ភ្នំពេញៈ ​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា នឹង​ចាប់​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ នៅ​ប្រទេស​​វៀតណាម ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​លើក​នេះ សហព័ន្ធ​កីឡា​​ចំបាប់​កម្ពុជា​បាន​ដាក់​គោល​ដៅ​​ត្រូវ​​ដណ្តើម​​មេដាយ​មាស​ឱ្យ​​បាន​យ៉ាង​ហោច​ណាស់​ចំនួន ២។

ការ​កំណត់​គោលដៅ​មេដាយ​​មាស​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​ក្រោយ​ពី​គ្រូ​ជម្រើស​ជាតិ​​ចំបាប់​បាន​​​មើល​ឃើញ​ពី​ការ​រីក​​ចម្រើន​នៃ​សមត្ថភាព​របស់​​​អត្តពលិក​ម្នាក់ៗ បន្ទាប់​ពី​ពួក​គេ​បាន​ចំណាយ​ពេល​​ហ្វឹកហាត់​រួម​គ្នា​យ៉ាង​សកម្ម អស់​រយៈពេល​ជាច្រើន​ខែ​រួច​មក។

លោក កាង ដែនពិសិដ្ឋ គ្រូ​បង្វឹក​​ជម្រើស​ជាតិ​កីឡា​ចំបាប់​កម្ពុជា បាន​ប្រាប់​ថា៖ «អត្តពលិក​ចំបាប់​របស់​​យើង​បាន​​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ក្រោយ​ពី​ការ​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុកីឡដ្ឋាន​​មរតកតេជោ អស់​រយៈពេល​ ៥ ​ខែ​ ហើយ​ខ្ញុំ​រំពឹង​ទុក​ថា កីឡាករ និង​កីឡាការិនី​របស់​យើង នឹង​ប្រឹង​ឱ្យ​​អស់​​ពី​សមត្ថភាព​ ដោយ​​សហព័ន្ធ​បាន​​ដាក់​គោល​​ដៅ​លើ​ការ​ដណ្តើម​ឱ្យ​​បាន​មេដាស​មាស​ ២ ទាំង​​លើ​​វិញ្ញា​សា​ចំបាប់​សេរី និង​ចំបាប់​ក្រិចកូរ៉ូម៉ាំង»។


ការ​លើក​ឡើង​ដោយ​ភាព​​ជឿជាក់​របស់​គ្រូ​បង្វឹក​​រូប​នេះ ដោយសារ​តែ​សហព័ន្ធ​បាន​ជួល​​គ្រូបង្វឹក​សញ្ជាតិ​អ៊ីរ៉ង់​លោក Komeil Ghasemi ដែល​ជា​អតីត​​ម្ចាស់​មេដាយ​មាស​អូឡាំពិក ឱ្យ​មក​ជួយ​បង្វឹក និង​ពង្រឹង​សមត្ថភាព​ដល់​​​​ក្រុម​​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ ដើម្បី​បន្ថែម​​​លើ​​គ្រូ​បង្វឹក​ដែល​មាន​ស្រាប់​​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ ​កីឡាករ​ចំបាប់ សឿន សុភាស់, ជូន ធួន, អុល សៅហ៊ាង, ហេង វុទ្ធី, កែវ សុភ័ក្ត និង​កីឡាករ ងួន មករា ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​​​បោះ​ជំរំ​ហ្វឹកហាត់​​​ជាង​ ២ ខែ ​​នៅ​ប្រទេស​អ៊ីរ៉ង់ ជាមួយ​នឹង​​លោក Ghasemi គឺ​ចាប់​​ពី​ថ្ងៃទី​ ១១​ ខែ​កុម្ភៈ ដល់​ទី​ ២១ ខែ មេសា ឆ្នាំ​ ២០២២​ ផង​ដែរ។


បន្ថែម​លើ​នេះ កីឡាករ​ អេង ផានិត និង យុន ប៊ុនណា ក៏​ត្រូវ​បាន​បញ្ជូន​​ឱ្យ​​ទៅ​ហ្វឹកហាត់​បន្ថែម​ជាមួយ​គ្រូបង្វឹក​កូរ៉េ ​លោក Kim Soogil នៅ​សាធារណរដ្ឋ​កូរ៉េ​ដែរ ដើម្បី​ផ្តោត​លើ​វិញ្ញា​សម័យ​ក្រិចកូរ៉ូម៉ាំង សម្រាប់​រយៈពេល​ ១ ​ខែ និង​ ១៥ ​​ថ្ងៃ ចំណែក​បេក្ខភាព​ចំនួន​ ៦ នាក់​ទៀត រួម​មាន​កីឡាករ ម៉ូ សារី, ស៊ូ បាលី, ឌន សៅ កីឡាការិនី ឌិត សំណាង, សម្បត្តិ វណ្ណៈ, សឿន នឿន, អ៊ំ ជីអ៊ុន និង​កីឡាការិនី ជា កញ្ញា ក៏​បាន​ហ្វឹកហាត់​ត្រៀម​បាន​ខ្លាំង​ដូចគ្នា។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ​ស៊ីហ្គេម​ថ្ងៃ​អង្គារ​នេះ កីឡាករ​ចំបាប់​កម្ពុជា​ចំនួន ៥ នាក់ ត្រូវ​ប្រកួត​រក​មេដាយ​នៅ​លើ​វិញ្ញាសា​ក្រិចកូរ៉ូម៉ាំង ទៅ​តាម​ប្រភេទ​​​ទម្ងន់​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ក្នុង​នោះ អតីត​ម្ចាស់​មេដាយ​មាស​ ៣ សម័យកាល ឌន សៅ ត្រូវ​ប្រកួត​ទម្ងន់​ ៩៧ ​គីឡូក្រាម រីឯ កែវ សុភ័ក្ត ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៨៧ ​គីឡូក្រាម ហើយ ងួន មករា ប្រកួត​ទម្ងន់​ ៧៧ ​គីឡូក្រាម រីឯ អេង ផានិត ប្រកួត​ទម្ងន់ ​៦៧ ​គីឡូក្រាម និង​កីឡាករ យុន ប៊ុនណា ប្រកួត​ទម្ងន់​ ៦០ ​គីឡូក្រាម។ ចំណែក​អត្តពលិក​ ១១ ​នាក់​ទៀត នឹង​ត្រូវ​ប្រកួត​ចំបាប់​សេរី ទៅ​តាម​ប្រភេទ​ទម្ងន់​របស់​ពួក​គេ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍៕