ភ្នំពេញ៖ ក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា បាននឹងកំពុងបង្ហាញឱ្យឃើញពីភាពរីកចម្រើនខ្លាំង ទៅលើបច្ចេកទេស បន្ទាប់ពីពួកគេ ដណ្តើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ជូនប្រទេសជាតិ ពីការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7th Aerobic Gymnastic ASIAN Championships 2022) ដែលកំពុងធ្វើនៅប្រទេសថៃនោះ ហើយកម្ពុជា ក៏ត្រូវប្រកួតផ្តាច់ព្រ័ត្រ ចំនួន ៤ វិញ្ញាសាទៀត នៅរសៀល និងល្ងាចថ្ងៃចន្ទនេះ ផងដែរ។
សម្រាប់មេដាយប្រាក់ចំនួន ២ និងមេដាយសំរឹទ្ធ ១ នេះ គឺក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា ដណ្តើមបាន នៅក្នុងការប្រកួតប្រភេទអាយុក្រោម ១៥ ឆ្នាំ និងប្រភេទអាយុក្រោម ១៨ ឆ្នាំ ចំណែកការប្រកួតប្រភេទអាយុលើស ១៨ ឆ្នាំ នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ទាំងលើវិញ្ញាសាវាយគូ, ទ្រីយ៉ូ និងវិញ្ញាសាជាក្រុម នៅថ្ងៃចន្ទនេះ រីឯក្រុមអាយុក្រោម ១៨ ឆ្នាំ ក៏នៅសល់ការប្រកួតផ្តាច់ព្រ័ត្រ ១ វិញ្ញាសាទៀត ផងដែរ។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងប្រភេទអាយុក្រោម ១៥ ឆ្នាំ បានបញ្ចប់ការប្រកួត ដោយការដណ្តើមបានមេដាយ ទាំង ២ វិញ្ញាសាតែម្តង ដោយក្នុងនោះកីឡាករ ស៊្រាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត បានឈ្នះមេដាយប្រាក់ លើវិញ្ញាសាគូ ហើយ ស៊្រាន វួចទ្រី និង ឈួន ស្រីនាត ដដែល បានសហការគ្នាជាមួយកីឡាការិនី ច្រឹង ចាន់ត្រា ដើម្បីឈ្នះបានមេដាយសំរឹទ្ធ លើវិញ្ញាសាទ្រីយ៉ូ ១ ទៀត។
ចំណែកមេដាយប្រាក់ ១ ទៀត គឺដណ្តើមបានដោយក្រុមអាយុក្រោម ១៨ ឆ្នាំ កាលពីថ្ងៃអាទិត្យ លើវិញ្ញាសាក្រុម របស់កីឡាការិនី ឌឹម អ៊នធីតា, ណេម សុខហេង, ស៊ីវ ចន្ថា, សួស ស្រីពៅ និងកីឡាការិនី ឈួន សុវណ្ណបញ្ញា ហើយនៅរសៀលថ្ងៃចន្ទនេះ កីឡាការិនី ណេម សុខហេង នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសាឯកត្តជនផងដែរ ដែលកម្ពុជាសង្ឃឹមថា នឹងដណ្តើមបានមេដាយបន្ថែមទៀត។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីប្រទេសថៃមកថា៖ «នៅរសៀលថ្ងៃចន្ទនេះ កីឡាការិនី ណេម សុខហេង នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសាឯកត្តជន ផ្នែកអាយុក្រោម ១៨ ឆ្នាំ ចំណែកក្រុមអាយុលើស ១៨ ឆ្នាំរបស់យើង ក៏ត្រូវប្រកួត នៅថ្ងៃនេះដូចគ្នា ដោយពួកគេ បានឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ ទាំង ៣ វិញ្ញាសា ហើយនេះជាមោទនភាពមួយទៀត ដែលយើងបានមើលឃើញពីភាពរីកចម្រើនរបស់អត្តពលិកយើង»។
ប្រតិភូដឹកនាំក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបន្ថែមថា៖ «សម្រាប់ក្រុមអត្តពលិកអាយុក្រោម ១៨ ឆ្នាំរបស់យើង មានបច្ចេកទេសរីកចម្រើនខ្លាំង បើប្រៀបធៀបទៅនឹងការប្រកួតមុនៗ ហើយនេះជាការកត់សម្គាល់មួយ សម្រាប់ជាក្តីសង្ឃឹមទៅថ្ងៃអនាគត ដោយខ្ញុំសង្ឃឹមថា យើងនឹងអាចឈានទៅដណ្តើមបានមេដាយមាស ១ នៅស៊ីហ្គេម ឆ្នាំ ២០២៣ តាមការដាក់សម្ទុះមេដាយរបស់ CAMSOC ជាមិនខាន»៕