ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង បឺត សង្ឃឹម ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ជាតិ​ថា ទូច រ៉ា​ឆាន់ បាន​អះអាងថា រូបគេ​ពិតជា​មាន​អារម្មណ៍​ភ័យ​ខ្លាំង ទម្រាំ​អាច​យកឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមបាន​មេដាយមាសដំបូង គេ​ឱ្យ​កម្ពុជាក្នុង​ព្រឹត្តិការណ៍ស៊ី​ហ្គេមលើក​ទី​៣១ ឆ្នាំ ២០២១ ដែល​កំពុង​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​


បើទោះបីជា​ការប្រកួត​ផ្តាច់​ព្រ័ត្រ​នៃ​ប្រភេទ​កីឡា​ឃី​ក​បុក​​ស៊ី​ង កាលពី​យប់​ថ្ងៃ​សុក្រ​នោះ បឺត សង្ឃឹម បាន​យកឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​ថៃ Arunno Sivapan ដោយ​ពិន្ទុ​ដាច់ ៣-០ ទាំង ​៣​ ទឹក ប៉ុន្តែ ទូច រ៉ា​ឆាន់ បានបញ្ជាក់​ការប្រកួត ក្នុង​ទម្ងន់​ ៥៧​ គីឡូក្រាម​នេះ​ថា ការប្រកួត​នោះ ពិតជា​មានការ​លំបាក​ខ្លាំង និង​ធ្វើឱ្យ​រូបគេ​មានការ​ភ័យ​មែនទែន​។​

បឺត សង្ឃឹម បាន​និយាយថា​៖ «​ការប្រកួត​នេះ​មានការ​លំបាក​ខ្លាំង ព្រោះ​គាត់​ទាត់​ល្អ​យក​ពិន្ទុ ហើយ​នៅ​ទឹក​ទី​៣ ខ្ញុំ​មានការ​ភ័យ​ខ្លាំង​មែនទែន ដោយសារតែ​ខាង​កម្ពុជា​យើង ឱ្យ​ខ្ញុំ​ចូល​វ៉ៃ​គេ​វិញ ហើយ​នាទី​ក៏​ជិត​អស់​ទៀត​។ យ៉ាងណាក៏ដោយ ចំពោះ​ការ​ឈ្នះ​បាន​មេដាយមាស​ស៊ី​ហ្គេម ជា​លើកដំបូង​នេះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់​ព្រោះ​ខ្ញុំ​មាន​ក្តី​ស្រមៃ​នេះ​តាំងពី​យូរ​មកហើយ​»​។​


ជាមួយ​ការរកឃើញ​ជ័យជម្នះ​ដ៏​ធំក្នុង​ឆាកជីវិតជា​លើកដំបូង​នេះ កីឡាករ​មាន​ប្រភព​ចេញពី​ប្រដាល់​គុន​ខ្មែរ បឺត សង្ឃឹម បានធ្វើការ​តាំងចិត្ត​ថា នឹង​ខំប្រឹងប្រែង​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំង​ថែមទៀត ដើម្បី​អាចឈាន​ទៅ​ដណ្តើមបាន​មេដាយមាសជា​បន្តទៀត ពេល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។ សង្ឃឹម បាន​បញ្ជាក់ថា​៖ «​ទៅ​ថ្ងៃមុខ ខ្ញុំ​សន្យាថា ខ្ញុំ​នឹងធ្វើ​ឱ្យបាន​ល្អ​ជាង​ហ្នឹង​ទៀត ហើយ​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើឱ្យ​បានល្អ ដើម្បី​រក​មេដាយ​ជូន​ជាតិ​របស់​យើង​ជា​បន្តទៀត​»​។​


បន្ថែម​ទៅលើ​ការ​ឈ្នះ​បាន​មេដាយមាស​របស់ ទូច រ៉ា​ឆាន់ នេះ កីឡាករ​ឃី​ក​បុក​ស៊ី​ង​របស់​កម្ពុជា ចំនួន ​៤​ នាក់​ទៀត ក៏​ដណ្តើមបាន​មេដាយ​មក​ជូន​ប្រទេសជាតិជា​លើកដំបូង នៅ​ស៊ី​ហ្គេមលើក​នេះ​ផងដែរ ដោយ​ក្នុងនោះ កាន់ ម៉េង​ហុង បាន​មេដាយប្រាក់ ក្រោយ​ចាញ់​ពិន្ទុ​ថៃ Sungnoi Chaiwat ក្នុង​ទម្ងន់​ ៥៤​ គីឡូក្រាម រីឯ ឈឿង ល្វៃ បាន​មេដាយប្រាក់​ដែរ ព្រោះ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Thongchai Thapphi ក្នុង​ទម្ងន់ ​៧១​ គ​.​ក្រ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សុក្រ នោះ​ដូចគ្នា​។​


ចំណែក​កីឡាករ លន បញ្ញា ក៏បាន​ចាញ់​កីឡាករ​របស់​ម្ចាស់​​ផ្ទះ​វៀតណាម Nguyen The Huong ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ទម្ងន់ ​៦៧​ គីឡូក្រាម និង​បាន​មេដាយប្រាក់​ដូចគ្នា ខណៈ​កីឡាករ​ឃី​ក​បុក​ស៊ី​ង សន រ៉ា​គីម បាន​ត្រឹម​មេដាយ​សំរឹទ្ធ ព្រោះ​បាន​ធ្លាក់ ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Santidongsakun Chaleamlap ក្នុង​វគ្គ​ ១/២​ ផ្តាច់ព្រ័ត្រ​។​

ដោយឡែក​កីឡាករ ផន សុ​ភាន និង​កីឡាករ ជៅ សំរេច បានឈ្នះ​មេដាយ​សំរឹទ្ធ​ ១​ ដែរ ក្នុងការ​ប្រកួត​កីឡា​ទូក​រ៉ូ​អ៊ីង លើ​វិញ្ញាសា​គូ​បុរស M2X កាល​​ពី​ព្រឹក​ថ្ងៃទី​ ១១ ខែ ឧសភា ឆ្នាំ ​២០២២ ហើយ​កាលពី​ថ្ងៃ​សុក្រ កន្លងមកនេះ វីរ​កីឡាករ សុខ ចាន់​មាន និង​វីរ​កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះ​ត្រឹម​ដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​វាយយក​ពិន្ទុ លើ​ប្រភេទ​កីឡា​ប៉េតង់ដូចគ្នា​។ ចំណែក​កីឡាការិនី​ប៉េតង់ នុប ឆ​លីកា និង​កីឡាការិនី ហៀ​ង វិ​ជ្ជ​នី ក៏បាន​បន្ត​ចាញ់​ក្រុមកីឡា​​ការិនី​លេខ ​១ របស់​ម្ចាស់ផ្ទះ​វៀតណាម ដោយ​ពិន្ទុ ១៣-៥ ក្នុង​វគ្គ ​១/២ ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ដោយបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ដែរ​៕

វីដេអូ៖