ជាអ្នក​ប្រដាល់ ដែល​មាន​បទពិសោធ​​ជោគ​ជាំ ទាំង​លើការ​ប្រកួត​ប្រដាល់សកល និង​គុនខ្មែរ ផល សោ​ភ័ណ្ឌ បាន​ក្លាយជា​បេក្ខភាព​របស់​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើម​បានខ្សែ​ក្រវាត់​​កម្រិត​ពិភពលោក IPCC Kun Khmer ប្រភេទទម្ងន់ ​៦៣,៥​ គីឡូក្រាម ដែល​រៀបចំ​ដោយ​សង្វៀន​ថោន ហើយ​ជាមួយជ័យជម្នះ​នេះ បាន​ជំរុញ​ឱ្យ សោភ័ណ្ឌ ហ៊ាន​ដាក់​គោលដៅ​កាន់តែ​ធំ គឺ​ការ​ឈាន​ទៅ​រកការ​​បង្កើត​បាននូវ​ស្នាដៃ​កាន់តែ​ធំ សម្រាប់​គុនខ្មែរ នៅ​ក្រៅ​ប្រទេស។

វាមិន​មែន​ជា​លើក​ដំបូង​នោះទេ ដែល​ ផល សោភ័ណ្ឌ ដណ្តើមបានខ្សែ​ក្រវាត់ សម្រាប់​ការ​ប្រឡូក​ នៅក្នុង​វិស័យ​កីឡាប្រដាល់នេះ ព្រោះ​ការព្យាយាម​​ជម្នះ​ឧបសគ្គ និង​ការ​​​លំបាក រាប់​មិន​អស់ ដោយ​ប្រើ​ញើស​ឈាម​ស្រស់ នៅ​លើ​សង្វៀនអស់​រយៈពេល​ជាង ​១៣​ ឆ្នាំ​មក​នេះ សោភ័ណ្ឌ ​ដណ្តើមបាន​ខ្សែ​ក្រវាត់​ចំនួន ​៤ ទាំង​លើកនេះ​ ហើយរូបគេ ក៏បាន​ឈ្នះ​មេដាយ​មាស ពីការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ សឹង​រាប់ភ្លេច​ផង​ដែរ។

ជុំវិញ​សមិទ្ធផល ទទួល​បាន​តាម​រយៈការ​ប្រកួត​ប្រដាល់​នេះផល សោភ័ណ្ឌ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«សម្រាប់​​ការ​ចាប់អាជីព​ជា​អ្នក​ប្រដាល់ តាំងពីឆ្នាំ​ ២០០៨ មក​ដល់ពេលនេះ ខ្ញុំ​បាន​ឈ្នះ​មេដាយ​​មាស ពីការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ សឹង​រាល់​ឆ្នាំ ចំណែក​ខ្សែ​ក្រវាត់​វិញ ខ្ញុំ​ទើប​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ទី​​​៤ កាលពី​ពេលថ្មីៗនេះ ហើយនេះជាខ្សែ​ក្រវាត់​​ ដ៏​​មាន​តម្លៃ សម្រាប់ការ​តស៊ូ​របស់​​ខ្ញុំ»។


យ៉ាងណា​ក៏​ដោយ នៅមុន​ទទួលបានជោគជ័យ​ជា​មួយ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ជាបន្ត​បន្ទាប់ ក្នុងនាមជា​ជើង​ខ្លាំងលំដាប់​ A​ របស់កម្ពុជា​នេះ ផល សោភ័ណ្ឌ បាន​និយាយ​ថា រូបគេ បាន​​ហែល​​ឆ្លងការ​លំបាក​​រាប់មិន​អស់។ សោភ័ណ្ឌ និយាយ​ថា៖ «ការសាង​បាន​ភាព​ល្បី​ល្បាញ​របស់កីឡាករ​ម្នាក់ៗ មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ គឺ​វា​មានការ​លំបាក​ណាស់»។

សោភ័ណ្ឌ បាន​បន្ថែម៖ «អាជីព​ប្រដាល់​នេះ ហត់​ហើយ ​ឈឺ​សាច់ទៀត ហើយ​​ពេលខ្លះមាន​របួស​បែក និង​បាក់​ឆ្អឹង ចំណែក​ការ​ដើរ ហូប​ចុក ក៏មិន​ស្រួល​នោះ​ដែរ ព្រោះ​បើ​យើង​ដើរលេងច្រើន ក៏​មិន​អាច​​​ឈាន​​ដល់​កម្រិត​ខ្លាំងបាន​​នោះដែរ។ បន្ថែម​លើនេះ យើង​ត្រូវ​មាន​ការ​​តស៊ូ អំណត់​អត់​ធន់​​​ខ្លាំងបំផុត ទើប​អាច​ឈាន​ទៅរក​ការ​សាង​ភាព​ល្បីឈ្មោះបាន»។


បន្ថែម​ទៅ​លើ​បញ្ហា​ប្រឈម ក្នុង​ពេលហ្វឹក​ហាត់ និង​ប្រកួត នៅ​លើស​ង្វៀន​នេះ សោភ័ណ្ឌ បានអះអាង​ថា ​ជាអ្នក​ប្រដាល់ អ្វី​ដែល​​ឈឺចាប់ ដែល​ពិបាក​នឹង​ទទួល​យក ហើយ​ស្ទើ​រតែ​បោះបង់​ចោល​អាជីព​នេះ គឺ​ការ​​ជេរ​ប្រមាថ​របស់អ្នកគាំ​ទ្រ​មួយចំនួន ដែល​គ្មានការ​ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់ ​​ចំពោះ​ទុក្ខ​លំបាក​របស់​ជីវិត​អ្នក​ប្រដាល់។

សោភ័ណ្ឌ បាន​សង្កត់​ធ្ងន់ថា៖ «ខ្ញុំ​ធ្លាប់​បាក់​ទឹក​ចិត្ត និង​អស់សង្ឃឹម ជា​ច្រើន​លើក​ ហើយ​អ្វី​ដែលយើង​ឈឺចាប់​ខ្លាំង​នោះ គឺ​ការ​ព្យាយាម​របស់​យើង មិន​ត្រូវបាន​បងប្អូន​អ្នកគាំ​ទ្រ​ឱ្យ​តម្លៃ។ ជាក់​ស្តែង កន្លង​មក ទស្សនិក​ជន​មួយចំនួន បាន​រិះគន់ជ្រុលរហូត​ជេរ​ដល់​ម៉ែឪ និងជីតា ដែល​​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់ពិបាក​នឹង​ទទួល​យក​បាន ប៉ុន្តែ​​ដោយ​ហេតុតែ​ស្រឡាញ់ និង​ចូល​ចិត្ត ខ្ញុំ​ស៊ូបំភ្លេច​ចោល​នូវការ​រិះគន់​គ្មានការ​ពិចារណា​ទាំង​​នោះ ដើម្បី​បន្ត​ចាប់​យក​អាជីព​នេះ រហូត​ដល់​បច្ចុប្ប»។

ដោយ​ផ្តើម​ចេញពីការ​ហ្វឹក​ហាត់ ត្រឹម​កំដរ​អារម្មណ៍ នៅក្នុងក្លិប​តាឡីដំរី​មានរិទ្ធ តាម​បង​ប្រុស​របស់​លោក ​ផល សុផាត ដែល​ជា​កីឡាករ​ជម្រើស​ជាតិប្រដាល់សកល​កម្ពុជា​នោះ យុវជន​វ័យ​១៧​ឆ្នាំ ផល សោភ័ណ្ឌ បាន​ដាក់​ចិត្តកាន់តែ​ជ្រៅ ទៅ​នឹង​ប្រដាល់​គុនខ្មែរ បន្ទាប់ពី​រូបគេ ទទួល​​បាន​ឱកាស​ឡើង​ប្រកួត ហើយ​ទទួល​បាន​ជ័យ​ជម្នះ ជា​បន្ត​បន្ទាប់ នៅលើ​សង្វៀន​នោះ។

ជាមួយ​ទេពកោសល្យ និងសមត្ថភាព​ ​ដុះ​ឡើង​យ៉ាង​លឿន ក្រោមការ​ជួយ​បង្ហាត់​បង្ហាញ​របស់​គ្រូ​បង្វឹកនៅក្នុង​ក្លិប​តាឡីដំរីមាន​រិទ្ធ ដែល​ត្រូវ​ជា​ពូបង្កើត​​របស់​ខ្លួន​​នោះ ផល សោភ័ណ្ឌ បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ពីការ​ប្រកួត​គុនខ្មែរ ទៅប្រកួត​ប្រដាល់​សកល តាម​​​បង​ប្រុស​​របស់ខ្លួន ផល សុផាត វិញ។ ​​នៅ​​ឆ្នាំ ២០០៩ សោភ័ណ្ឌ បាន​ជាប់ជា​កីឡាករ​ជម្រើស​ជាតិប្រដាល់សកល​កម្ពុជា ហើយ​ក៏ជា​ឆ្នាំ​ដែលបង​ប្រុស​របស់​គេ ឈ្នះ​បាន​​មេដាយ​ប្រាក់ ពីការ​ប្រ​កួត​ស៊ី​ហ្គេម លើក​ទី​២៥ នៅ​ប្រទេស​ឡាវ ជូន​កម្ពុជា ជា​លើក​ដំបូង​ផង​ដែរ។

ការ​ឈ្នះ​មេដាយ​ប្រាក់ស៊ី​ហ្គេម​របស់ ផល សុផាត បាន​ធ្វើ​ឱ្យ ផល សោភ័ណ្ឌ ជា​ប្អូនប្រុស បានដាក់​ចិត្តកាន់តែ​ខ្លាំង ក្នុងការ​ពង្រឹង​សមត្ថ​ភាព រហូត​ក្លាយជា​កីឡាករ​ឆ្នើម ដែល​រក​គូ​ប្រកួតមិនចង់បាន នៅក្នុង​ស្រុក។ តែ​ទោះបីជា​យ៉ាង​ណា ​សម្រាប់​ការ​ទទួល​បានឱកាស​ទៅប្រកួត​ស៊ីហ្គេម​ ​ទាំង​នៅ​ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ​ ២០១៣ និង​ស៊ីហ្គេម នៅ​ហ្វីលីពីន ឆ្នាំ​ ២០១៩ សោ​ភ័ណ្ឌ មិនអាច​ដណ្តើម​បានមេដាយ​ណា​មួយ ជូន​ជាតិ ដូច​បង​ប្រុស​របស់​ខ្លួន ផល សុផាត នោះទេ។

យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ឆ្មក់ឱកាស​មកប្រកួត​គុនខ្មែរ​ ក្នុងអំឡុងពេល ការ​រំសាយ​ការ​ប្រមូល​ផ្តុំ ​ក្រុម​​ជម្រើសជាតិ​ប្រដាល់សកល​​នោះ ផល សោភ័ណ្ឌ ពិត​ជាធ្វើ​ឱ្យគ្រប់គ្នា មាន​ការ​ខ្លាចរអា និង​ញញើត នូវសមត្ថភាព​ប្រកួត​ដ៏​ល្អរបស់គេ ព្រោះ​អ្នក​​​​ ដែលបាន​​ជួប សោភ័ណ្ឌ ទាំង​កីឡាករ​ខ្មែរ និង​​​​បរទេស គឺ​ភាគ​ច្រើន សន្លប់​ក្រោម​កណ្តាប់ដៃ និងផ្លែ​កែងដ៏​​មុតស្រួច​របស់​​គេ​ជាបន្ត​បន្ទាប់ ហើយអ្នក ដែលអាច​ទប់ទល់​ជាមួយ​ សោភ័ណ្ឌ បាន​នៅក្នុង​ប្រភេទទម្ងន់ ចន្លោះពី​ ៦០ ទៅ​ ៦៣,៥​ គីឡូក្រាម នាពេល​​នោះ មាន​តែ ឃីម ឌីណា និង ឡៅ ចន្ទ្រា ប៉ុណ្ណោះ។

ជាមួយគ្នា​នោះ ផល សោ​ភ័ណ្ឌ ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា ទម្ងន់​៦៣,៥​គីឡូក្រាម ជា​លើក​ដំបូង ក្នុង​អាជីព នៅឆ្នាំ​ ២០១៣ បន្ទាប់​ពី​រូបគេ បាន​​ឈ្នះ​​អ្នកលេង​កែង វង្ស ណយ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅលើ​សង្វៀន​បាយ័ន​បឹងស្នោ ​ហើយ​នៅ​ខែ​មេសា ឆ្នាំ​ ២០១៦ ផល សោភ័ណ្ឌ បាន​​បន្ត​ឈ្នះខ្សែ​ក្រវាត់​​ខារ៉ាបាវ ទម្ងន់ ​៦៣,៥​ គីឡូក្រាម​ មួយ​ទៀត បន្ទាប់ពីបាន​យក​ឈ្នះ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម ឌីម៉ា នៅវគ្គ​ផ្តាច់​ព្រ័ត្រ នៅ​សង្វៀន​​បាយ័ន។

យ៉ាង​ណា​ក៏ដោយ នៅខែធ្នូ ឆ្នាំ​ ២០១៦ ដដែល​នោះ​ សោភ័ណ្ឌ បានទទួល​រង​ការ​ខក​ចិត្ត​វិញ នៅ​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រដណ្តើម​​ខ្សែក្រវាត់​គូបូតា ទម្ងន់​៦៣,៥គីឡូក្រាម នៅ​សង្វៀន​​​​បាយ័ន​បឹងស្នោ ដោយ​រូបគេ បានចាញ់​ជើង​ខ្លាំង ឡៅ ចន្ទ្រា និង​បាន​ត្រឹម​ជើង​ឯក​រង ប៉ុន្តែ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រដណ្តើម​​​ខ្សែ​ក្រវាត់ខារ៉ាបាវ ទម្ងន់​ ៦៣,៥​ គីឡូក្រាម នៅឆ្នាំ​ ២០១៨ សោភ័ណ្ឌ បាន​​យក​ឈ្នះ​ជើងខ្លាំង ឡៅ ចិត្ត្រា ជាប្អូន​ប្រុស​របស់ ឡៅ ចន្ទ្រា វិញ​ នៅ​​លើ​សង្វៀន​​​បាយ័ន​ស្ទឹង​មាន​ជ័យ ដើម្បី​គ្រងខ្សែ​ក្រវាត់ចំនួន​៣ស្ថាប័ន។

ដោយ​ឡែក សម្រាប់ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កម្រិត​ពិភពលោក International Professional Combat Council (IPCC) KUN KHMER នៅសង្វៀន WURKZ ប្រដាល់​គុនខ្មែរ​ប្រចាំ​ប្រទេស​របស់​សង្វៀន​ថោន ដែល​មានការ​ប្រកួត​វិលជុំ នៅ​តាម​ខេត្ត​ជា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ផល សោភ័ណ្ឌ បានឈ្នះ​ទាំង​៥​ប្រកួត ក្នុង​វគ្គ​​ជម្រុះតាម​​ពូល នៅមុនពេល​រូបគេ បាន​បន្ត​យក​ឈ្នះកី​ឡាករ ម៉ន ព្រហ្មម៉ាញ នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

ចំណែកការ​ប្រកួត​ផ្តាច់ព្រ័ត្រ ជាមួយ​កីឡាករ ឡុង បេន​លឿន កាល​ពី​យប់ថ្ងៃទី​ ៣០ ខែកក្កដា ​កន្លង​មក​នេះ ផល សោភ័ណ្ឌ ​បាន​វាយកែង​ឆ្វេង​បណ្តាល​ឱ្យ បេន​លឿន សន្លប់​យ៉ាង​លឿន ត្រឹម​​ ១ នាទី ក្នុង​ទឹកទី​១ ដើម្បីក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ ហើយ​លោក Sasan Ghosairi ប្រធាន IPCC ពិភពលោក និង​លោក គឹម ស្រ៊ុន​កុសល ប្រធាន MasFight ប្រចាំ​​​នៅកម្ពុជា សុទ្ធតែ​បានចូល​រួមបំពាក់ខ្សែ​ក្រវាត់​នេះ​ដល់ ផល សោភ័ណ្ឌ ក្រោម​​ក្រសែ​ភ្នែក​​​អ្នក​ទស្សនា​រាប់រយ​នាក់។

ជាមួយ​គ្នា​នេះ លោក គឹម ស្រ៊ុន​កុសល ​បានអះអាង​​ថា ការ​ប្រកួត​ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​របស់​សង្វៀន​ថោន ដណ្តើម​ខ្សែ​ក្រវាត់ IPCC KUN KHMER នេះ ទទួល​បាន​ជោគជ័យ​​ខ្លាំង ព្រោះ​គ្រប់ការ​ប្រកួត​នៅតាម​ខេត្តនីមួយៗ គឺ​មានការ​គាំ​ទ្រ​ច្រើន​បំផុត ពេលខ្លះ​សឹងតែរក​កន្លែង​ឈរ​មិន​បាន ហើយ​នេះជា​ការ​ជួយ​ផ្សព្វ​ផ្សាយ​វិស័យ​កីឡាគុនខ្មែរ​យ៉ាងសំខាន់ ចំណែក ​ផល សោភ័ណ្ឌ ដែល​ឈ្នះបានខ្សែ​ក្រវាត់ នឹង​មានការ​រៀបចំ​ឱ្យ​ចេញ​ទៅ​​ប្រកួត នៅ​ក្រៅ​ប្រទេស ដោយ​ស្ថាប័ន International Professional Combat Council។

ប្រធាន MasFight ប្រចាំនៅ​កម្ពុជា លោក គឹម ស្រ៊ុន​កុសល បានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ ​«​ការ​ទទួលបានជោគ​ជ័យ​របស់ ផល សោភ័ណ្ឌ ក៏ជាជោគជ័យរបស់​គុនខ្មែរ​​ផងដែរ ព្រោះ​ខ្សែ​ក្រវាត់នេះ មកពី​ខាង​ក្រៅប្រទេស អ៊ីចឹង​ស្ថាប័ន​របស់គេ ក៏​ផ្សព្វ​ផ្សាយ​​ពីគុន​ខ្មែរ និង​កីឡាករ​យើង​​ខ្លាំង​ណាស់​ដែរ។ ជាមួយគ្នា​នេះ ប្រធាន IPCC លោក Sasan Ghosairi ក៏​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​របស់​គាត់​នៅក្រៅ​ប្រទេស និង​គ្រោង​រៀបចំឱ្យ ផល សោភ័ណ្ឌ ​បាន​ប្រកួត​​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ នៅ​ក្រៅ​ប្រទេស»។​

ជុំវិញ​ការ​ផ្តល់​ឱកាស​ឱ្យបាន​ចេញ​ទៅប្រកួត នៅក្រៅ​​ប្រទេស នាពេល​ខាងមុខ​នេះ បាន​​ធ្វើ​ឱ្យ ផល សោភ័ណ្ឌ បង្ហាញ​ភាព​ជឿជាក់ និង​ដាក់​គោល​ដៅ​កាន់តែ​ខ្ពស់ ក្នុងការ​បង្កើត​បាននូវ​​ស្នាដៃថ្មីៗ​បន្ថែម​ទៀត នៅក្នុង​អាជីព​ប្រដាល់នេះ។ «ខ្សែ​ក្រវាត់ទី​៤​ ចុងក្រោយ​នេះ ​មាន​ការ​​ទទួល​​ស្គាល់​ដោយ​​ស្ថាប័ន IPCC ពិភព​លោក ដែល​យើង​អាច​ស្ពាយខ្សែ​ក្រវាត់នេះ ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​បាន ដូច្នេះ​វា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ»។

សោភ័ណ្ឌ បន្ថែម​ថា៖ «បើទោះ​បីជា​ខ្ញុំមាន​បទពិសោធ​ប្រកួត​​​ច្រើន ​នៅក្នុង​ស្រុក តែ​ការ​ប្រកួត​នៅក្រៅ​ស្រុក ខ្ញុំ​បាន​ចេញ​ទៅតិចទេ អ៊ីចឹង​​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់នេះមួយ ខ្ញុំ​គិត​ថា យើង​មាន​សមត្ថភាព និងមាន​ទឹក​ចិត្ត ក្នុងការ​បង្ហាញស្នាដៃ​ទៅ​ខាងក្រៅ​ប្រទេស ហើយ​យើង​ក៏មិន​ទាន់​ថា ល្អ​ឥត​ខ្ចោះ​​នោះ​ដែរ អ៊ីចឹង​អ្វី​ដែលខ្ញុំត្រូវ​ធ្វើ គឺ​ត្រូវ​ខំ​ប្រឹង​ហ្វឹក​ហាត់ពង្រឹងសមត្ថភាពឱ្យ​បាន​ល្អថែម​ទៀត ដើម្បី​ឱ្យ​កាន់​តែ​ស័ក្តិសមជា​អ្នក​គ្រង​ខ្សែ​ក្រវាត់​នេះ»។

ទន្ទឹង​នឹង​នេះ ផល សោភ័ណ្ឌ ក៏ចង់​ប្រើឱកាសបាន​ចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​នេះ ផ្សព្វ​ផ្សាយ​គុន​ខ្មែរ​​ឱ្យគេ​ស្គាល់​បាន​កាន់តែ​​ទូលំទូលាយ នៅលើ​ពិភព​លោក​ផងដែរ ហើយ​ជាមួយ​ទិស​ដៅនេះ​រូបគេ មិនទាន់​មាន​ផែនការ ក្នុងការ​ឈប់​ពីអាជីព​ឈឺសាច់​នេះ​នៅ​ឡើយ​ទេ ទោះ​ពេល​នេះ សោភ័ណ្ឌ មាន​អាយុ ​៣១ ​ឆ្នាំ។​

សោភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំនៅតែ​បន្ត​ដើរលើវិថី​ប្រដាល់គុនខ្មែរ​នេះ ព្រោះ​សមត្ថ​ភាព​​របស់យើង​នៅមាន ហើយ​ម្យ៉ាងទៀត ជា​មហិច្ឆតា និង​ទិសដៅ​របស់​ខ្ញុំ គឺ​ខ្ញុំ​ចង់​ទទួល​បាន​ខ្សែ​​ក្រវាត់​​នៅក្រៅ​ប្រទេស ឬ​ក៏ទទួល​បាន​អ្វីមួយ ដែល​ពិសេស​ជាង​ខ្សែ​ក្រវាត់ IPCC KUN KHMER ដែល​ខ្ញុំ​ទទួលបាន​នៅពេលនេះ ដើម្បី​បញ្ជាក់ពី​ការ​តស៊ូ​របស់កីឡាករ​ខ្មែរ​ម្នាក់ ពិសេស​ចង់​បង្ហាញ​ឱ្យ​ពិភព​លោកឃើញ​ថា កីឡាករ​គុនខ្មែរ ក៏មាន​សមត្ថ​ភាពខ្លាំង ធ្វើ​បាន​ដូច​កីឡាករនៃ​ក្បាច់គុន​ដទៃ​ទៀត​ដែរ»។

ជាមួយ​គ្នានេះ សោភ័ណ្ឌ ដែលមាន​សមត្ថ​ភាពលេច​ធ្លោ​ខ្លាំង ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥​ គីឡូ​ក្រាម ក៏មាន​បំណង​ចង់​ក្លាយ​ជា​កីឡាករ​ម្នាក់ ដែល​អាច​ប្រកួត​តំណាង​ឱ្យ​ជាតិ ពេល​កម្ពុជា ​ធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ដំបូង នៅឆ្នាំ​២០២៣ ផង​ដែរ ប៉ុន្តែ សោភ័ណ្ឌ ដែល​បានរៀបការ​ជាមួយ​ កញ្ញា សារិន គីម​អេង តាំងពី​ថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ​ ២០១៤​នោះ កំពុង​មាន​អម្រែក ក្នុង​ការ​ទទួល​បន្ទុក​គ្រួសារ​កាន់តែ​ធ្ងន់ ដោយសារ​ពេល​នេះ ប្រពន្ធ​របស់​គេ កំពុង​ពពោះ កូនទី​២។

កីឡាករ​មាន​ដើម​កំណើត នៅភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ផល សោភ័ណ្ឌ បានបញ្ជាក់ពី​អារម្មណ៍ពិត​របស់ខ្លួន​ថា៖ ​«​កីឡាករ​ណា ក៏​ចង់​ប្រកួត​តំណាង​ឱ្យ​ជាតិ​​របស់​ខ្លួន​ដែរ ព្រោះនេះជា​តម្លៃ ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយខ្ញុំ​ធ្លាប់មាន​គេ​ទាក់​ទង​ឱ្យ​​ចូល​ទៅ​​ហាត់​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ដែរ ប៉ុន្តែ​ខ្ញុំ​មិនអាច​ដក​ឃ្លាចូល​រួម​បាន ចំណែក​​ពេល​នេះ ប្រពន្ធ​របស់ខ្ញុំ ក៏​កំពុង​មាន​ទម្ងន់​ទៀត អ៊ីចឹង​ខ្ញុំមិន​អាច​ទុក​គាត់ឱ្យ​នៅតែឯង​បាន​នោះ​ទេ។ ប៉ុន្តែចំពោះ​ការ​ហ្វឹក​ហាត់នៅក្នុង​​ក្លិប និងការ​ឡើង​ប្រកួត​នៅតាមសង្វៀន ខ្ញុំនៅ​តែ​ខំប្រឹង ដោយសារ​ខ្ញុំ​ត្រូវការ​ចំណូល បានពីការ​ប្រដាល់​នេះ យក​ទៅ​ផ្គត់​ផ្គង់​នៅក្នុង​គ្រួសារ​»៕