ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (CA-MSOC) បានអះអាងថា ប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ានបានកំណត់យក និងចាត់ទុកការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជាជាមហាព្រឹត្តិការណ៍កីឡា និងទេសចរណ៍អាស៊ាន។ មានន័យថា នៅក្នុងអាស៊ានព្រឹត្តិការណ៍ដែលធំជាងគេ ក្រោយកូវីដគឺគេយកស៊ីហ្គេមនៅកម្ពុជាហ្នឹងតែម្តង។
លោកថ្លែងថា៖ «ដូច្នេះកិច្ចការនេះ មិនមែនគាំទ្រ និងចូលរួមត្រឹមតែកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែនៅក្នុងអាស៊ានទាំងមូល គ្រួសារអាស៊ានទាំងមូល ក៏មានការរីករាយ ហើយខិតខំធ្វើឱ្យកីឡាស៊ីហ្គេមនៅកម្ពុជានេះបានកាន់តែល្អថែមទៀត»។
លោក ថោង ខុន បានលើកឡើងបែបនេះ នៅក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយស្តីពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលបានធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី ២៣ មិថុនា។ ជាមួយគ្នានោះ លោក ថោង ខុន ក៏បានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលបានចូលរួមផ្ទាល់ក្នុងវេទិកានោះដែរជួយជំរុញឱ្យមានការផ្សព្វផ្សាយ កាន់តែផុលផុស គឺធ្វើយ៉ាងណាជួយឱ្យកម្ពុជាអាចកែប្រែមុខមាត់ និងទទួលបានជោគជ័យ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រ លើកបូងនេះ។
លោក ថោង ខុន ថ្លែងក្នុងពិធីនោះថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន CAMSOC លោកបានផ្តាំផ្ញើ និងអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសុំឱ្យឯកឧត្តមជួយទៅលើការផ្សព្វផ្សាយ ព្រោះការផ្សព្វផ្សាយនៃយុទ្ធនាការស៊ីហ្គេមរបស់យើងពិតជាសំខាន់ណាស់ ហើយយើងក៏នៅសល់ពេលវេលាខ្លីដែរ»។
ឆ្លើយតបទៅនឹងសំណើនេះ លោក ខៀវ កាញារីទ្ធ បានថ្លែងនៅចំពោះមុខតំណាងស្ថាប័នផ្សព្វផ្សាយនៅក្នុងវេទិកានោះថា៖ «យើងទាំងអស់គ្នាបានឮហើយពីការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីឱ្យមានការចូលរួមពីគ្រប់ស្ថាប័នសារព័ត៌មានរបស់យើងទាំងអស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះទទួលបានជោគជ័យ»។
នៅក្នុងវេទិកានោះដែរ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទទូចសុំឱ្យគ្រប់ស្ថាប័នសារព័ត៌មានជួយរំលេច និងផ្សព្វផ្សាយនូវពាក្យគន្លឹះចំនួន ៤ ក្នុងការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។ ទី ១ កីឡារស់ក្នុងសន្តិភាព ទី ២ ប្រជាជនម្នាក់លេងកីឡា ១ មុខអស់ ១ ជីវិត ទី ៣ កម្ពុជាស្អាត និងទី ៤ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន ព្រោះលោកចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានការយល់កាន់តែច្បាស់នូវពាក្យគន្លឹះទាំង ៤ នេះ ហើយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ។
លោកបញ្ជាក់ថា៖ «យើងចង់ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្លាយជាឱកាសមួយក្នុងការរៀបចំឱ្យកម្ពុជាយើងកាន់តែស្អាតល្អ និងកាន់តែមានបដិសណ្ឋារកិច្ចល្អព្រោះការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម មិនមែនមានតែមនុស្ស ៦០០ លាននាក់ នៅក្នុងអាស៊ាន មើលឃើញនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះមានមនុស្សរាប់លាននាក់នៅលើសកលលោកអាចមើល និងអាចស្គាល់កម្ពុជាបានច្បាស់តាមរយៈព្រឹត្តិការណ៍កីឡានេះដែរ»។ អ៊ីចឹងនៅក្រោយព្រឹត្តិការណ៍នេះ កម្ពុជានឹងមានរបត់ថ្មីមួយ ព្រោះគេនឹងស្គាល់កម្ពុជាកាន់តែច្រើនហើយកម្ពុជាកាន់តែមានប្រជាប្រិយភាព ប្រជាពលរដ្ឋក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រជាជន ដែលមានស្នាមញញឹមរួសរាយរាក់ទាក់។
ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ បន្ថែមថា៖ «ពីដើមគេស្គាល់កម្ពុជា តាមរយៈ ២ រឿងទេ ទី ១ អង្គរវត្ត និងទី ២ ប៉ុល ពត ប៉ុន្តែឥឡូវ ស៊ីហ្គេមនេះ យើងអាចផ្លាស់ប្តូរបានច្រើនដូចខ្ញុំបាននិយាយកន្លងមកអ៊ីចឹង កីឡាករយើងឈ្នះម្នាក់ គឺប្រទេសជាតិទាំងមូល ក៏ឈ្នះ។ គ្រាន់តែយើងឈ្នះបានមេដាយមាស ១ ភ្លាម ប្រជាជននៅប្រទេសមួយចំនួនគេថា ចុម! ប្រទេសយើងមានប្រជាជន ៧០ លាននាក់ ទៅ ៨០ លាននាក់ រកម្នាក់ឈ្នះខ្មែរ ដែលមានតែប្រជាជន ១៧ លាននាក់ មិនបាន អ៊ីចឹងឃើញអត់ យើងមានមោទនភាពភ្លាម ព្រោះគេចង់យល់ពីប្រទេសយើង»។
លោកបន្ថែមទៀតថា៖ «ដូច្នេះការចូលរួមពីសារព័ត៌មានពិតជាសំខាន់ណាស់ ព្រោះទី ១ យើងបានរួមចំណែកជួយធ្វើឱ្យកីឡា និងប្រទេសជាតិរបស់យើងកាន់តែរីកចម្រើន ទី ២ យើងបានជួយបើកទ្វារឱ្យយុវជនរបស់យើងមើលឃើញច្រក និងស្គាល់ផ្លូវត្រូវដើរទៅតាមលទ្ធភាព ដែលពួកគេមាន។ អ៊ីចឹងស៊ីហ្គេមរបស់យើងនេះ វាជាមោទនភាព ដែលយើងបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំហើយ»៕