ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមការដឹកនាំរបស់លោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន កាន់តែមានភាពជឿជាក់ខ្លាំង ក្នុងការឈានទៅសម្រេចគោលដៅធំ គឺការដណ្តើមយកមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីសហព័ន្ធនេះ បានចុះកិច្ចសន្យាទទួលយកគ្រូគុយបា ចំនួន២នាក់ ឱ្យចូលរួមបង្វឹកក្រុមជម្រើសជាតិកម្ពុជា ទាំងផ្នែកបាល់ទះក្នុងសាល និងឆ្នេរខ្សាច់នោះ។
នៅក្នុងពិធីចុះកិច្ចសន្យា នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ គឺសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចយកគ្រូបង្វឹកគុយបាលោក Karell Pena Ventozaឱ្យធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា និងលោក BertoFriol Barrios ជាគ្រូជំនួយក្រុមជម្រើសជាតិបាល់ទះក្នុងសាល។
ពិធីចុះកិច្ចសន្យាជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបាទាំង២រូបនេះ បានធ្វើឡើង ក្រោមវត្តមានរបស់លោកអាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងឱ្យកម្ពុជា និងលោក Leonid Abum Castillo តំណាងឱ្យភាគីគុយបា ហើយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា ក៏បានចូលរួម ធ្វើជាសាក្សី នៅក្នុងពិធីនោះដែរ។
លោកអាំង សិរីពិសិដ្ឋ បានថ្លែងនៅក្នុងពិធីចុះកិច្ចសន្យានោះថា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់លោកស្រីអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា គឺបានសម្រេចចុះកិច្ចសន្យា ជាមួយនឹងលោក Karell Pena Ventozaជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស និងលោក BertoFriol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស។
យ៉ាងណាក៏ដោយ នៅមុនការចុះកិច្ចសន្យា ទទួលយកគ្រូបង្វឹកគុយបាទាំង២នាក់ ក្នុងដំណាក់កាលទី១ រយៈពេល១ឆ្នាំនេះ គឺក្រុមមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានពិនិត្យរួចហើយ ទៅលើសមត្ថភាពរបស់គ្រូបង្វឹកបរទេសទាំង២នាក់នេះ នៅក្នុងអំឡុងការហ្វឹកហាត់សាកល្បងជាង១សប្តាហ៍ កន្លងមកនេះ។
លោក សិរីពិសិដ្ឋ បានបន្ថែមថា៖ «ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្តល់តិចនិក និងទស្សនវិស័យមួយចំនួន គឺសហព័ន្ធរបស់យើង ក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធាន និងឯកឧត្តម ស សុខា ជាអនុប្រធាន បានសម្រេចទទួលយកគ្រូបង្វឹកគុយបាទាំង២នាក់នេះ ក្នុងន័យតែមួយគត់ ដោយយើងមានមហិច្ឆតាចង់បានមេដាយមាសតែម្តង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
យ៉ាងណាក៏ដោយ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បានទទួលស្គាល់ថា ការនិយាយ និងការអនុវត្តជាក់ស្តែងនៅលើទីលាន វាមានភាពខុសគ្នា។ «អ្វីៗ មិនដូចជាការនិយាយទេ គឺជាក់ស្តែងការប្រកួតលើទីលាន តើយើងធ្វើបានកម្រិតណា? តែខ្ញុំជឿជាក់ថា ការយកគ្រូបង្វឹកទាំង២នាក់នេះមកជួយ គឺយើងអាចមានឱកាស និងក្តីសង្ឃឹមកាន់តែធំ ក្នុងការប្រជែងយកមេដាយមាស»។
ជាមួយគ្នានេះ លោក Leonid Abum Castillo និងកញ្ញា NatyelisRiol Cardenas ដែលជាអ្នកគ្រប់គ្រងលើគ្រូបង្វឹកគុយបា លោក Karell Pena Ventozaនិងលោក BertoFriol Barrios សុទ្ធតែតាំងចិត្តថា នឹងចូលរួមជាធ្លុងមួយ ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះ ក្នុងការប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសគឺការដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។
តាមរយៈកិច្ចសន្យារយៈពេល១ឆ្នាំនេះ លោក Karell Pena Ventozaនឹងត្រូវធ្វើការជាមួយគ្រូបង្វឹកកម្ពុជា ក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ចំណែកលោក BertoFriol Barrios នឹងត្រូវចូលរួមបង្វឹកក្រុមជម្រើសជាតិបាល់ទះក្នុងសាល ជាមួយគ្រូបង្គោលជនជាតិចិន លោក Li Jun ដែលទើបដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឱ្យឈ្នះបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២នេះ។
ទន្ទឹមនឹងនេះ លោក អាំង សិរីពិសិដ្ឋ បានអះអាងថា បច្ចុប្បន្ន ទេពកោសល្យរបស់កីឡាករបាល់ទះក្នុងសាលរបស់យើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងតិចនិកមួយចំនួន ព្រោះកាលណា យើងមានគ្រូបង្វឹកមកពី២ ឬ៣ប្រទេសផ្សេងៗគ្នា គឺមានន័យថា របៀបរបបនៃការបង្វឹក និងសមត្ថភាពរបស់ពួកគាត់ផ្សេងគ្នា។
លោកបានបញ្ជាក់ថា៖ «អ្វីដែលគ្រូចិនមាន គ្រូគុយបា អាចអត់មាន, អ្វីដែលគ្រូគុយបាមាន អាចថាគ្រូចិនអត់មាន ហើយអ្វីដែលគ្រូទាំង២នាក់នេះ អត់មាន អាចថា គ្រូខ្មែរយើងមានដូច្នេះហើយទាំង៣នាក់នេះដាក់បញ្ចូលគ្នា ខ្ញុំជឿជាក់ថា ចន្លោះខ្វះខាតរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅហើយ»។
«អ្វីដែលកីឡាករយើងខ្វះខាត ត្រូវបានបំពាក់បំប៉នបន្ថែម អ៊ីចឹងរយៈពេល៨ ឬ ៩ខែចុងក្រោយនេះ ខ្ញុំជឿជាក់ថា លោកគ្រូៗ អាចពង្រឹងគុណផលកីឡាករ បានដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន»។
លោក សិរីពិសិដ្ឋ បានបញ្ជាក់បន្ថែម ហើយលោកក៏បានឱ្យដឹងថា តាមរយៈលោកជំទាវ Liurka Rodríguez Barrios គឺកម្ពុជា នឹងរៀបចំឱ្យមានការប្រកួតមិត្តភាពជាមួយក្រុមមកពីប្រទេសគុយបា ដែលអាចធ្វើនៅក្នុងខែតុលា ដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ឱ្យបានកាន់តែប្រសើរ ក្នុងការឈានទៅរកការដណ្តើមបានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣៕