ភ្នំពេញ៖ កីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ដែលមិនទាន់មានអត្តពលិកជនពិការកម្ពុជារូបណាធ្វើបានដូចនោះទេ គឺការដណ្តើមបានមេដាយមាសចំនួន ២ និងមេដាយប្រាក់ ១ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលកំពុងធ្វើនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
តាមរយៈការប្រកួតនេះ កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាសទី១ របស់ខ្លួន ក្នុងការប្រកួតលោតចម្ងាយ កាលពីថ្ងៃទី ១ ខែសីហា មុនពេលកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានឈ្នះមេដាយប្រាក់ ១ ទៀត លើការប្រកួតវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ កាលពីថ្ងៃអង្គារ។
យ៉ាងណាមិញ សម្រាប់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច កីឡាការិនី វ៉ិត ចន្ថា ធ្វើបានកាន់តែល្អ ដោយនាងបានរត់ទៅដល់ទីផ្តាច់ព្រ័ត្រមុនគេ ដើម្បីឈ្នះបានមេដាយមាសយ៉ាងរំភើបបំផុត ហើយការឈ្នះបានមេដាយមាស ២ និងប្រាក់ ១ នៅអាស៊ានប៉ារ៉ាហ្គេមនេះ បានក្លាយជាកំណត់ត្រាថ្មី សម្រាប់អត្តពលិកជនពិការកម្ពុជា។
យ៉ាងណាមិញ កីឡាការិនី ងួន រតនា ក៏ដណ្តើមបានមេដាយប្រាក់ ១ ទៀត លើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ ប្រភេទ T46 នៅរសៀលថ្ងៃនេះ បន្ទាប់ពីកីឡាការិនីជនពិការរបស់កម្ពុជារូបនេះ បានទទួលការបំពាក់មេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ ប្រភេទ T46 កាលពីព្រឹកថ្ងៃពុធនេះ ហើយតាមរយៈលទ្ធផលនេះ គឺពេលនេះ ក្រុមកីឡាជនពិការកម្ពុជា ឈ្នះបានមេដាយមាស៥ ប្រាក់ ៧ និងសំរឹទ្ធចំនួន ៤៕