ភ្នំពេញៈ ​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង ប៉ោ ភារិទ្ធ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ប្រយុទ្ធ​វ៉ៃ​ក្បាច់ យ៉េន ឌីណា នោះ បាន​ក្លាយ​ជា​បេក្ខភាព​តែ​ម្នាក់​គត់ ដែល​ដណ្តើម​បាន​មេដាយ​មាស លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ ខណៈ​បេក្ខភាព​ ៦ នាក់​ទៀត បាន​​មេដាយ​​សំរឹទ្ធ ប៉ុន្តែ​​ ៣ នាក់​ទៀត បាន​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ ៨ នាក់​ដំបូង​ដូច​គ្នា។

យ៉ាងណា​ក៏​ដោយ នៅ​មុន​ការ​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ទើប​បាន​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ កាល​ពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ យ៉េន ឌីណា បាន​សារភាព​ថា រូប​គេ​មិន​គិត​ថា អាច​​ដណ្តើម​បាន​មេដាយ​មាស​​បែប​នេះ​ទេ ព្រោះ​ការ​ប្រកួត​នៅ​វគ្គ ១/២ ​ផ្តាច់ព្រ័ត្រ យ៉េន ឌីណា ត្រូវ​បាន​កីឡាករ​ថៃ Norapat Khundam​ ទាត់​ឱ្យ​អាជ្ញា​កណ្តាល​រាប់​តាំង​ពី​ដើម​ទឹក​ទី​ ១ ប៉ុន្តែ ឌីណា បាន​ព្យាយាម​វ៉ៃ​យក​ប្រៀប​វិញ ដើម្បី​ទទួល​បាន​ជ័យជម្នះ ទាំង​ ៣ ​ទឹក ដ៏​គួរ​ឱ្យ​រំភើប​បំផុត។

នៅ​ក្រោយ​ការ​យក​ឈ្នះ​លើ​កីឡាករ​ថៃ ក្នុង​ការ​​ប្រកួត​ទម្ងន់​ ៦៣,៥ ​ក្រាម​នេះ យ៉េន ឌីណា បាន​ជួប​នូវ​ក្តី​បារម្ភ និង​ភ័យ​ព្រួយ​នៅ​ពេល​ដឹង​ថា រូប​គេ​ត្រូវ​ឡើង​ទៅ​ជួប​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ Cao Minh Phat Truong នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ ព្រោះ​រូប​គេ ខ្លាច​ចៅក្រម​ផ្តល់​ពិន្ទុ​​លម្អៀង ដែល​បញ្ហា​នេះ ក្រុម​អត្តពលិក​កម្ពុជា​ផ្សេង​ទៀត ធ្លាប់​បាន​ជួប​ប្រទះ​​រួច​មក​​ហើយ។ តែ​ទោះបី​ជា​យ៉ាង​ណា យ៉េន ឌីណា ពិត​ជា​​ធ្វើ​បាន​យ៉ាង​ល្អ ដើម្បី​យក​ឈ្នះ​​កីឡាករ​​របស់​វៀតណាម​ម្នាក់​នេះ ដោយ​ពិន្ទុ​​ទាំង​ ៣ ​ទឹក។


យ៉េន ឌីណា បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ ​«ការ​ឈ្នះ​បាន​មេដាយ​មាស​នេះ ខ្ញុំ​ពិត​ជា​រំភើប និង​សប្បាយ​​រីករាយ រក​ពាក្យ​ថ្លែង​មិន​ត្រូវ​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​​ឆ្លង​បាន​ទៅ​ដណ្តើម​យក​មេដាយ​មាស​នេះ​​ទេ ព្រោះ​ខ្ញុំ​ប៉ះ​​សុទ្ធ​តែ​កីឡាករ​ល្អៗ គឺ​ទី​១ ជួប​កីឡាករ​ថៃ ដែល​បាន​ទាត់​ខ្ញុំ​ចូល​កញ្ចឹង​ក បណ្តាល​ឱ្យ​អាជ្ញា​កណ្តាល​រាប់ និងទី​២ ប៉ះ​​កីឡាករ​វៀតណាម ដែល​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ថា ខ្លាច​គេ​មិន​ឱ្យ​ពិន្ទុ​យើង»។

កីឡាករ​កម្ពុជា​រូប​នេះ បាន​បន្ថែម​ថា៖ «នៅ​ពេល​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​ម្ចាស់​ផ្ទះ​វៀតណាម ខ្ញុំ​មិន​រំពឹង​ច្រើន​នោះ​ទេ ព្រោះ​ខ្លាច​វ៉ៃ​​ត្រូវ​គេ​ហើយ គេ​មិន​ផ្តល់​ពិន្ទុ​ឱ្យ​យើង។ តែ​ទោះបី​ជា​យ៉ាង​ណា នៅ​ពេល​បងប្អូន​ដែល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ជាមួយ​គ្នា បាន​បង្ហាញ​​មេដៃ​​ប្រាប់​ថា ខ្ញុំ​បាន​ឈ្នះ​ ១​ ទឹក​ហើយ​នោះ គឺ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត និង​ខំ​ប្រឹង​កាន់​តែ​ខ្លាំង ហើយ​ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ចិត្ត នៅ​ពេល​ឃើញ​ថ្នាក់​ដឹកនាំ​របស់​យើង​បាន​មក​លើក​ទឹក​​ចិត្ត​ដោយ​ផ្ទាល់»។


សម្រាប់​ការ​ឈ្នះ​បាន​មេដាយ​មាស​នេះ យ៉េន ឌីណា ក៏​បាន​នឹក​ឃើញ​ដល់​គុណឪពុក​ម្តាយ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា៖ «គ្រប់​ការ​ប្រកួត​ទាំង​អស់ ខ្ញុំ​តែង​នឹក​ដល់​គុណ​ប៉ាម៉ាក់​របស់​ខ្ញុំ ដោយ​ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា ប៉ាម៉ាក់​ជួយ​ដល់​កូន​ឱ្យ​ទទួល​បាន​ជ័យជម្នះ​ផង ហើយ​តាមរយៈ​ការ​ឈ្នះ​មេដាយ​មាស​លើក​នេះ ខ្ញុំ​នឹង​ខំ​ប្រឹង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង​ជាង​ហ្នឹង​ទៀត ព្រោះ​ការ​ចូលរួម​ស៊ីហ្គេម​ជា​លើក​ដំបូង​នេះ ខ្ញុំ​រាង​​អស់​ដែរ សម្រាប់​ការ​ប្រកួត​ដែល​មាន​ពាក់​កែង និង​ពាក់​មួក​ការពារ​មុខ​បែប​នេះ»។

ផ្ទុយ​ពី​នេះ ​កីឡាករ សុខ រិទ្ធ, វ៉ាន់ វឿន និង​កីឡាការិនី ឆា ចាន់ដេង សុទ្ធ​តែ​ត្រូវ​បាន​ទម្លាក់​ដោយ​កីឡាករ​វៀតណាម និង​កីឡាការិនី​របស់​ថៃ នៅ​វគ្គ​ជម្រុះ​ដំបូង​ដូចគ្នា។ ចំណែក ឃុន បូរ៉ា ដែល​បាន​ឈ្នះ​កីឡាករ​​​ម៉ាឡេស៊ី​ក្នុង​វគ្គ​ជម្រុះ​នោះ បាន​ទៅ​ចាញ់​កីឡាករ​ថៃ​ត្រឹម​ទឹក​ទី​២ នៅ​វគ្គ​ ១/២ ផ្តាច់ព្រ័ត្រ និង​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ រីឯ​កីឡាការិនី​ប្រដាល់​គុនខ្មែរ​ វី ស្រីឆាយ, សំ សំណាង, ម៉ឺយ ស៊ីង និង ទួន ស្រីភីន និង​កីឡាករ​ ព្រំ សំណាង ដែល​បាន​​​ចាប់​ឆ្នោត​ឡើង​ទៅ​វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​នោះ សុទ្ធ​តែ​បាន​ចាញ់​ក្នុង​វគ្គ​នេះ​ដូចគ្នា ដោយ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​រៀងៗ​ខ្លួន៕