ភ្នំពេញៈ ​កម្ពុជា តាមរយៈ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​សមាគម​កីឡា​កម្ពុជា​-​អាមេរិក ព្រមទាំង​បង្កើតឱ្យមាន​កិច្ច​សហប្រតិបត្តិ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​បារាំង ដើម្បី​បើកផ្លូវ​ឱ្យ​មាននៅ​ការប្រកួត​មិត្តភាព​អន្តរជាតិ នាពេលខាងមុខ ជាពិសេស​គឺ​ការជ្រើសរើស​កីឡាការិនី ដែល​រស់នៅ​ក្រៅប្រទេស ឱ្យមក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ត្រៀម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។​

មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក អាំង សិរី​ពិសិដ្ឋ បានចាត់ទុក​ការចុះ MoU និង​ការបង្កើតឱ្យមាន​នូវ​ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​ជា​អំណាច​ខាង​វិស័យ​បាល់ទះ​ទាំង ​២ ​អាមេរិក​-​បារាំង ជាការ​បើកផ្លូវ​ឱ្យ​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា មានឱកាស​កាន់តែច្រើន ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​គុណ​ផល​របស់ខ្លួន ដើម្បី​អាចឈាន​ទៅ​សម្រេចការ​ឈ្នះ​បាន​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយក៏​ដើម្បី​ធ្វើឱ្យមាន​ភាពលេច​ធ្លោ​កាន់តែខ្លាំង នៅលើ​ឆាក​អន្តរជាតិ ផងដែរ​។​


អគ្គលេខាធិការ​សហព័ន្ធ លោក អាំង សិរី​ពិសិដ្ឋ បាន​ថ្លែងថា​៖ «​កាលដែល​យើង​បានធ្វើ​ទំនាក់ទំនង​កិច្ចការងារ​បរទេស ជាមួយ​បណ្តា​ប្រទេស នៅលើ​ពិភពលោក​នេះ គឺ​វា​ជា​ជំហាន​ថ្មី ក៏​ដូច​ផែនការមេ​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​យើង បានន័យថា យើង​មិនអាច​ជោគជ័យ ដូច​កង្កែប​ក្នុង​អណ្តូង​ទេ​។ ភាពជោគជ័យ និង​ភាព​អស្ចារ្យ​របស់​សហព័ន្ធ គឺ​យើង​ចង់​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ទទួលស្គាល់​យើង​ដែរ​»​។​


តាម​លោក អាំង សិរី​ពិសិដ្ឋ បានឱ្យដឹងថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​កីឡាបាល់ទះ​បារាំង កាលពី​ថ្ងៃទី​ ២៧ ខែតុលា​នេះ តាមរយៈ​កិច្ចប្រជុំ​តាម ZOOM រវាង​លោក Eric Tanguy ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​បារាំង លោក​ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​កម្ពុជា ប្រចាំ​នៅ​ប្រទេស​បារាំង និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយ​កិច្ច​សហ​ប្រតិការ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កម្ពុជា បាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​គុយបា និង​បាន​នាំយក​គ្រូបង្វឹក​គុយបា មកជួយ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​ក្នុង​សាល និង​ឆ្នេរ​ខ្សាច់ កាលពី​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​ ២០២២​ កន្លងទៅនេះ​។​

លោក អាំង សិរីពិសិដ្ឋ ពេល​ប្រជុំតាមអនឡាញ​ជាមួយ​សមាគម​កីឡាកម្ពុជា-អាមេរិក នៅទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា។ រូប​ថត សហការី

តាមរយៈ​កិច្ចប្រជុំ​តាម ZOOM នោះ លោក សិរី​ពិសិដ្ឋ បាន​អះអាងថា កម្ពុជា​ទទួលបាន​ផ្លែផ្កា​ដ៏​ល្អប្រសើរ ដោយ​ក្នុងនោះ លោក​អគ្គស្នងការ​នគ​របាល​ជាតិ នេ​ត សាវឿន បាន​សំណូមពរ​ទៅកាន់​ភាគី​បារាំង ចំនួន​ ២ ​ចំណុច ទី​ ១ ការអញ្ជើញ​ក្រុមកីឡា​បាល់ទះ​កម្រិត​ជាតិ កម្រិត A ឬ B ឬក៏​ក្លិប​អាជីព​នៅ​ប្រទេស​បារាំង ឱ្យធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​កម្ពុជា ហើយ​ទី​ ២ កម្ពុជា​អាច​បញ្ជូន​ក្រុម​កីឡាករ​របស់ខ្លួន ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ប្រទេស​បារាំង​។​

«​ខ្ញុំ​ជឿជាក់ថា បងប្អូន​ជនរួមជាតិ បាន​ជ្រាប​ហើយ បារាំង ជា​មហាអំណាច​បាល់ទះ ហើយ​បើ​ខ្ញុំ​ចាំ​មិន​ខុស គឺ​ឈរ​នៅ​លេខ​៣ ក្នុង​ពិភពលោក អ៊ីចឹង​កម្រិត​របស់គាត់ ខ្ពស់ជាង​គុយបា​ទៅទៀត ហេតុនេះ​ទោះជា​ក្រុម​ស្ថិតក្នុង​កម្រិត​អាយុ​ណាមួយ ក៏​គុណ​ផល​របស់គេ ខ្លាំង​លើសលប់​រួចស្រេច​ទៅហើយ ក្នុងខណៈ​កម្ពុជា​យើង ឈរ​នៅ​លេខ​ ១៤១ ​ឯណោះ ចំណែក​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​តំណាងឱ្យ​ប្រទេស​ទាំង ​២ ​នេះ នឹង​លេច​រូបរាង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ លោក សិរី​ពិសិដ្ឋ បានបញ្ជាក់​។​

ដោយឡែក ចំពោះ​ការចុះ MoU ជាមួយ​សមាគម​កីឡា​កម្ពុជា​-​អាមេរិក និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ត្រូវបាន​ធ្វើឡើង​តាម ZOOM កាលពី​ថ្ងៃទី​ ២៨ ខែតុលា រវាង​លោក អាំង សិរី​ពិសិដ្ឋ ផ្ទាល់់​ជាមួយ​ថ្នាក់ដឹកនាំ​របស់​សមាគម​កីឡា​កម្ពុជា​-​អាមេរិក ហើយ​តាមរយៈ​ជំនួប​នោះ ភាគី​កម្ពុជា បានស្នើ​សុំឱ្យ​ភាគី​អាម​រិ​ក ជួយ​កម្ពុជា បង្កើតឱ្យមាន​ការប្រកួត​លើ​វិញ្ញាសា​បាល់ទះ​ឆ្នេរ​ខ្សាច់​ផ្នែក​នារី​។​

លោក​បាន​បញ្ជាក់ថា​៖ «​កីឡាការិនី​ប្រភេទ​ឆ្នេរ​ខ្សាច់ នៅ​ប្រទេស​កម្ពុជា​របស់​យើង អត់​ដែលមាន​ទេ ភាគច្រើន វា​ពាក់ព័ន្ធ​ទៅនឹង​វប្បធម៌​ប្រពៃណី ក៏​ថា​បានដែរ ហើយ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន ក៏​អ៊ីចឹង​ដែរ គឺ​ការ​ស្លៀក​ប៊ី​គី​នី មិនអាច​លេង​បានទេ ដូច្នេះហើយ​វិញ្ញាសា​មួយ​នេះ មិន​ត្រូវបាន​អ្នកណា​ផ្ដួចផ្ដើម​គំនិត​នោះឡើយ​។ ខ្ញុំ​ជឿជាក់ថា វប្បធម៌ អរិយធម៌ យើង​ត្រូវតែ​ថែរក្សា​ហើយ ប៉ុន្តែ​ពិភពលោក​សកលភាវូបនីយកម្ម ក៏​យើង​មិន​ត្រូវតែ​បុរាណ​និយម​ពេក​នោះដែរ ក្នុងន័យ​តែមួយ គឺ​អភិរក្ស តែ​ត្រូវមាន​ការអភិវឌ្ឍ​»​។​

សកម្ម​ភាព​ហ្វឹកហាត់របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​បាល់ទះ​កម្ពុជា នៅប្រទេស​ចិន។ រូប​ថត សហការី

ជាមួយគ្នានេះ អគ្គលេខាធិការ​សហព័ន្ធ​រូបនេះ បាន​សំណូមពរ​ដល់​បណ្ដា​អត្ត​ព​លិ​ក​កម្ពុជា​របស់​យើង មិន​ត្រឹមតែ​នៅ​អាមេរិក​ទេ គឺ​នៅតាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ទាំងអស់ គឺ​ឱ្យតែ​គាត់​មាន​ឆន្ទៈ​ស្រឡាញ់​ជាតិ ចង់​ជួយ​ជាតិ ជ្រោង​កីឡា​ជាតិ គឺ​សហព័ន្ធ​ស្វាគមន៍ ក្នុងករណី​ដែល​គាត់​មាន​ទេពកោសល្យ​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​កីឡាករ កីឡាការិនី តំណាង​ជាតិ​របស់​យើង គឺ​ធ្វើ​ម៉េច​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ខាងមុខនេះ​។​

ទន្ទឹមនឹងនោះ កម្ពុជា ក៏បាន​ស្នើ​សមាគម​កីឡា​កម្ពុជា​-​អាមេរិក ឱ្យជួយ​ស្វែងរក​កីឡាការិនី​ក្នុង​សាល រស់នៅ​ក្រៅប្រទេស សម្រាប់​ចូលរួម​ប្រកួត​តំណាងឱ្យ​កម្ពុជា​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា ក្រុមកីឡា​ការិនី​របស់​កម្ពុជា ពេលនេះ នៅមានកម្រិត​ទាប​ខ្លាំង ពិបាក​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេសជិតខាង ដោយ​សហព័ន្ធ ទើប​ជ្រើសរើស​បាន​កីឡាការិនី​ ១៤ ​នាក់ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ខណៈ​កន្លងមក​កម្ពុជា មិន​ធ្លាប់​បង្កើត​ក្រុម​ជម្រើសជាតិ​នារី ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​បរទេស​នោះទេ​។​

លោក សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​និយាយ​ដោយស្មោះ​ត្រង់ គុណ​ផល​របស់​យើង គឺ​នៅមានកម្រិត​ទាប​បំផុត ដោយសារ​ការប្រកួតប្រជែង​បាល់ទះ​នារី​របស់​យើង គឺ​មិន​សម្បូរបែប ខុសពី​បុរស អ៊ីចឹង​យើង​ទាមទារ​ឱ្យ​ជនរួមជាតិ ជា​ជនជាតិខ្មែរ រស់​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ នៅលើ​ពិភពលោក ដែលជា​អត្ត​ព​លិ​ក​មានគុណ​ផល​ល្អ មាន​ទេពកោសល្យ​ល្អ ហើយ​កំពុង​លេង​ឱ្យ​សាកលវិទ្យាល័យ វិទ្យាល័យ នៅ​ស្រុក​គេ គឺ​គាត់​អាចមក​ចូលរួម​លេង​តំណាងឱ្យ​កម្ពុជា​បាន ជាមួយនឹង​កីឡាការិនី ដែល​យើង​ទើបតែ​រើស​បាន​ ១៤​ នាក់​»​។​

សម្រាប់​ការអំពាវនាវ​រក​កីឡាករ​កូន​ខ្មែរ នៅក្រៅ​ប្រទេស មកលេង​តំណាងឱ្យ​កម្ពុជា លោក អាំង សិរី​ពិសិដ្ឋ មានការ​ជឿជាក់ថា សមាគម​កីឡា​កម្ពុជា​-​អាមេរិក នឹង​ជ្រើសរើស​បាន​កីឡាការិនី ដែលមាន​គុណ​ផល​ល្អ នៅ​សហរដ្ឋអាមេរិក ដើម្បី​យកមក​លេង​តំណាងឱ្យ​កម្ពុជា ហើយ​ជាមួយគ្នានេះ កម្ពុជា ក៏បាន​ស្នើឱ្យ​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​បាល់ទះ​អាមេរិក និង​ក្រុម​កម្ពុជា ផងដែរ ខណៈ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុងស្រុក កាលពីពេល​ថ្មីៗ​នេះ ក្រុម​កម្ពុជា បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី ដោយ​លទ្ធផល ២-១ និង​បាន​បន្ត​ឈ្នះ​ក្រុម​ U21​ ជម្រើសជាតិ​គុយបា ៣-២​។​

លោក អាំង សិរី​ពិសិដ្ឋ បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​បាន​សំណូមពរ​ទៅ​សហរដ្ឋអាមេរិក ដូច​យើង​បាន​សំណូមពរ​ទៅខាង​សហព័ន្ធ​កីឡាបាល់ទះ​បារាំង​ដែរ ដោយ​យើង​បានស្នើ​សុំឱ្យ​មាន​ក្រុម​បាល់ទះ​របស់​សហរដ្ឋអាមេរិក ហោះ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ឬ​យើង​ហោះ​ពី​ស្រុក​ខ្មែរ ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក អ៊ីចឹង​នៅពេល​មានការ​ប្រកួត​អន្តរជាតិ​បែប​ហ្នឹង​កាន់តែច្រើន យើង​អាច​ពង្រឹង​គ្រឹះ​របស់​កីឡាករ​កម្ពុជា កាន់តែខ្លាំង​ថែមទៀត​»៕