ភ្នំ​ពេញៈ សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹង​ជ្រើស​រើស​អត្ត​ពលិក​សម្រាប់​ការ​ប្រកួត​លើ​វិញ្ញា​សា Breakdance ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ លើក​ទី​ ៣២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣​។

កីឡា​រាំ គឺ​ជា​ប្រភេទ​កីឡា​​១​ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​ ៣៨ ដែល​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​​លើក​ទី​ ៣២ ឆ្នាំ ​២០២៣ បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ចម្រុះ​ដ៏ធំបំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​ព្រឹត្តិការណ៍​​​កីឡា​ប្រវត្តិ​សាស្ត្រ​ជាលើក​ដំបូង​នៅកម្ពុជា​។

ជាមួយ​គ្នា​នេះ សហ​ព័ន្ធ​កីឡា​​រាំ​កម្ពុជា ក៏​បាន​សម្រេច​បញ្ចូល​វិញ្ញា​សា Breakdance ធ្វើ​ជា​​វិញ្ញា​សា​១​ក្នុង​ចំណោម​វិញ្ញា​សា​​ទាំង​ ១២ ដែល​សហ​ព័ន្ធ​គ្រោង​ដាក់ឱ្យ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​ ៣២ នា​ពេល​ខាង​មុខ​នេះ ក្រោយពី​មើល​ឃើញ​ពី​សក្តា​នុ​ពល​ខ្ពស់​របស់​វិញ្ញាសា​ថ្មី​នេះ​។


ទាក់ទង​នឹង​ការ​បញ្ចូល​វិញ្ញាសា​ Breakdance សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កី​​ឡា​ប្រចាំ​តំបន់​ជាលើក​ដំបូង​​នេះ លោកស្រីហង្ស ស៊ីមន អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​រាំកម្ពុជា បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ១៧ ខែតុលា ថា៖ «ដើម​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​យើង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​បញ្ចូល​វិញ្ញា​សា​ថ្មី​នេះ គឺ​ដោយ​សារ​តែ​យើង​មាន​កីឡាករ និង​កីឡា​ការិនី​ ដែល​មាន​ជំនាញ និង​ធ្លាប់​មាន​បទពិសោធ​យូរ​ឆ្នាំ​រួច​ជាស្រេច»​។

លោក​ស្រី​បានប្រាប់​បន្ត​ថា៖ «អត្ត​ពលិក​ក្នុង​វិញ្ញា​សា Breakdance នេះ ធ្លាប់​បាន​​ហ្វឹក​ហាត់​តាំង​ពី​កុមារភាពជា​មួយនឹង​អង្គ​ការ Tiny Toonese និង​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​​នៅក្រៅ​ប្រទេស​ជាច្រើន​លើក ស្រប​ពេល​ដែលពួក​គេ​ក៏ធ្លាប់​ដណ្តើម​បាន​លទ្ធ​ផល​ដ៏​គួរឱ្យ​កត់​សម្គាល់​ផង​ដែរ​»។


បើតាមលោកស្រី​ស៊ីមន ការ​ចូលរួម​ប្រកួត​លើ​វិញ្ញា​សា Breakdance របស់ក្រុម​រាំ​កម្ពុជា ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សា​លាបង្រៀន​រាំ​ D.O.D Dance School របស់​ជប៉ុន ផងដែរ ខណៈ​ដែល​សា​លា​នេះ នឹង​ផ្តល់​ទាំង​គ្រូបង្វឹក និង​ការ​ជួយ​បញ្ជូន​អត្ត​ពលិក​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​។

អត្ត​ពលិក​ចំនួន ​៤ នាក់ ពោល​គឺ​កីឡា​ការិនី​ ២ នាក់ និង​កីឡាករ​ ២ នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អត្ត​ពលិក​​បម្រុង​ ២ នាក់​សម្រាប់​ទាំង​វិញ្ញា​សា Breakdance បុរស និង​នារី​ផង​ដែរ​នោះ នឹង​ត្រូវ​ជ្រើស​រើស​​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន ដើម្បី​ធ្វើ​ការ​បង្វឹក​​នៅកម្ពុជា រយៈ​ពេល ​២ ខែ​មុន មុន​នឹង​​ទទួល​ការ​ហ្វឹក​ហាត់​រយៈពេល​ ៣ ​ខែ​បន្ថែម​ទៀត ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​សមត្ថភាព​។

លោកស្រី​ ស៊ីមន បាន​បញ្ជាក់​ថា៖ «បើ​ទោះ​បី​វា​គឺ​ជា​វិញ្ញ​សា​ថ្មី​មួយក៏ដោយ ប៉ុន្តែ Breakdance ក៏​ជា​វិញ្ញា​សា​មួយ​ក្នុង​កីឡា​អូឡាំពិកភពលោក​ផងដែរ​។ យើង​ជឿជាក់​លើ​សមត្ថភាព​អត្ត​ពលិក​របស់​យើ​ងក្នុង​វិញ្ញា​សា​ថ្មី​នេះ ដោយ​សារ​តែ​យើង​បាន​ទទួល​​ការ​គាំទ្រ​ពី​សាលា​បង្រៀន​​​របស់​ជប៉ុន ​ D.O.D Dance School ដែលមាន​ភាពល្បី​ល្បាញ​លើ​ផ្នែក​រាំ​នេះ​តែម្តង​​។ បើ​ធៀប​​នឹង​ប្រទេស​ផ្សេង​ក្នុង​តំបន់ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រជែង​យក​មេដាយ​»​។

លោកស្រីអគ្គ​លេខា​ធិការ​​បន្ថែម​ទៀត​ថា៖ «អត្ត​ពលិក​របស់​យើង នឹង​​​ទទួល​ការ​​ហ្វឹកហាត់​នៅកម្ពុជា ចាប់​ពី​ខែ​នេះ​ត​ទៅ មុន​នឹង​ត្រូវ​ជ្រើស​រើស​ដើម្បី​ធ្វើ​ដំណើរ​ទៅប្រទេស​ជប៉ុន ដើម្បី​ទទួល​ការ​​ហ្វឹកហាត់​ប​នៅ​ចន្លោះ​ខែ​ធ្នូ និង​មករា ចំនួន​ ៣ ​ខែ​បន្ថែម​ទៀត ដើម្បី​ជ្រើស​រើស​យក​​កីឡាករម្នាក់ និង​កីឡា​ការិនី​ម្នាក់​សម្រាប់​ការ​ប្រកួត​លើ​វិញ្ញា​សា Breakdance»។

ស្រប​ពេល​ជាមួយ​គ្នានេះ លោកស៊ូវ តុង គ្រូបង្វឹក​នៃក្រុម​កីឡា​រាំ​ជម្រើស​ជាតិកម្ពុជា ក៏​បាន​​លើក​ឡើង​ដូចគ្នា​នេះ​ផង​ដែរ ក្រោយពី​បាន​មើល​ឃើញ​ពីកម្រិត​បច្ចេក​ទេស​នៃ​អត្ត​ពលិក​របស់ខ្លួន បើ​ទោះ​បី​ breakdance គឺជា​វិញ្ញា​សា​ថ្មី​មួយ​សម្រាប់​ក្រុម​អត្ត​ពលិក​កម្ពុជា​ ក៏ដោយ​​។

លោក​បានប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍ ថា៖ «ដោយផ្អែក​លើ​បទពិសោធ និង​បច្ចេក​ទេស​រាំ​របស់​អត្ត​ពលិក​របស់​យើង ដែល​​​ហ្វឹក​ហាត់​អស់រយៈពេល​ជា​យូរ​អង្វែង ក៏ដូច​ជា​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ពីគ្រូ​បង្វឹក​របស់​ជប៉ុន​ទាំងនៅកម្ពុជា និង​ប្រទេស​ជប៉ុន ខ្ញុំ​ជឿជាក់ យើង​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​យក​មេដាយ​ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ក្នុង​ប្រទេស​កម្ពុជា ជា​មិន​ខាន​»​។

បើ​យោង​​​តាម​គ្រូបង្វឹក​រូបនេះ សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា ក៏​នឹង​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួនទៅ​ធ្វើ​ការ​ហ្វឹកហាត់​ក្នុង​ប្រទេស​ចិន នៅ​ខែ​ធ្នូ ផង​ដែរ ដើម្បីពង្រឹង​​កម្រិត​បច្ចេក​ទេស និង​សមត្ថភាព​របស់​ពួក​គេ ដើម្បី​ត្រៀម​ប្រជែង​យក​មេដាយ ពេល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣​។

វិញ្ញា​សា Breakdance ត្រូវ​បាន​ដាក់​បញ្ចូល​ឱ្យ​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ស៊ី​ហ្គេម​ជាលើក​ដំបូង ក្នុង​ឆ្នាំ​ ២០១៩ ដោយ​មាន​ប្រទេស​ចំនួន ​៥​ ចូលរួម​ប្រកួតលើ​វិញ្ញាសានេះ រួម​មាន​ម្ចាស់​ផ្ទះ​ហ្វីលីពីន វៀតណាម សិង្ហ​បុរី ឥណ្ឌូ​នេស៊ី និង​ប្រទេស​ថៃ​។

សហព័ន្ធ​រាំកម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៦ នោះ បាន​បញ្ជូន​អត្ត​ពលិកឱ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចំនួន​ ២ លើក ពោល​គឺ​​ស៊ីហ្គេម នៅ​ហ្វីពីន ឆ្នាំ ​២០១៩ និង​ស៊ីហ្គេម នៅ​ប្រទេស​វៀត​ណាម កាលពី​ពាក់​កណ្តាល​ឆ្នាំ​នេះ ប៉ុន្តែ​មិន​បាន​ឈ្នះ​មេដាយ​ឡើយ​៕