ភ្នំពេញៈ ក្រុម​ភ្នំពេញក្រោន ពិត​ជា​អាច​បំពេញ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន បន្ទាប់​ពី​ក្រុម​កំពុង​កាន់​ទុក្ខ ចំពោះ​ការ​ទទួល​មរណ​ភាព​របស់​​ប្រធាន​ក្លិប​ លោក​ឧកញ៉ា ឬទ្ធី សំណាង មួយ​នេះ បាន​​រួម​គ្នា​យក​ឈ្នះ​ក្រុម​វិសាខា ២-១ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​ការ​ប្រកួត​ពាន​រង្វាន់​ខេមបូឌាន​លីគខាប់ ឆ្នាំ ២០២២ (Cambodian League Cup) ពី​យប់​ថ្ងៃ​សៅរ៍។


នៅ​មុន​ការ​ទទួល​បាន​ជ័យជម្នះ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ស្មាត​អអេសអិន កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ភាព​ស្រពេច​ស្រពិល​របស់​ក្រុម​ភ្នំពេញក្រោន បាន​កើត​មាន​ឡើង បន្ទាប់​ពី​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​វិសាខា លោក មាស ចាន់ណា បាន​បង្ហាញ​ការ​តាំង​​ចិត្ត​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​យក​ពាន​រង្វាន់ Cambodian League Cup 2022 នេះ ត្រឡប់​ទៅ​កាន់​ក្លិប​នោះ ប៉ុន្តែ​ភាព​រីករាយ​មិន​បាន​កើត​មាន​ឡើង​ចំពោះ​ក្រុម​អ្នក​មាន វិសាខា នោះ​ទេ។

តាមរយៈ​ការ​ប្រកួត​ដ៏​តានតឹង​នោះ ខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា ​បាន​ធ្វើ​ឱ្យ​អ្វីៗ​គ្រប់​យ៉ាង​មាន​ភាព​ប្រសើរ​ខ្លាំង សម្រាប់​ក្រុម​ភ្នំពេញក្រោន នៅ​ពេល​រូប​គេ​បាន​ស៊ុត​បាល់​ពី​ក្រៅ​តំបន់​គំនូស​ស បញ្ចូល​ទី​យ៉ាង​ស្អាត ដើម្បី​បើក​ការ​នាំមុខ ១-០ ​នៅ​ទីទី​៥០ ​នោះ ប៉ុន្តែ​ខ្សែការពារ Khan Mohammed Faeez ​របស់​ក្រុម​វិសាខា បាន​តែត​បញ្ចូល​ទី​ ១ គ្រាប់ តាម​ស្មើ​វិញ​នៅ​នាទីទី​៨៣។


តែ​ទោះបី​ជា​យ៉ាង​ណា កីឡាករ​ជប៉ុន Yudai Ogawa ដែល​ទើប​វិល​មក​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​វិញ បន្ទាប់​ពី​រូប​គេ​ត្រឡប់​មក​ពី​ការ​ព្យាបាល​បញ្ហា​របួស Hernia inguinal (ពោះ​វៀន) នៅ​ស្រុក​កំណើត​នោះ បាន​ស៊ុត​បាល់​ចេញ​ពី​ក្រៅ​តំបន់​គ្រោះ​ថ្នាក់ បញ្ចូល​ទីយ៉ាង​ល្អ នៅ​នាទីទី​៨៧ ដើម្បី​ជួយ​ឱ្យ​ក្រុម​កំពុង​មាន​ទុក្ខ ភ្នំពេញក្រោន ក្លាយ​ជា​ម្ចាស់​ជើងឯក​យ៉ាង​រំភើប​បំផុត។


ក្រុម​គ្រួសារ​បាល់ទាត់​ភ្នំពេញក្រោន និង​អ្នក​គាំទ្រ​មាន​ការ​សប្បាយ​រីករាយ​ខ្លាំង​បំផុត សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​ខេមបូឌាន​លីគខាប់ ឆ្នាំ ២០២២ ដ៏​មាន​ន័យ​មួយ​នេះ ហើយ​ពួក​គេ​បាន​យក​រូប​ថត​លោក​ឧកញ៉ា ឬទ្ធី សំណាង ដែល​ទើប​ទទួល​មរណភាព កាល​ពី​ពេល​ថ្មីៗ​នេះ មក​បង្ហាញ​នៅ​លើ​ទីលាន​ ជាទី​ដែល​ក្រុម​សិង្ហក្រហម បាន​ឧទ្ទិស​ការ​​ឈ្នះ​ពាន​នេះ ​ទៅ​ដល់​​វិញ្ញាណក្ខន្ធ​ប្រធាន​ក្លិប​របស់​ពួក​គេ ដោយ​ក្លិប​មួយ​នេះ បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេច​​ផ្លូវ​ការ​របស់​ក្លិប​ថា «This one is for you, Boss ដែល​មានន័យ​ថា ពាន​រង្វាន់​​នេះ សម្រាប់​អ្នក, លោក​ប្រធាន»​។


ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់ Cambodian League Cup 2022 នេះ លោកស្រី សុក ស៊ីដា ដែល​ជា​ម្តាយ​របស់​លោក​ឧកញ៉ា ឫទ្ធី សំណាង មាន​ថ្លែង​ថា៖ «អរគុណ​សម្រាប់​អ្នក​គាំទ្រ ក្រុម​កីឡាករ និង​ថ្នាក់​ដឹកនាំ​ គ្រូបង្វឹក​ទាំង​អស់ ដែល​បាន​ប្រឹងប្រែង​សម្រាប់​ពាន​រង្វាន់​មួយ​នេះ ហើយ​ខ្ញុំ​ជឿជាក់​ថា កូន​ប្រុស​ខ្ញុំ (លោក​ឧកញ៉ា ឬទ្ធី សំណាង) នឹង​រីករាយ​ជាមួយ​អ្នក​ទាំង​អស់​គ្នា»។

ចំណែក​លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ភ្នំពេញក្រោន បាន​កាន់​ពាន និង​រូបថត​របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង រួច​សរសេរ​​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បី​បញ្ជាក់​ពី​ការ​ចងចាំ​ខ្លួន​ ចំពោះ​លោក ឬទ្ធី សំណាង បែប​នេះ​ថា៖ ​«គ្រប់​ពេលវេលា​មិន​ថា មុន​ប្រកួត ឬ​ចប់​ការ​ប្រកួត មេ តែងតែ call មក ដើម្បី​លើក​ទឹក​ចិត្ត​ថា មើល​ក្រុម​ឱ្យ​បាន​ល្អ លេង​ដោយ​ឆន្ទៈ»។​

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា សុខង៉ន បាន​បន្ថែម​ថា៖ «កូនចៅ​ទាំង​អស់​នឹង​ខិតខំ​ធ្វើ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ នឹក​មេ និង​សំឡេង​មេ លោក​ប្រធាន ឬទ្ធី សំណាង។ ជ័យជម្នះ​មួយ​នេះ សម្រាប់​មេ ហើយ​ភ្នំពេញក្រោន គឺ​យើង​នៅ​ជាមួយ​គ្នា បេះដូង​តែ​មួយ ក្រុម​តែ​មួយ គ្រួសារ​តែ​មួយ»៕