ភ្នំពេញៈ ថ្នាក់​ដឹកនាំ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​និង​កីឡា​ករ​ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀត​ណាម បាន​បង្ហាញ​ភាព​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ថា ​ពួកគេ​នឹង​ទទួល​បាន​ជោគ​ជ័យ សម្រាប់​ឈាន​ទៅ​ដណ្តើម​យក​មេ​ដាយ​មាស​ ដើម្បី​សម្រេច​គោល​ដៅនៃ​ការ​ដាក់​សម្ទុះ​មេដាយ​របស់ ​CAMSOC ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង នៅ​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០២៣​។​

​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ដែល​មាន​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ ថោង ​ខុន ជា​ប្រធាន​និង​លោក​ សុខ ហុង ជា​អនុ​ប្រធាន​ត្រូវ​បាន​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC)​ ដាក់​សម្ទុះ​ត្រូវ​ដណ្តើម​ឱ្យ​បាន​មេដាយ​មាស​យ៉ាង​តិច ​១ ជូន​ជាតិ​បន្ទាប់​ពី​ក្រុម​នេះ​បាន​បំបែក​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ឈ្នះ​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​ប្រទេស​វៀត​ណាម​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ ២០២២​។​

​ជា​មួយ​គ្នា​នេះ​លោក ណយ ​ផា​ណា អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា ​សហ​ព័ន្ធ​របស់​យើង​តែង​តែ​មាន​ការ​ប្រជុំ​បច្ចេក​ទេស​ជា​មួយ​គណៈ​កម្មការ​បច្ចេក​ទេស​ជា​រឿយៗ​ទៅ​តាម​អនុ​សាសន៍​ណែនាំ​របស់​លោក ​ថោង ​ខុន និង​លោក​ សុខ ​ហុង គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សហ​ព័ន្ធ​នេះ​ដំណើរ​ការ​ទៅ​បាន​ល្អ ​ហើយ​ឈាន​ទៅ​សម្រេច​ការ​ឈ្នះ​បាន​មេដាយ​មាស​១​ទៅ​តាម​ការ​ដាក់​សម្ទុះ​មេ​ដាយ​របស់ ​CAMSOC​ ។​


​លោក​បាន​និយាយ​ថា​៖ «​បើ​ផ្អែក​ទៅលើ​ផែន​ការ និង​កា​រដាក់​ចេញ​នូវ​សម្ទុះ​មេដាយ​នោះ យើង​មាន​គោល​ការណ៍ និង​ផែន​ការ​ច្បាស់​លាស់​ក្នុងការ​រៀបចំ​។ យើង​ទទួល​បាន​ជោគ​ជ័យ​រួច​ហើយ​សម្រាប់​គម្រោង​ផែន​ការ​ចំនួន​ ២ ​របស់​យើង​អ៊ីចឹង​វា​នៅ​សល់​ផែន​ការមេ​ធំ​ចុង​ក្រោយគឺ​យើង​ត្រូវ​ឆ្ពោះ​ទៅ​ដណ្តើម​យក​មេដាយ​មាស​ ១ ទៅ​តាម​ការ​ដាក់​សម្ទុះ​របស់​ CAMSOC ហើយ​យើង​នឹង​ប្តេជ្ញា​ចិត្ត​រួមគ្នា​ថា ត្រូវ​ធ្វើ​ឱ្យ​បាន​»​។​

​ការ​ឈ្នះ​មេដាយ​ប្រាក់​ចំនួន​៣ និង​សំរឹទ្ធ​ ១ ពី​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​ ២០២១​ នៅ​ទីក្រុង​ហា​ណូយ ប្រទេស​វៀត​ណាម​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ ២០២២​ ត្រូវ​បាន​លោក ​ណយ​ ផាណា ​ចាត់​ទុកថា ជាការ​សម្រេច​គម្រោង​ផែន​ការ​ទី​១ ហើយ​បាន​ចាត់​ទុក ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​២​និង​សំរឹទ្ធ​១ពី​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជើង​ឯក​អាស៊ី​លើក​ទី​៧ ឆ្នាំ​ ២០២២ នៅ​ប្រទេស​ថៃ ​កាល​ពី​ខែសីហាថា ​ជាការស​ម្រេច​នូវ​ផែន​ការ​ទី​២ ក្នុងការ​សម្រួច​ផែន​ការ​រួម​ឈាន​ទៅ​ដណ្តើម​យក​មេដាយ​មាស​នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។​


​ជាមួយ​ការ​ឈាន​ទៅ​សម្រេច​ផែនកា​រ​ទី​៣​ចុង​ក្រោយ​នេះ ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​តាម​រយៈ​ CAMSOC និង​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​នាំយក​គ្រូបង្វឹក​បរទេស​មក​បង្វឹក​ក្រុម​កីឡា​កាយ​សម្ព័ន្ធ​អេ​រ៉ូ​ប៊ិក ​នៅ​ក្នុង​ស្រុក​ ហើយ​បាន​បញ្ជូន​ក្រុម​កាយ​សម្ព័ន្ធ​អា​ទី​ស្ទិ​កទៅ​ហ្វឹក​ហាត់​រយៈ​ពេល​វែង​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ការធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​របស់​កម្ពុជា នៅ​ឆ្នាំ​ ២០២៣ ​​។​

​លោក​ ណ​យ ផា​ណា បាន​បន្ថែម​ថា​៖ «​យើង​មាន​ផែន​ការ​រៀបចំ​កីឡា​ករ​ កីឡា​ការិនី​របស់​យើង ​ដោយ​ក្នុងនោះ​ក្រុម​កាយ​សម្ព័ន្ធ​អេ​រ៉ូ​ប៊ិក​របស់​យើងគឺ​យើង​មាន​ផែន​ការ​ច្បាស់​ច្រើន​ហើយ ​ចំណែក​ក្រុម​កាយ​សម្ព័ន្ធ​អា​ទី​ស្ទិក​ បាន​និង​កំពុង​ធ្វើការ​ហ្វឹក​ហាត់​និង​ប្រកួត​តេស្ត​សមត្ថ​ភាពនៅ​​ប្រទេស​ចិន ហើយ​សង្ឃឹម​ថា​ពេល​ត្រឡប់​មក​វិញ​ ពួកគេ​នឹង​មាន​លទ្ធ​ផល​ល្អ សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣»​។​

​ការ​លើក​ឡើង​បែបនេះ​របស់​លោក ​ណយ ​ផាណា បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ​ថោង ខុន លើក​ទី​៦ ឆ្នាំ​ ២០២២ នៅ​សាល​ដំបូល​ទូក នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​ ២៦ ​ខែតុលា​ ដោយ​ការ​ប្រកួត​នេះ មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​ប្រកួត​ចំនួន ​៦៤​ នាក់ ​ដោយ​ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅលើ​វិញ្ញា​សា​ចំនួន​ ១៣ គឺ​ផ្នែក​កាយ​សម្ព័ន្ធ​អេ​រ៉ូ​ប៊ិក ​៥ ​វិញ្ញាសា​ និង​អា​ទីស្ទិក​ ៨ ​វិញ្ញាសា​។​

​ជា​មួយ​គ្នា​នេះ ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ក៏បាន​បញ្ជ្រាប​នូវ​ច្បាប់ និង​បទ​បញ្ជា​ប្រកួត​ថ្មីៗ​របស់​សហ​ព័ន្ធ​កីឡា​អន្តរ​ជាតិ​ទៅ​ដល់​មន្ត្រី​បច្ចេក​ទេស​របស់​ខ្លួន​ផងដែរ​ ដើម្បី​នាំយក​ចំណេះ​ជំនាញ​ថ្មីៗ​ទាំង​នោះ ​មក​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ​តែម្តង​ ដើម្បី​ពង្រឹង​ជំនាញ​នេះ​ឱ្យ​កាន់តែ​ច្បាស់​លាស់ ​សម្រាប់​ត្រៀម​ទៅ​ចូល​រួម​កាត់​សេច​ក្តី​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។​

​លោក ​ណ​យ ផា​ណា ​បាន​ឱ្យ​ដឹង​ទៀត​ថា គិត​មក​ទល់​ពេល​នេះ ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ ផ្នែក​អាអេ​រ៉ូ​ប៊ិក មាន​ចៅ​ក្រម​អន្តរ​ជាតិ​ចំនួន​៥​នាក់​ គ្រប់​តាម​ការ​កំណត់​ហើយ ​ប៉ុន្តែ​ខាង​កាយ​សម្ព័ន្ធ​អា​ទី​ស្ទិ​ក នៅ​ខ្វះ​ម្នាក់​ទៀត ដោយ​បច្ចុប្បន្ន ​លោក​កំពុង​ទាក់​ទង​ទៅ​សហ​ព័ន្ធ​កីឡា​អាស៊ី ​និង​សហ​ព័ន្ធ​អន្តរ​ជាតិ ​ដើម្បី​ឱ្យ​ពួកគាត់​ជួយ​ស្វែងរក​នីតិ​វិធី​សម្រាប់​កម្ពុជា ​បាន​ទៅ​ប្រឡង​យក​អាជ្ញា​ប័ណ្ណ​បន្ថែម​បាន​ម្នាក់​ទៀត​។​

​ទោះ​បីជា​យ៉ាង​ណា ​លោក ណ​យ ផា​ណា បាន​អះ​អាង​ថា ពាក់​ព័ន្ធ​នឹង​ចំនួន​ចៅ​ក្រម​អន្តរ​ជាតិ ដែល​ត្រូវ​ប្រើប្រាស់ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​នេះ វា​មិន​មាន​ជា​បញ្ហា​អ្វី​នោះ​ទេ ​ព្រោះ​វា​ស្ទើរ​គ្រប់​អស់​ទៅ​ហើយ ​ប៉ុន្តែ​អ្វីដែល​ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នោះ​គឺ​ការ​ដុស​ខាត់​សមត្ថ​ភាព​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ ឱ្យបាន​កាន់​តែ​ប្រសើរ សម្រាប់​ឈាន​ទៅ​ដណ្តើម​យក​មេ​ដាយ​មាស​ជូន​ជាតិ​។​

​លោក​បញ្ជាក់​ថា​៖ «​អ្វីដែល​យើង​ផ្ច​ត់​មែន​ទែន គឺ​ធន​ធាន​កីឡាករ​ កីឡាការិនី ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​ហើយ​ ជា​អ្នក​ធ្វើ​ឱ្យ​យើង​មាន​មុខ​ មាន​មាត់ ​ជា​ពិសេស​មាន​មោទន​ភាព​សម្រាប់​ជាតិ​យើង​។ នេះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ ដែល​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល​ ៦៤​ ឆ្នាំ ហើយ​នេះ​ជា​មោទន​ភាព​សម្រាប់​ជាតិ​យើង ​ដូច្នេះ​យើង​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ​ឱ្យ​បាន​ល្អ​ទាំង​ព្រម គឺ​ការ​ដឹកនាំ​ប្រទេស​ក៏​ល្អ ការ​បដិ​សណ្ឋារ​កិច្ច​ក៏​ល្អ ​អ្នក​ជំនាញ​ក៏​ច្បាស់​លាស់ ​អាហ្នឹង​ទើប​យើង​អាច​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់​គ្នា​»​។​

​ជា​មួយ​គ្នានេះ ​កីឡាករ​ជម្រើស​ជាតិ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​ជឿន ​ចាន់​បូរី ដែល​ទើប​ដណ្តើម​បាន​មេដាយ​ប្រាក់​ ១ លើ​វិញ្ញា​សា​ប្រកួត​ជា​ក្រុម​ និង​សំរឹទ្ធ​ ១​ ទៀត​ លើ​វិញ្ញាសា​ឯកត្ត​ជន លើ​ជំនាញ​អេ​រ៉ូ​ប៊ិក ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១​ នៅ​ប្រទេស​វៀត​ណាម​ កាល​ពី​ខែឧសភា​ ឆ្នាំ​ ២០២២​ បាន​បង្ហាញ​ទំនុក​ចិត្ត​ថា ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា នឹង​អាច​ដណ្តើម​បាន​មេដាយ​មាស​នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​ជាក់​ជា​មិន​ខាន​ឡើយ​។​

​កីឡាករ​វ័យ ​២៣ ​ឆ្នាំ ដែល​កំពុង​ផ្តោត​ការហ្វឹកហា​ត់​ខ្លាំង​លើ​វិញ្ញា​សា​ទ្រី​យ៉ូ​ ៣​ នាក់ សម្រាប់​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​ជឿន​ ចាន់​បូរី បាន​មើល​ឃើញ​ថា កម្រិត​បច្ចេក​ទេស​រប​ស់​ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា​ មាន​ការ​កើន​ឡើង​ជាបន្ត​បន្ទាប់​ ក្រោម​ការ​បង្ហាត់​បង្ហាញ​ទាំង​ជា​មួយ​គ្រូ​បង្វឹក​បរទេស ​និង​គ្រូ​បង្វឹក​ខ្មែរ ដែល​អាច​មាន​កម្រិត​លើ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ថៃ​ផង​ដែរ​។​

​កីឡាករ​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​វេ​ស្ទើ​នលើ​ជំនាញ​ទេស​ចរណ៍ ជឿន ចាន់​បូរី បាន​បញ្ជាក់​ថា​៖ «​ការ​ដាក់​គោល​ដៅ​ដណ្តើម​យក​មេ​ដាយ​មាស​នៅ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ​គឺ​យើង​អាច​ធ្វើ​បាន​ ព្រោះ​កម្រិត​បច្ចេក​ទេស​ទេសរ​បស់​យើង​នៅ​ពេល​នេះ មាន​ការ​កើន​ឡើង​ជាប​ន្ត​បន្ទាប់ ​ដែល​អាច​ថា នៅ​សល់​តែវៀត​ណាម​ មួយ​ទេ​ជា​ឧប​សគ្គ​ធំ​របស់​យើង ចំណែក​ប្រទេស​ផ្សេង​ទៀត​យើង​អាច​នៅលើ​ហើយ ​ហើយ​ស៊ី​ហ្គេម​លើក​នេះ​ ត្រូវធ្វើ​នៅ​ប្រទេស​យើង​ទៀត​អ៊ីចឹង​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​យក​មេដាយ​មាស​ជូន​ជាតិ​»៕