូបនេះ ឱ្យដឹងថា ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ កម្ពុជាក្នុងនាម​ជា​ម្ចាស់ផ្ទះ ត្រូវការ​សេះ​យ៉ាង​​តិច​ ២៥​ ក្បាល ដើម្បី​ប្រើ​នៅក្នុង​ការប្រកួត​នោះ ហើយ​គិត​មកដល់ពេលនេះ សហព័ន្ធ​​កម្ពុជា​បង្ហាត់​ជិះសេះ បាន​ទិញ​សេះ​ពី​ក្រៅប្រទេស និង​នៅក្នុង​ស្រុក​បាន​ជាង ​១០ ​ក្បាល​ហើយ ហើយ​នៅក្នុង​ចំណោម​សេះ​ទាំងនោះ ក៏មាន​សេះ ដែលមាន​សមត្ថភាព​ខ្ពស់ អាច​លោត​បាន​កម្ពស់ ១,២០ ​ម៉ែត្រ​ផងដែរ​។​

«​គិត​មកដល់ពេលនេះ សេះ​របស់​យើង​មួយចំនួន អាច​លោត​បាន​កម្ពស់​ពី ១,១០ ទៅ ​១,២០ ​ម៉ែត្រ​ទៅហើយ គ្រាន់តែ​យើង​ត្រូវការ​ធ្វើឱ្យ​គាត់​មាន​ភាព​ស្មើ​ដៃ​គ្នា​ជាមួយ​អ្នកជិះ ហើយ​សេះ​ត្រូវមាន​អារម្មណ៍ល្អ និង​យល់ចិត្ត​គ្នា​ជាមួយ​អ្នកជិះ​ទៀត ព្រោះ​យើង​ចង់​លោត​ឱ្យបាន​ល្អ និង​ស្រប​ដៃ​គ្នា សម្រាប់​ការ​​លោត​ទាំង ​១២ ​ឧបសគ្គ​តែម្តង​»​។​

​លោកស្រី ទេព ម៉ូ​ណា បាន​ថ្លែង​ប្រាប់ទៀតថា​៖ «​ការប្រកួត​ស៊ី​ហ្គេមនៅ​ឆ្នាំ ​២០២៣ យើង​កំពុង​សម្លឹង​ដាក់​វិញ្ញាសា​លោត​កម្ពស់ ១,២០ ទៅ​ ១,២៥ ​ម៉ែត្រ ហើយ​យើង​មាន​សេះ ១ ​ទៅ​ ២ ដែល​អាច​ចូលរួម​ប្រកួត​កម្រិត​នេះ​បាន ប៉ុន្តែ​យើង​នៅមាន​ពេលវេលា​ហ្វឹកហាត់​ជាមួយ​ពួកគាត់ ដើម្បី​ឱ្យមាន​ភាព​ស៊ី​​ចង្វាក់​គ្នា​រវាង​សេះ និង​អ្នកជិះ ហើយ​សព្វថ្ងៃនេះ យើង​មាន​គ្រូបង្វឹកនៅក្នុង​ស្រុក និង​គ្រូបង្វឹក​មកពី​ក្រៅប្រទេស មកជួយ​បណ្តុះបណ្តាល​ថែមទៀត​»​។​

​ប្រធាន​សហព័ន្ធ​រូបនេះ បាន​បញ្ជាក់ថា​៖ «​បន្ថែម​លើ​នេះ យើង​បាន​បញ្ជូន​គ្រូ​របស់​យើង ទៅ​បណ្តុះបណ្តាល​ថែម​​ទៀតនៅក្រៅ​ប្រទេស ហើយ​កន្លងមកក្រុម​អត្ត​ព​លិ​ក​របស់​យើង បាន​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ផ្សេងៗ អ៊ីចឹង​នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ ​១៩ បាន​ស្ងប់ស្ងាត់​វិញ សង្ឃឹមថា យើង​នឹង​បាន​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ជា​បន្តទៀត ដូចជា​នៅ​បារាំង និង​ថៃ ជាដើម​»​។​

​លោកស្រី ម៉ូ​ណា បាន​បង្ហើប​ទៀតថា​៖ «​យើង​មាន​ផែនការ ទទួលយក​ប្រទេស នៅក្នុង​តំបន់​អាស៊ាន ដូចជា​ម៉ាឡេស៊ី ថៃ និង​ប្រទេស​មួយចំនួនទៀត មក​ប្រកួត​ជាមួយ​យើង ដោយ​យើង​នឹងធ្វើ​ម្តង​មួយៗ ជាមួយ​ប្រទេស​ទាំងនោះ ដើម្បី​ជា​ការវាស់ស្ទង់ និង​ទទួលបាន​បទ​​ពិសោធ​បន្ថែមទៀត នៅមុន​ពេល​ការ​​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា ឈានចូល​មកដល់​៕