CAMSOC រំពឹងថា ភូមិកីឡានឹងសាងសង់រួចរាល់ទាន់ពេលសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានបញ្ជាក់ថា ការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងតែមានវឌ្ឍនភាពល្អ និងរំពឹទុកថា នឹងរួចរាល់ទាន់ពេល ដើម្បីទទួលស្វាគមន៍អត្តពលិក និងប្រតិភូកីឡា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំក្រោយ នៅកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ បានបញ្ជាក់បែបនេះ ក្រោយពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC និងលោកវ៉ាត់ ចំរើន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងមន្ត្រីជំនាញជាច្រើននាក់ទៀត បានចុះត្រួតពិនិត្យនៅកន្លែងសាងសង់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC ដែរនោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៩ ខែមិថុថា៖ «ជាទូទៅ យើងសង្កេតឃើញថា មានវឌ្ឍនភាពល្អហើយ។ យើងអាចរំពឹងទុកថា យើងនឹងអាចទទួលប្រតិភូកីឡា និងមន្ត្រីកីឡាបាន ទៅតាមផែនការដែលបានគ្រោងទុករបស់យើង»។
លោកបន្តថា៖ «ទាក់ទងវឌ្ឍនភាពនៃភូមិកីឡា យើងមានការបែងចែកចេញជា២ដំណាក់កាល ពោលគឺដំណាក់កាលទី១ ផ្តោតលើការសាងសង់លើផ្ទះល្វែង Shop House និងវីឡា។ ចំពោះដំណាក់កាលនេះ យើងសង្កេតឃើញថា កំពុងតែមានដំណើរការល្អ និងសម្រេចបានប្រមាណជា៦០ ទៅ៧០ភាគរយហើយ»។
បើតាម វ៉ាត់ ចំរើន អគារផ្ទះល្វែង វីឡា និង Shop House នេះ អាចដាក់គ្រែបានប្រមាណជាជាង ៣ ០០០ គ្រែ ស្របពេលដែលយើងត្រូវការគ្រែប្រមាណជា ៥ ០០០ គ្រែ ដើម្បីទទួលស្វាគមន៍អត្តពលិកមកមកពីទូទាំងតំបន់អាស៊ាន និងប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣។ នៅពេលនេះ ក្រុមហ៊ុនសាងសង់ កំពុងតែពន្លឿនការសាងសង់របស់ខ្លួន ដើម្បីធានាថា នឹងរួចរាល់ទាន់ពេលវេលា សម្រាប់ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ។
បើទោះបីលោក វ៉ាត់ ចំរើន មានការជឿជាក់ ១០០% ថា ការសាងសង់ភូមិកីឡាផ្នែកផ្ទះស្វែង និងវីឡា នឹងរួចរាល់ជាស្ថាពរនៅចន្លោះខែមករា និងកុម្ភៈ ឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែ លោកក៏បានទទួលស្គាល់ពីភាពយឺតយ៉ាវ ទៅលើការសាងសង់ខុនដូ ដែលជាដំណាក់កាលទី២ ដោយសារតែវិបត្តិកូវីដ ១៩ ផងដែរ និងជំរុញឱ្យពន្លឿនលើការសាងសង់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិកីឡានេះតែម្តង។
លោកបានឱ្យដឹងថា៖ «ឯកឧត្តមបណ្ឌិតថោង ខុន សុំជំរុញឱ្យធ្វើហេដ្ឋារចនាសម្ព័ន្ធជុំវិញភូមិកីឡា មានដូចជា សួន និងផ្លូវ ឱ្យបានឆាប់ ទោះបីជាការសាងសង់ខុនដូ ទាន់ពេលវេលា ឬមិនទាន់ក៏ដោយ សម្រាប់តម្រូវការគ្រែចំនួនជាង ៣ ០០០ គ្រែទៀត ប៉ុន្តែ យើងនឹងទទួលយកទៅតាមចំនួនជាក់ស្តែង។ យើងនឹងប្រើប្រាស់សណ្ឋាគារក្បែរនោះ ដើម្បីផ្តល់ការស្នាក់នៅដល់ភ្ញៀវកិត្តិយស មន្ត្រីកីឡាអន្តរជាតិ ដូចជាមន្ត្រីអាជ្ញាកណ្តាល និងចៅក្រមជាដើម ប៉ុន្តែ មិនមែនប្រតិភូកីឡាឡើយ»។
ភូមិកីឡានេះ ដែលត្រូវបានទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន World Bridge Group បានចាប់ផ្តើមការសាងសង់ កាលពីខែវិច្ឆកា ឆ្នាំ ២០២០ និងត្រូវបានបែងចែកជាផ្ទះល្វែង Shop House វីឡា និងខុនដូ ដើម្បីផ្តល់ការស្នាក់នៅសម្រាប់អត្តលិក និងប្រតិភូកីឡាប្រមាណជា ៧ ០០០ នាក់ នៅឆ្នាំ ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ជាលើកដំបូង។
បើទោះបីមានការយឺតយ៉ាវលើការសាងសង់ខុនដូ កម្ពស់ ១៨ ជាន់ ដែលមាន ៦ អរគារក៏ដោយ ប៉ុន្តែលោក វ៉ាត់ ចំរើន នៅតែមានសុទិដ្ឋិនិយម ទៅលើលទ្ធភាពរបស់កម្ពុជា ក្នុងការផ្តល់ការស្នាក់នៅ និងហូបចុងយ៉ាងល្អប្រសើរ សម្រាប់យុទ្ធនាការកីឡានៅឆ្នាំក្រោយនេះ។
លោកឱ្យដឹងថា៖ «ជាក់ស្ដែងឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃថា យើងមានផែនការល្អ ហើយអាចមានសង្ឃឹមច្រើនក្នុងការទទួលបាននូវចំនួនមួយដែលយើងអាចទុកចិត្តបាន។ ទាំងផ្ទះ-វីឡា ដែលបម្រុងទុកជាង ៣ពាន់គ្រែ បូកជាមួយជាន់ទី១ ទី២ ទី៣ ក៏ដោយ ឱ្យតែខុនដូ ធ្វើហើយ អ៊ីចឹងយើងបានចំនួនកាន់តែច្រើនហើយ និងក៏កាន់តែមានទំនុកចិត្តក្នុងការទទួលភ្ញៀវ និងទទួលប្រតិភូកីឡាទាំងអស់នៅឆ្នាំ២០២៣»។
លោកបានបន្ថែមទៀតថា ៖«មួយទៀត នៅក្រោមអគារខុនដូ គឺមានទីធ្លាដែលយើងអាចរៀបចំជាកន្លែងទទួលទានអាហាររួមគ្នា គេហៅ ‘Dining Hall’។ ហេតុនេះ យើងនឹងមានភាពងាយស្រួលក្នុងការរៀបចំ ដោយគ្រាន់តែ បំពាក់អ្វីដែលមានស្រាប់ និងតុបតែងបន្ថែមប៉ុណ្ណោះ។ ខែក្រោយខាងភាគីសាងសង់ និងក្រុមហ៊ុន World Bridge Sport Village នេះនឹងធ្វើការវាយតម្លៃម្ដងទៀត ទៅលើផែនការថា តើយើងទៅដល់កម្រិតណា ហើយយើងប្រើប្រាស់បានក្នុងកម្រិតណា ជាពិសេសទៅលើអគារខុននេះតែម្តង»។
គួរបញ្ជាក់ថា ភូមិកីឡា នឹងត្រូវប្រើប្រាស់ដើម្បីបម្រើដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក និងមន្ត្រីបច្ចេកទេស អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ។
ភូមិកីឡា ជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ និងកំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ ហិកតា ស្ថិតតាមបណ្តោយវិថីលីយ៉ុងផាត់ រាជធានីភ្នំពេញ៕