ភ្នំពេញ: លោក នេត សាវឿន នាយឧត្តមសេនីយ៍នៃអគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលក្រុមកីឡាករបាល់ទះលើក្តារជម្រើសជាតិកម្ពុជាសម្រេចបាន ក្រោយពីពួកគេបានឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រ និងជាលើកដំបូង បើគិតចាប់តាំងពី ១៩៨៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីថ្ងៃសៅរ៍ ទី ២១ ខែឧសភា កន្លងទៅ។
ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ កាលពីថ្ងៃសៅរ៍ ក្រុមបាល់ទះកម្ពុជាបានបង្កើតការភ្ញាក់ផ្អើល និងបំពេញការសងសឹករបស់ពួកគេលើក្រុមជម្រើសជាតិថៃ តាមរយៈការយកឈ្នះលើក្រុមម្ចាស់មេដាយមាស ៨ សម័យកាលមួយនេះ ក្នុងលទ្ធផល ៣ សិត ទល់នឹង ២ សិត (២៥-២៣, ២២-២៥, ២៥-២២, ១៣-២៥ និង ១៥-១៣) ដើម្បីឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងរយៈពេល ៣៩ ឆ្នាំ។
ក្រោយពីបាល់ទះកម្ពុជា បានឈ្នះមេដាយជាប្រវត្តិសាស្ត្ររបស់ខ្លួន លោក នេត សាវឿន បានសរសេរសារសាទរនៅលើគណនី Facebook របស់លោកថា៖ «ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្ររបស់ក្រុមកីឡាករបាល់ទះកម្ពុជាយើងដែលបានទទួលមេដាយសំរឹទ្ធក្នុងការប្រកួត SEA Games»។
លោកបានបន្ថែមទៀតថា៖ «នេះគឺជាមោទនភាពជាតិដ៏ធំធេង ក្នុងវិស័យកីឡាបាល់ទះរបស់យើង ដែលបានមកពីការខិតខំប្រឹងប្រែងរបស់កីឡាករកម្ពុជាយើង ដែលខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះ កីឡាករទាំងអស់រួមទាំងគ្រូបង្វឹក អាជ្ញាកណ្តាល ជំនួយការ និងប្រតិភូកីឡាករបាល់ទះកម្ពុជាយើងទាំងអស់ ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ»។
លទ្ធផលនេះ ក៏ជាការបំពេញការសងសឹករបស់កម្ពុជាលើក្រុមជម្រើសជាតិថៃផងដែរ ក្រោយពីពួកគេបានខ្ជះខ្ជាយការនាំមុខក្នុងលទ្ធផល ២ សិត ទល់នឹង ០ មុននឹងចាញ់ក្នុងលទ្ធផល ៣ សិត ទល់នឹង ២ សិត ក្នុងពេលក្រុមទាំង ២ បានជួបគ្នាក្នុងពូល B នៃការប្រកួតបាល់ទាត់ទះ ផ្នែកបុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ជាមួយគ្នានេះ លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានចូលរួមសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់កីឡាករបាល់ទះកម្ពុជាផងដែរ ដោយលោកបានសរសេរលើគណនី Facebook របស់លោកថា៖ «ទោះបីមិនទទួលបានមេដាយមាស ក៏ពិតមែន ប៉ុន្តែនេះជាមោទនភាពដ៏អស្ចារ្យមួយរបស់ក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិបុរសរបស់កម្ពុជា ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកួតយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ពិភពលោកជាពិសេស»។
ដោយឡែក ក្រុមកីឡាករហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រជូនជាតិជាលើកដំបូង ក្នុងរយៈពេល ៤៩ ឆ្នាំផងដែរ កាលពីថ្ងៃសៅរ៍ ដដែលនោះ ក្រោយពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ លើវិញ្ញាសា ហែលបណ្តាក់ ៤x២០០ ម៉ែត្រ (surface) នៃការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងហាណូយ។
នៅមុនពេលការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី ២៣ ខែឧសភា គិតត្រឹមល្ងាចម្សិលមិញ កម្ពុជាបានឈ្នះមេដាយមាសសរុប ៨ ប្រាក់ ១២ និងសំរឹទ្ធ ៣៩៕