ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ លើក​ទឹកចិត្ត ​និង​ជំរុញ​ឱ្យ​ក្រុម​អត្តពលិក​ជម្រើសជាតិ​របស់ខ្លួន ត្រូវ​ខំប្រឹងប្រែង​ហ្វឹកហាត់​ទ្វេដង ដើម្បី​ពង្រឹង​សមត្ថភាព​ឱ្យបាន​កាន់តែខ្លាំង ឈានទៅ​សម្រេច​គោលដៅ នៃ​ការដាក់​សម្ទុះ​មេដាយ​របស់ CAMSOC នោះ​គឺ​ការដណ្តើម​ឱ្យបាន​មេដាយមាស​ចំនួន​៩ ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ ​

​បើទោះបីជា​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​ ២០២២ ​កន្លងមក​ ក្រុម​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ១ ក្នុងនាម​ជា​ប្រភេទ​កីឡា ដែល​ដណ្តើមបាន​មេដាយមាស​ច្រើន​ជាងគេ​ជូន​កម្ពុជា​។ មេដាយ​ទាំងនោះ គឺ មាស ​៣ ប្រាក់ ​២ និង​សំរឹទ្ធ​ ៩ ប៉ុន្តែ​សមិទ្ធផល​នេះ នៅ​មិនទាន់​អាចឆ្លើយតប​ទៅនឹង​ការដាក់​សម្ទុះ​មេដាយ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) នៅឡើយ​ទេ​។​


​ ​

​លោក អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ថ្លែងថា​៖«អ្វីៗ ដែល​សហព័ន្ធ​សន្យា​ធ្វើ​ជាមួយ​រាជរដ្ឋាភិបាល​ថា ក្នុងការ​ដណ្តើម​មេដាយមាស​ឱ្យបាន​៩​នេះ គឺ​មិនមែន​សហព័ន្ធ​១​ទេ ដែល​ត្រូវធ្វើ តែ​ត្រូវមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​កីឡាករ ​កីឡាការិនី​របស់​យើង​។ អ៊ីចឹង​អ្នក​ដែល​អនុវត្ត​ផ្ទាល់ គឺ​ប្អូនៗ​ទាំងអស់​គ្នា»។​


​លោក​បន្តថា​៖«ប្អូនៗ​កុំភ្លេចថា នៅ​ពីក្រោយ​ប្អូនៗ មាន​ប្រជាជន​ជាង​១៦​លាន​នាក់​ ដែល​ចាំ​គាំទ្រ និង​ឈរ​ស្វាគមន៍​ទះដៃ​អបអរសាទរ នៅពេល​ប្អូន​បាន​មេដាយមាស សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​វា​ពិតជា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ប្អូន ដែលមាន​ឱកាស​បាន​សាង​ស្នាដៃ​ជូន​ជាតិ​។ ហេតុនេះ​អ្វីដែល​ជាការ​តបស្នង​មកវិញ គឺ​ប្អូនៗ​ត្រូវខិតខំ​ហ្វឹកហាត់​ឱ្យបាន​ខ្លាំង»។​

​ការលើកឡើង​របស់លោក​រតនា ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្តិ​បាត​បូកសរុប​ការងារ ឆ្នាំ​ ២០២១ និង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​ ២០២២-២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) កាលពី​ថ្ងៃទី​ ២៩ ខែ កក្កដា​ ឆ្នាំ​ ២០២២​។ នៅពេលនោះ អង្គសន្និបាត បាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ គណៈកម្មាធិការ ​CAMSOC បានដាក់​សម្ទុះ​មេដាយ សម្រាប់​ក្រុម​ជម្រើសជាតិ​វ៉ូវី​ណាម​កម្ពុជា ត្រូវ​ដណ្តើម​មេដាយមាស​ឱ្យបាន​ ៩​។ ចំនួន​នេះ គឺ​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​មេដាយមាស ដែល​ក្រុម​វ៉ូ​វី​ណា​ម​កម្ពុជា ដណ្តើមបាន​នៅ​ស៊ី​ហ្គេម កាលពី​ខែឧសភា ឆ្នាំ​ ២០២២ នៅ​វៀតណាម​។​

​លោក អ៊ូ រតនា ​និយាយថា​៖ «ការដណ្តើមយក​ជ័យជម្នះ​របស់​ប្អូនៗ នៅ​ស៊ី​ហ្គេម លើក​ទី​៣១ [នៅ]ប្រទេស​វៀតណាម កន្លងមក​នេះ​ វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​អ្វី ដែល​លំបាក​ជាង​នេះ គឺ​ការការពារ​ជ័យជម្នះ​នេះ​។ ដូច្នេះ​យើង​ត្រូវខិតខំ​ហ្វឹកហាត់​ឱ្យបាន​ទ្វេគុណ»។​

«​កាល​មុន យើង​ហ្វឹកហាត់​ ១០០ ​ភាគរយ យើង​ដណ្តើមបាន​មេដាយមាស​៣ ប៉ុន្តែ​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ យើង​ត្រូវការពារ​មេដាយមាស​នេះ​ឱ្យបាន​ផង ហើយ​ទន្ទឹមនេះ យើង​ត្រូវ​បង្កើន​ការ​ឈ្នះ​មេដាយមាស​បន្ថែមទៀត​ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ ខ្ញុំ​ជឿថា ប្អូនៗ​នឹង​អាច​ធ្វើបាន បើសិនជា​ប្អូន​ព្យាយាម​ ប្អូន​កាត់បន្ថយ​ការដើរ​ហើរ ​និង​រឹតបន្តឹង​វិន័យ នៃ​ការហ្វឹក​ហាត់​ឱ្យបាន​ខ្លាំង​ថែមទៀត​»​។ នេះ​ជា​ការបញ្ជាក់​របស់លោក​អ៊ូ រតនា។​

​ជាមួយគ្នា​នោះ ​លោក​ យ៉ាំ ថៃ​សាន ​អគ្គលេខាធិការ ​សហព័ន្ធ​កីឡា​វ៉ូវី​ណាម​កម្ពុជា​ បាន​ប្រាប់​ទៅ​ក្រុម​កីឡាករ កីឡាការិនី​វ៉ូ​វី​ណាម​កម្ពុជា កុំឱ្យ​ស្កប់ស្កល់​ទៅនឹង​ជ័យជម្នះ ដែល​ខ្លួន​ដណ្តើមបាន នៅ​ស៊ី​ហ្គេម ប្រទេស​វៀតណាម​។ ប៉ុន្តែ​ត្រូវ​ខំប្រឹង​ប្រែ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេច​ទិសដៅ ក្នុងការ​ឈ្នះ​បាន​មេដាយមាស​ចំនួន​៩ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា។​

​លោក​យ៉ាំ ថៃ​សាន ​បញ្ជាក់ថា​៖«កាល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម យើង​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​២ ​និង​សំរឹទ្ធ​៩ គឺ​ច្រើនជាង​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​របស់​កម្ពុជា ប៉ុន្តែ​សូមកុំ​ស្កប់ស្កល់ ​ពីព្រោះ​ថ្នាក់ដឹកនាំ​យើង អត់​ចង់បាន​ប៉ុណ្ណឹង​ទេ គឺ​ចង់បាន​ច្រើនជាង​នេះ​។ ជាក់ស្តែង នៅពេល​យើង​វ៉ៃ​បាន​មេដាយប្រាក់ និង​ឈានទៅ​ដណ្តើមបាន​មេដាយមាស​ តើ​យើង​ស្កប់ស្កល់​នឹង​មេដាយប្រាក់​ទេ? ឬ​យើង​ចង់បាន​មេដាយមាស​?»​។​

​លោក​បន្ថែមថា​៖«នៅត្រង់​នេះ ខ្ញុំ​ចង់​ដាស់​អារម្មណ៍​ប្អូនៗ​ថា ​បើ​យើង​មានឱកាស​ដណ្តើម​មេដាយមាស​ហើយ ហេតុ​អីយើ​ង​អត់​ប្រឹង​ដណ្តើមយក​វា​! ដូចគ្នានេះ​ដែរ ​គោលដៅ​របស់​យើង​ គឺ​មេដាយមាស​៩ នៅ​ឆ្នាំ​២០២៣​។ ហេតុនេះ​យើង​ត្រូវតែ​ខំប្រឹងប្រែង​ឱ្យបាន​ខ្លាំង​ថែម​ទៀត»។​

​ចំណែក​លោកស្រី ​សៅ ស្រី​ពៅ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​កិត្តិយស​ សហព័ន្ធ​កីឡា​វ៉ូ​វី​ណាម​កម្ពុជា ​បាន​ថ្លែងថា​៖ «យើង​បាន​រង់ចាំ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ ដើម្បី​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​ខាងមុខនេះ​ ហើយ​ជា​ម្ចាស់ផ្ទះ ​យើង​ចៀសវាង​ធ្វើ​ម៉េច​កុំឱ្យ​ខ្វះចន្លោះ​។ កីឡាករ ​កីឡាការិនី​របស់​យើង​ ត្រូវខិតខំ​ប្រឹងប្រែង​យកជ័យ​ជម្នះ​ឱ្យបាន​ជូន​ជាតិ​មាតុភូមិ​របស់​យើង ដើម្បីឱ្យ​ពិភពលោក ​បាន​មើលឃើញថា ​កម្ពុជា​តូច​ពិត តែ​ខ្លឹម»៕