ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) និង​ក្លិប​ប្រដាល់​ឡុងហាយ (LoongHai Fight Club) បាន​ឈាន​ដល់​ការ​ចុះ​កិច្ច​សហប្រត្តិការ​រួម​គ្នា​មួយ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ការ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​វិស័យ​​កីឡា​ប្រពៃណី​ប្រដាល់​គុន​ខ្មែរ ឱ្យ​កាន់​តែ​មាន​សក្តានុពល និង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ពិភព​លោក តាមរយៈ​ការ​ប្រកួត​ឃីក​បុកស៊ីង។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា កាល​ពី​ថ្ងៃទី​ ៣០ ខែ​ឧសភា កន្លង​មក​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ជា​គណៈអធិបតី ក្នុង​កម្ម​វិធី​នោះ បាន​គាំទ្រ​ពេញ​ទំហឹង​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​របស់​ភាគី​ទាំង​ ២ ​នេះ ដោយ​លោក​បាន​ថ្លែង​ថា៖​ «​ខ្ញុំ​ពិត​ជា​គាំទ្រ​ចំពោះ​ភាគី​ទាំង​ ២ ដែល​មាន​ឆន្ទៈ និង​ទស្សន​វិស័យ​រួម​គ្នា ក្នុង​ការ​បង្កើត សម្របសម្រួល និង​ជំរុញ​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន»។

លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា៖​ «តាមរយៈ​មាគា​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន កម្ពុជា​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​គ្រប់​វិស័យ​ពី​មិត្ត​ចិន ពិសេស​នៅ​ចន្លោះ​ពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដោយ​មិត្ត​ចិន បាន​ជួយ​ផ្តល់​ជំនួយ​វ៉ាក់សាំង​យ៉ាង​ច្រើន​មក​កម្ពុជា។ ចំណែក​កិច្ច​សហប្រតិបត្តិការ​នេះ ក្លិប​ប្រដាល់​ឡុងហាយ នឹង​ជួយ​ទំនុក​បម្រុង ស្វែងរក​ដៃគូ និង​​អភិវឌ្ឍ​កីឡា​ប្រយុទ្ធ​របស់​ប្រទេស​ទាំង​ ២ ឱ្យ​ឈាន​ទៅដល់​កម្រិត​អន្តរជាតិ​ថែម​ទៀត»។


ចំណែក​លោក GUO YANG អគ្គនាយក​របស់​ក្លិប​ប្រដាល់​ឡុងហាយ​ថ្លែង​ថា៖ «ចាប់​​តាំង​ពីក្លិ​​បឡុងហាយ បាន​បង្កើត​ឡើង​ ពួក​យើង​តែងតែ​ខិតខំ​ផ្សព្វ​ផ្សាយ​អំពី​គុន​​ខ្មែរ​ជា​រឿយៗ និង​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បង្កើត​ការ​ប្រកួត​​ថ្នាក់​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ហើយ​ការងារ​ទាំង​នេះ​បាន​​​ធ្វើ​ឱ្យ​ពួក​យើង​យល់​​ដឹង​​កាន់​តែ​ស៊ីជម្រៅ​ទៅ​លើ​វប្បធម៌​ខ្មែរ​ ជាពិសេស​គុន​ខ្មែរ»។

ក្នុង​រយៈ​ពេល​ជិត​ ២​ ឆ្នាំ​នេះ ​ក្លិប​ឡុង​ហាយ​ បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​សហព័ន្ធ​កីឡា​ប្រដាល់​​ឃីក​បុកស៊ីង​កម្ពុជា ដោយ​ក្លិប​នេះ បាន​បញ្ជូន​​គ្រូ​ជំនាញ​របស់​ខ្លួន គឺ​លោក CHEN YAHONG មក​ជួយ​បង្វឹក​​ ក្រុម​ជម្រើសជាតិ​​ឃីកបុកស៊ីង​កម្ពុជា ដែល​សុទ្ធ​តែ​​​មាន​​ប្រភព​ចេញ​ពី​ប្រដាល់​គុន​ខ្មែរ។


បន្ថែម​លើ​នេះ ក្លិប​ឡុងហាយ ក៏​​បាន​សហការ​ជាមួយ WLF និង​ CAMSOC ​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍ «ស្តេច​ប្រដាល់​អង្គរ» នៅ​មុខ​​អង្គរ កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២២ ដោយ​ព្រឹត្តិការណ៍​​លើក​ដំបូង​នេះ ជា​ការ​ប្រកួត​រវាង​​ក្រុម​​គុន​ខ្មែរ និង​ក្រុម​ជំនាញ​ឃីកបុកស៊ីង​របស់​ចិន ហើយ​ការ​រួម​ចំណែក​នេះ បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ឃីកបុកស៊ីង​កម្ពុជា អាច​បង្កើត​បាន​កំណត់ត្រា​ប្រវត្តិសាស្រ្ត ពេល​ពួក​គេ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​វៀតណាម​កន្លង​មក​នេះ ដោយ​ក្រុម​នេះ ដណ្តើម​បាន​មេដាយ​មាស​ ១ ប្រាក់​ ៣ និង​សំរឹទ្ធ​ ១។

លោក GUO YANG បញ្ជាក់​ថា៖ «ពួក​យើង​ពិត​ជា​​សប្បាយ​ចិត្ត ដែល​កម្ពុជា​ទទួល​បាន​លទ្ធផល​​​យ៉ាង​ល្អ​នេះ ដែល​ជា​មោទនភាព​ជាតិ​មួយ សម្រាប់​កម្ពុជា និង​សម្រាប់​ក្លិប​ឡុងហាយ​ដែរ ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​លើក​នេះ នឹង​អាច​រួមគ្នា​បង្កើត​កម្មវិធី​ខ្មែរ​មួយ ដែល​មាន​ស្តង់ដា​អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយ​​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក ​ព្រម​ទាំង​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង​ក្លា និង​រីក​ចម្រើន​ទៅមុខ​»។

ចំណែក​លោក ឃីម វុទ្ធី អគ្គនាយក ទទក ថ្លែង​ថា៖​ «កិច្ចសហប្រត្តិការ​នេះ នឹង​ជួយ​ឱ្យ​ ទទក ឱ្យ​កាន់​តែ​មាន​សមត្ថភាព បទ​ពិសោធ និង​ធនធាន សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា បម្រើ​អារម្មណ៍​ទស្សនិកជន និង​នាំ​ឧត្តម​ភាព​កីឡា ឆ្ពោះ​ទៅ​កាន់​អន្តរជាតិ។ ក្លិប​ឡុងហាយ និង ទទក មាន​ទស្សនវិស័យ​ស្របគ្នា ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព លើ​ការ​រៀបចំ​កម្មវិធី​ប្រកួត​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ស្តង់ដា​ថែម​ទៀត»។

លោក​បន្ថែម​ថា៖ «​ភាគី​ទាំង​​ ២ ក៏​កំពុង​រៀបចំ​ក្រុម​ការងារ​ជំនាញ ពិនិត្យ​​លទ្ធភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម ដើម្បី​នាំ​កម្មវិធី​ផ្សាយ​ពី​កម្ពុជា​ទៅ​ចិន និង​នាំ​មក​វិញ​នូវ​កម្មវិធី​កីឡា​ប្រដាល់​ធំៗ​របស់​ចិន អ៊ីចឹង​ក្រុមការងារ​នេះ​នឹង​ក្លាយ​ជា​ធនធាន​មួយ​សម្រាប់​ ទទក ត្រៀម​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​ ២០២៣»៕