ភ្នំពេញៈ ​ក្រុម​បាល់ទះ​​ជម្រើស​​ជាតិ​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន តាមរយៈ​ការ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ និង​ឈាន​ទៅ​ប្រកួត​​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជាលើក​ដំបូង​ ​ហើយ​ការ​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត ចំពោះ​ការ​រង់ចាំ​តាំង​ពី​ឆ្នាំ​ ១៩៨៣ មក​នេះ គឺ​បន្ទាប់​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ថៃ បាន​រួម​ចំណែក​ទម្លាក់​ក្រុម​​ហ្វីលីពីន ក្នុង​ការ​ប្រកួត​ពូល B កាល​ពី​ថ្ងៃ​ចន្ទ។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មើល​ឃើញ​ថា ពួក​គេ​អាច​កែប្រែ​កំណត់ត្រា​ចាស់ ដើម្បី​ដើរ​លើ​គន្លង​ផ្លូវ​ក្នុង​ការ​ឆ្ពោះ​ទៅ​បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​នេះ កាល​ពី​ថ្ងៃ​ ១៥ ខែ​ឧសភា ក្រោយ​ពី​​ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុង​ការ​ប្រកួត​បើក​ឆាក​​ប្រចាំ​​ពូល B នេះ កាល​ពី​ថ្ងៃ​សៅរ៍​។

បើ​ទោះបី​ជា​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក​រង​ហ្វីលីពីន ៣-១ ជាមួយ​ពិន្ទុ ២៥-២១, ២៤-២៦, ៣០-២៨ និង ២៩-២៧ កាល​ពី​ថ្ងៃ​សៅរ៍ ​វា​នៅ​បន្សល់​ភាព​ស្រពេចស្រពិល​ខ្លះៗ​ចំពោះ​​​ការ​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​របស់​ក្រុម​បាល់​ទះ​កម្ពុជា ប៉ុន្តែ​ការ​ឈ្នះ​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​​នេះ ​គឺ​មាន​ភាព​​ច្បាស់លាស់ ក្រោយ​ពី​ក្រុម​ម្ចាស់​ជើងឯក​ ៨ ​សម័យ​កាល​របស់​​ថៃ ​បាន​​យក​ឈ្នះ ៣-០ (២៥-២០, ២៩-២៧ និង២៥-២២) កាល​ពី​ថ្ងៃ​ចន្ទ ព្រោះ​​លទ្ធផល​នេះ ធ្វើ​ឱ្យ​​ក្រុម​ហ្វីលីពីន ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ក្នុង​ពូល B ដែល​មាន​តែ​ ៣ ក្រុម​នេះ​ហើយ។


ក្រោយ​ពី​​ក្រុម​កម្ពុជា​បាន​ឈ្នះ​កៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​នេះ លោក​បណ្ឌិត អាំង ​សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «នេះ​​ជា​ប្រវត្តិសាស្ត្រ​មួយ​​ និង​​ជា​ការ​បំបែក​កំណត់ត្រា​ថ្មី​មួយ​ក្នុង​អំឡុង​ពេល​ដែល​យើង​​មាន​ក្រុម​បាល់​ទះ ​ចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ក្នុង​រយៈពេល​ ៣៩ ​ឆ្នាំ​មក​នេះ»។

អគ្គលេខាធិការ​រូប​នេះ​ បាន​​បន្ថែម​​ថា៖ «រយៈពេល​ ២ ទៅ​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​បាល់ទះ​​កម្ពុជា​​របស់​យើង​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​​កត់​សម្គាល់ ក្រោយ​ពី​យើង​បាន​ផ្តោត​លើ​ការ​ហ្វឹកហាត់​ជា​ប្រចាំ ហើយ​យើង​បាន​បោះ​ជំរំ​ហ្វឹកហាត់​រួម​គ្នា​រយៈពេល​ ២ ​ឆ្នាំ​ពេញ មុន​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​​។ ខ្ញុំ​គិត​ថា ប្រទេស​​​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​បារម្ភ​ជាមួយ​នឹង​គុណ​ផល​របស់​កីឡាករ​បាល់ទះ​​កម្ពុជា​យើង ក្រោយ​ពី​យើង​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​​មេដាយ​ប្រាក់​ហ្វីលីពីន កាល​ពី​ថ្ងៃ​បើក​ឆាក។


បើ​ទោះបី​ជា​ការ​ប្រកួត​នេះ ក្រុម​កម្ពុជា​អាច​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើងឯក​ ៩ សម័យ​កាល របស់​ឥណ្ឌូនេស៊ី​ដែល​កំពុង​គ្រប់គ្រង​ទីតាំង​លេខ ​១ នៅ​ពូល​ A ដោយ​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ៣-០ និង​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ៣-១ នៅ​មុន​ពេល​ពួក​គេ​ត្រូវ​ប្រកួត​លើក​ចុង​ក្រោយ ជា​មួយ​ក្រុម​ចាញ់​ទាំង​ ២ លើក ​របស់​​ម៉ាឡេស៊ី​នៅ​រសៀល​ម៉ោង​ ២ ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​លោក អាំង ​សិរីពិសិដ្ឋ បាន​អះអាង​ថា ការ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​នេះ យើង​ទៅ​ដណ្តើម​យក​មេដាយ។

មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​រូប​នេះ បាន​បញ្ជាក់​ថា៖ «សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ រូប​ខ្ញុំ​ក្តី​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​បាល់​ទះ​ក្តី រួម​ទាំង​កីឡាករ​ទាំង​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់ មាន​ការ​​ប្តេជ្ញា​ចិត្ត​ថា យើង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ទៅ​ដណ្តើម​យក​មេដាយ មិនមែន​ទៅ​យក​បទពិសោធ​ឡើយ ព្រោះ​យើង​ឆ្អែត​ជាមួយ​នឹង​បទពិសោធ​ហើយ​ អ៊ីចឹង​នៅ​ឆ្នាំ​នេះ យើង​ត្រូវ​តែ​ស្វែងរក​មេដាយ​ឱ្យ​​បាន​ ហើយ​នេះ​គឺ​ជា​គោលដៅ​របស់​យើង​»​៕