ភ្នំពេញៈ ​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា អាយុ​ក្រោម​ ២៣ ​ឆ្នាំ បាន​ត្រឹម​បំភ័យ​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ ដែល​កំពុង​ដំណើរការ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម គឺ​មុន​ពេល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ពិសេស ត្រឡប់​មក​មាតុ​ប្រទេស​វិញ កាល​ពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ។


តាមរយៈ​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ កាល​ពី​ល្ងាច​​ថ្ងៃ​ចន្ទ​នោះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​វីរបាល់ទាត់​ជប៉ុន លោក Keisuke Honda ​មិន​បាន​ប្រើ​អារម្មណ៍​តូចចិត្ត ចំពោះ​ការ​ធ្លាក់​ពី​ការ​ប្រកួត​នេះ ដើម្បី​ប្រកួត​បង្រ្គប់​កិច្ច​ជាមួយ​ក្រុម​ម៉ាឡេស៊ី​នោះ​ទេ គឺ​ក្រុម​ដ៏​កម្សត់​នេះ បាន​ប្រឹងប្រែង​លេង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ពង្រឹង​សមត្ថភាព​​ខ្លួន​ឯង​បន្ថែម​ទៀត។

ជាមួយ​ការ​ព្យាយាម​លេង​វាយ​បក ដោយ​ភាព​ប្រាកដប្រជា​នោះ ក្រុម​កម្ពុជា​បាន​ទទួល​ឱកាស​​ដ៏​ពិសេស​មួយ​ នៅ​ពេល​ខ្សែ​ការពារ​របស់​ក្រុម​ម៉ាឡេស៊ី Zikri Khalili បាន​យក​ដៃ​ទៅ​ប៉ះបាល់​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ខ្សែ​ការពារ ជួន ចាន់ចាវ ជា​អ្នក​ស៊ុតបាល់​ពិន័យ​ ១១ ​ម៉ែត្រ​នោះ បាន​សម្រេច​ដើម្បី​ជួយ​ឱ្យ​ក្រុម​កម្ពុជា ១-០ នាំ​មុខ​នៅនាទីទី​៤៥។


ជាមួយ​ការ​នាំ​មុខ​​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ម៉ាឡេស៊ី ដែល​ត្រូវ​ការ​ឈ្នះ​ជា​ដាច់ខាត ដើម្បី​ទទួល​បាន​លេខ​ ១ ពី​ការ​ប្រជែង ​ដោយ​ប្រយោល​ជាមួយ​ក្រុម​ថៃ​នោះ បាន​ផ្លាស់ប្តូរ​សមាសភាព​នៅ​តំបន់​ប្រយុទ្ធ​​មួយ​ចំនួន ដើម្បី​វាយ​បក​រក​គ្រាប់​បាល់​មក​វិញ ហើយ​ភាព​សប្បាយ​រីករាយ​ពិត​ជា​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គេ​មែន នៅ​ពេល​ក្រុម​នេះ បាន​ទទួល​បាល់ពិន័យ ​១១ ​ម៉ែត្រ​​វិញ ហើយ​ខ្សែ​ប្រយុទ្ធ Muhammad Hadi Fayyadh ជា​​អ្នក​ស៊ុត​បាន​សម្រេច​នៅ​នាទីទី​៥១។


យ៉ាង​ណា​ក៏​ដោយ ការ​ព្យា​យាម​​វាយ​បក​របស់​កម្ពុជា​បាន​បង្កើត​ឱកាស​មាស សម្រាប់​ខ្សែ​ប្រយុទ្ធ ណារ៉ុង កក្កដា ដោយ​រូប​គេ​​អាច​ប្រើ​ដើម​ទ្រូង​ដក់​យក​បាល់​ពី​ការ​លើក​ឱ្យ​របស់​មិត្ត​រួម​ក្រុម​យ៉ាង​ល្អ រួច កក្កដា បាន​ស៊ុត​បាល់​នោះ ផុត​ដៃ​អ្នកចាំ​ទី​របស់​ក្រុម​ម៉ាឡេស៊ី បញ្ចូលទី​បាន​យ៉ាង​ល្អ​បំផុត​នៅ​នាទីទី​​៦២។


គ្រាប់​បាល់​ទី​២ ​របស់​ក្រុម​កម្ពុជា​នេះ បាន​ដាក់​សម្ពាធ​ក្រុម​ម៉ាឡេស៊ី​ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ​ត្រឹម​រយៈពេល​ ៦ នាទី​នៃ​ការ​រក​បាន​គ្រាប់​បាល់​របស់

ណារ៉ុង កក្កដា នេះ គឺ​ខ្សែ​ប្រយុទ្ធ Muhammad Hadi Fayyadh បាន​ពាំង​យក​បាល់​ពី​ការ​​ចេញ​មក​​បិទ​របស់ ជួន ចាន់ចាវ រួច​ស៊ុតបាល់​នោះ បញ្ចូល​ទី​យ៉ាង​ស្អាត​បំផុត ដើម្បី​​ជួយ​ឱ្យ​ក្រុម​ម៉ាឡេស៊ី​តាម​ស្មើ ២-២ វិញ​នៅនាទីទី​​៦៧ ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ចុង​ក្រោយ​ នា​ជំនួប​នេះ​ផង​ដែរ ព្រោះ​ការ​ព្យាយាម​វាយ​បក​សង​គ្នា​ទៅវិញ​ទៅ​មក​​របស់​​ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី សម្រាប់​នាទី​ដែល​នៅ​សល់ គឺ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​ឡើយ។

ជាមួយ​ការ​ចែក​គ្នា​ម្នាក់ ១ ​ពិន្ទុ នេះ ក្រុម​ម៉ាឡេស៊ី​​នឹង​ត្រូវ​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ តំណាង​ឱ្យ​ពូល B នេះ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ ជាមួយ​ការ​ឈ្នះ​ ២ និង​ស្មើ​ ២ ​ប្រកួត ប៉ុន្តែ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដែល​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ ​៤ ​លើក ដោយ​ឈ្នះ​ ១ ស្មើ ១ និង​ចាញ់​ ២ ប្រកួត​នោះ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ស៊ីហ្គេម​​នេះ​ហើយ ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​យប់​ថ្ងៃ​ចន្ទ នោះ​តែ​ម្តង៕