ភ្នំពេញៈ ក្រុមអត្តពលិកកម្ពុជា បានបំបែកកំណត់ត្រាលើចំនួនមេដាយសរុបក្នុងកីឡាស៊ីហ្គេម ក្រោយពីពួកគេបានឈ្នះមេដាយមាសរហូតដល់ ៩ មេដាយប្រាក់ចំនួន ១៣ និងសំរឹទ្ធ ៤១ ពីការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់រយៈពេល ២ ឆ្នាំម្តង លើកទី៣១ នេះ ដែលទើបតែត្រូវបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជននៅភ្នំពេញ ក៏ដូចជាទូទាំងប្រទេស ចូលស្វាគមន៍ និងអបអរសាទរការមកដល់របស់ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលបានឈ្នះមេដាយក្នុងស៊ីហ្គេម នៅទីក្រុងហាណូយ ក៏ដូចចូលរួមក្នុងការដង្ហែទង់ស៊ីហ្គេមនៅថ្ងៃអង្គារនេះ។ ក្បួនដង្ហែតាមរថយន្តនេះ នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់វិមានឯករាជ្យ មុននឹងដង្ហែត្រឡប់ទៅកាន់ទីស្នាក់ការ NOCC វិញ ដោយការដង្ហែក្បួននេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥:៣០ ល្ងាច។
ជាមួយគ្នានេះ ការឈ្នះមេដាយសរុបចំនួន ៦៣ គឺជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយ បើគិតចាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៦ នៅម៉ាឡេស៊ី ឆ្នាំ ១៩៧១ ដោយកាលនោះ ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុប ៥៣ ក្នុងនោះមាស ១៧ ប្រាក់ ១៨ និងសំរឹទ្ធ ១៨។
លទ្ធផលនេះ ក៏ជាការបំបែកកំណត់ត្រានៃការឈ្នះមេដាយដ៏ច្រើនបំផុត កាលពីឆ្នាំ ២០១៣ ផងដែរ បើគិតចាប់តាំងពីកម្ពុជាបានវិលត្រឡប់ទៅចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមវិញ ក្នុងឆ្នាំ ១៩៨៧ ហើយកាលពីស៊ីហ្គេមឆ្នាំ ២០១៣ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា នោះ ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុប ៤៧ ក្នុងនោះមានមេដាយមាស ៨ ប្រាក់ ១១ និងសំរឹទ្ធ ២៨។
ចំពោះការឈ្នះបានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១ នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «នេះគឺជាការបំបែកឯតទគ្គកម្មក្នុងប្រវត្តិសាស្ត្រ បើគិតចាប់តាំងពីយើងបានចូលរួមប្រកួតកីឡាស៊ីហ្គេមកន្លងមកនេះ ក្រោយពីយើងបានឈ្នះមេដាយសរុបចំនួន ៦៣។ លទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងការរំពឹងទុករបស់យើង និងផែនការយុទ្ធសាស្ត្រនៅមុនពេលការប្រកួតស៊ីហ្គេម នៅវៀតណាមនេះ»។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំស៊ីហ្គេម ឆ្នាំ ២០២៣ ផងនោះ បានបញ្ជាក់ថា លទ្ធផលដែលអត្តពលិកកម្ពុជាទទួលបាននៅប្រទេសវៀតណាមនេះ ក៏ជាទំនោរដ៏ល្អមួយ ក្នុងដំណើរឆ្ពោះទៅដណ្តើមឱ្យបានមេដាយកាន់តែច្រើនក្នុងនាមជាម្ចាស់ផ្ទះ នៅឆ្នាំក្រោយផងដែរ។
ជាមួយគ្នានេះដែរ លោកបានបន្តបន្ថែមថា៖ «យើងបានដាក់ផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងជោគជ័យក្នុងផែនការយុទ្ធសាស្ត្ររបស់យើង ក្នុងដំណើរឆ្ពោះទៅកាន់ការជោគជ័យក្នុងស៊ីហ្គេមនៅកម្ពុជា។ យើងសង្កេតឃើញថា មានប្រភេទកីឡាជាច្រើន ដែលបានឈ្នះមេដាយ។ យើងបានឈ្នះមេដាយលើប្រភេទកីឡា ១៥ ក្នុងចំណោមប្រភេទកីឡា ៣៣ ដែលបានចូលរួមប្រកួតក្នុងស៊ីហ្គេមនៅវៀតណាម ដោយសារតែកម្រិតបច្ចេកទេសរបស់យើងកើនឡើង»។
អ្នកជំនាញកីឡារូបនេះ បញ្ជាក់ថា៖ «នេះគឺជាការត្រៀមលក្ខណៈយ៉ាងល្អ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ និងជាទំនោរដ៏ល្អ ក៏ដូចជាភាពវិជ្ជមាន ក្នុងការធ្វើឱ្យកម្រិតបច្ចេកទេសរបស់យើងកាន់តែល្អ និងជោគជ័យមួយកម្រិតទៀត ក្នុងពេលយើងធ្វើជាម្ចាស់ផ្ទះ ហើយលទ្ធផលនេះក៏ជាប្រវត្តិសាស្ត្រមួយផងដែរ»៕
វីដេអូ៖