CAMSOC : កម្ពុជានឹងរក្សាឱ្យបាននូវភាពស្អាតស្អំក្នុងការដណ្តើមមេដាយ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញៈ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២២ (CAMSOC) បានកំណត់ថា កម្ពុជានឹងរក្សាឱ្យបាននូវភាពស្អាតស្អំ និងភាពបរិសុទ្ធថ្លៃថ្នូរ គឺការប្រកួតប្រជែងដណ្តើមយកមេដាយជាមួយបណ្តាប្រទេសផ្សេងៗ ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ ២០២៣។
បើទោះបីជា ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្រ្តលើកដំបូង ឆ្នាំ២០២៣ កម្ពុជា មានមហិច្ឆតាដណ្តើមមេដាយមាសឱ្យបានច្រើន ដើម្បីអាចឈរនៅចំណាត់ថ្នាក់លេខ៦ លេខ៧ ឬល្អជាងនេះ ដើម្បីឱ្យស័ក្តិសមទៅនឹងអ្វីដែលកម្ពុជាបានខិតខំប្រឹងប្រែង សម្រាប់ការរង់ចាំធ្វើជាម្ចាស់ផ្ទះ អស់រយៈពេល៦៤ឆ្នាំមកនេះ ប៉ុន្តែមន្រ្តីជំនាញរបស់ CAMSOC លោក វ៉ាត់ ចំរើន បានអះអាងថា កម្ពុជា នឹងមិនបង្កើតឱ្យមានភាពអាស្រូវ ពាក់ព័ន្ធទៅនឹងការរៀបចំ ដើម្បីឈ្នះបានមេដាយ នៅលើប្រភេទកីឡាណាមួយនោះទេ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖«ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន គឺយើងត្រូវធ្វើយ៉ាងណា ឱ្យមានភាពស្មោះត្រង់ និងមានភាពបរិសុទ្ធថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិនមែនជាការរៀបចំ ដោយមិនគោរពបទបញ្ជាការប្រកួត និងគោលការណ៍ Fair Play នោះឡើយ ពោលគឺយើងធ្វើយុទ្ធសាស្ត្រ នៅក្នុងបច្ចេកទេស និងក្នុងក្របខណ្ឌនៃបទបញ្ជាប្រកួត»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធាន NOCC ផងនោះ ធ្លាប់បានថ្លែង នៅក្នុងអង្គប្រជុំរបស់ CAMSOC កន្លងមកថា លោកនឹងមិនចូលរួមទទួលខុសត្រូវជាមួយឡើយ បើសិនជាមានករណីរៀបចំចែកមេដាយគ្នា នៅលើប្រភេទកីឡាណាមួយ កើតឡើង ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែរក្សាឱ្យបាននូវគោលការណ៍តម្លាភាព និងយុត្តិធម៌ ក្នុងការប្រកួតប្រជែងយកមេដាយ ជាមួយបណ្តាប្រតិភូកីឡា មកពីប្រទេសផ្សេងៗ។
ចំពោះការដាក់ចេញនូវគោលការណ៍តម្លាភាព និងយុត្តិធម៌ ក្នុងការដណ្តើមយកមេដាយ ដោយគ្មានការឃុបឃិតគ្នា ឬរៀបចំចែកមេដាយគ្នានេះ គឺអគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានប្រាប់ទៅសហព័ន្ធកីឡាជាតិទាំងអស់ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ រួចហើយ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១១ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
នៅក្នុងកិច្ចប្រជុំនោះដែរ កម្ពុជា តាមរយៈ CAMSOC, NOCC និងក្រសួងអប់រំ យុវជន និងកីឡា បានកំណត់វិញ្ញាសាជាង៥០០ ដែលនឹងត្រូវដាក់ឱ្យប្រកួតប្រជែងគ្នា នៅលើប្រភេទកីឡាទាំង៣៩ បូករួមទាំងកីឡាសម្ដែង១ប្រភេទ នៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយការកំណត់នេះ នឹងត្រូវដាក់បង្ហាញក្នុងកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ប្រទេសថៃ។
ចំពោះបញ្ហានេះ លោក វ៉ាត់ ចំរើន បាននិយាយថា៖ «យើងបានប្រជុំគ្នា កំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួតប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចរួចហើយ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងការដាក់វិញ្ញាសារបស់ខ្លួន គឺជាង៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយមាស ដែលយើងត្រូវរៀបចំ នៅស៊ីហ្គេម ឆ្នាំ២០២៣»។
លោត វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានបន្ថែមថា៖ «យើងបានជម្រះ និងស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឱ្យមានភាពជាក់លាក់ថា វិញ្ញាសាដែលគាត់បានដាក់នេះ ពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រ សម្រាប់ស្វែងរកឧត្តមភាព និងស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជយលាភីរបស់គាត់ ព្រោះយើងបានលម្អិតអំពីចំណុចតូចៗ ដែលយើងមិនទាន់យល់គ្នាអស់ហើយ»។
លោកបញ្ជក់ថា៖«អ៊ីចឹងសហព័ន្ធទាំងអស់ បានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់រួចរាល់អស់ហើយ ហើយនេះជាជោគជ័យមួយជំហានទៀត សម្រាប់ការរៀបចំផ្នែកបច្ចេកទេស និងស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម»។
ជាមួយគ្នានេះ ស្ថាប័នជំនាញផ្នែកកីឡារបស់កម្ពុជា បានប្រាប់ឱ្យសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ បង្កើនកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិនៃប្រភេទកីឡានីមួយៗ ឱ្យបានខ្លាំងបំផុត ព្រោះពួកគេ គឺជាតួឯក និងជាអ្នកត្រូវចូលរួមប្រកួតប្រជែងដោយផ្ទាល់ ក្នុងការដណ្តើមយកមេដាយឱ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងបានណែនាំបន្ថែមដល់សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ដោយជំរុញខាងផ្នែកចិត្តសាស្ត្រ ផ្នែកការគាំទ្រ និងជំរុញខាងផ្នែកការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេស ឱ្យបានស្របគ្នា ព្រោះកីឡាករ កីឡាការិនី គឺជាតួឯក នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣»៕