ភ្នំពេញៈ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បានធ្វើឱ្យ​គ្រប់គ្នា​មើលឃើញថា ពួកគេ​នឹង​អាច​កែប្រែ​កំណត់ត្រា​ចាស់ ដើម្បី​ដើរ​លើ​គន្លង​ផ្លូវក្នុងការ​ឆ្ពោះទៅ​បង្កើតបាន​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ការ​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​


បើទោះបីជា ក្រុម​បាល់ទះ​កម្ពុជា មិន​ធ្លាប់បាន​ឆ្លង​ផុត ក្នុង​វគ្គ​ជម្រុះតាម​ពូ​លនៅ​ស៊ី​ហ្គេម ប៉ុន្តែ​ការ​​បង្ហាញ​សមត្ថភាព​លេង​យ៉ាង​ល្អ ដើម្បី​យកឈ្នះ​ក្រុម​ម្ចាស់​មេដាយ ប្រាក់ ឆ្នាំ ​២០១៩ ហ្វីលីពីន ក្នុងការ​ប្រកួត​បើកឆាក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​លទ្ធផល ៣​ សិត ទល់នឹង ១​ សិត (២៥-២១, ២៤-២៦, ៣០-២៨ និង ២៩-២៧) វា​បាន​ក្លាយជា​លទ្ធផល​ដ៏​ល្អ​បំផុត ដែល​ធ្វើ​អ្នកគាំទ្រ នៅ​កម្ពុជា មានការ​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ក្រុម​បាល់ទះ​កម្ពុជា បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន ដល់ ៣-០ នោះ​។​

សម្រាប់​ការទទួលបាន​ជ័យជម្នះ ជាមួយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នេះ វា​អាច​នឹង​ជួយ​ឱ្យ​ក្រុម​កម្ពុជា បង្កើតបាននូវ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ការទទួលបាន​ឱកាស ឡើងទៅ​វគ្គ​បន្តជា​លើកដំបូង ព្រោះ​បើសិនជា ក្រុម​ហ្វីលីពីន បាន​បន្ត​ចាញ់​ក្រុម​ធ្លាប់​ឈ្នះ​ពាន​ ៨​ សម័យកាល​របស់​ថៃ នា​ការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ប្រចាំ​ពូ​ល ​B នា​រសៀល​ម៉ោង​ ២ ថ្ងៃ​ចន្ទ​នេះ គឺ​ក្រុម​កម្ពុជា នឹង​បាន​ឡើងទៅ​វគ្គ​បន្ត ដោយ​ស្វ័យប្រវត្តិ​តែម្តង បើទោះបីជា ការប្រកួត​លើក​ទី​២​ ចុងក្រោយ ពួកគេបាន​ទៅ​ចាញ់​ក្រុម​ថៃក៏ដោយ​។​


សម្រាប់​ជំនួប នៅថ្ងៃនេះ វា​ក៏​ជាការ​ប្រកួត​សងសឹក​របស់​ក្រុម​ថៃ ទៅលើហ្វីលីពីនផងដែរ ព្រោះ​កាល​ស៊ី​ហ្គេម ឆ្នាំ​ ២០១៩ ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីនបាន​ទម្លាក់​ថៃ ដោយ​ការ​ឈ្នះ ៣-២ នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ក្រុម​ហ្វីលីពីន បាន​ទៅ​ចាញ់​ក្រុម​ម្ចាស់​ជើង​ឯក ​៩​ សម័យកាល ឥណ្ឌូនេស៊ី ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕