ភ្នំពេញ៖ វីរ​កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​បង្ហាញ​ពីកម្រិត​នៃ​ការ​ប្រកួត​ប្រជែង​យ៉ាង​​ល្អ​បំផុត ដោយ​កញ្ញា បាន​​ប្រើ​ជំនាញ​ចាប់ក្លេ បង្ខំ​​ដៃគូ​ឱ្យ​បោះបង់ចោលការ​ប្រកួត​ទាំង​អស់ ដើម្បី​ឡើង​ទៅដណ្តើម​យក​មេដាយ​មាស ជាមួយកីឡាការិនី​អេស្ប៉ាញ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ការ​ប្រកួត​កីឡា​ជឺជីត​ស៊ូ​ជើងឯក​ពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ដែល​កំពុង​ដំណើរ​ការ នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

បើទោះបីជាម្ចាស់មេដាយមាស​កីឡាអាស៊ី ខាន់ ចេសា បាន​ខកខាន​ឱកាស​ដ៏​ធំ ក្នុងការ​ស្វែង​​រក​មេដាយមាស​ឱ្យកម្ពុជា សម្រាប់ការ​ប្រកួតស៊ីហ្គេម នៅប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២២​ នេះ ដោយសារ​កីឡាការិនី​កូនខ្មែរ-អាមេរិក​រូបនេះ មានទម្ងន់​លើស​ការ​កំណត់​​​​ចំនួន​ ២ ខាំ ប៉ុន្តែ​សម្រាប់ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើងឯក​ពិភព​លោក នៅទីក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម លើកនេះ ចេសា បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​បំផុត និង​បាន​ឈ្នះ​​គ្រប់​ការ​ប្រកួត ដើម្បី​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ។

សម្រាប់ការ​ប្រកួត លើ​វិញ្ញាសា Jiu Jitsu (Newaza) ប្រភេទ​ទម្ងន់ក្រោម​ ៥២​ គីឡូក្រាមនេះ ខាន់ ចេសា បានចាប់​ផ្តើមការ​ប្រកួត​ជម្រុះ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ពុធនេះ ដោយបាន​ផ្តួល​កីឡាការិនី​របស់​ហ្វីលីពីន Baluyot ឱ្យ​បោះបង់ការ​ប្រកួត ត្រឹមរយៈពេល​ ២ នាទី និង​​ ២៣ វិនាទី ក្នុងគម្រោងនៃ​ការប្រកួតសរុប ដែល​មាន​រយៈ​ពេល​ ៦ នាទី។


បន្ថែម​ទៅលើ​​ការ​​ផ្តូល​កីឡាការិនី​របស់ហ្វីលីពីន​យ៉ាងលឿននេះ ខាន់ ចេសា បាន​បន្ត​យក​​ឈ្នះ​លើ​កីឡាការិនីម្ចាស់ផ្ទះអេមីរ៉ាត​អារ៉ាប់រួម Shraim Maitha ដោយការ​វ៉ៃ​ឱ្យ​​បោះបង់ចោលការ​ប្រកួត​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដូចគ្នា សម្រាប់ការ​ប្រកួត​ជុំទី​៣ លើ​ប្រភេទទម្ងន់​ក្រោម ​៥២​ គីឡូក្រាម​នេះ ដើម្បី​ឡើង​ទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

ខាន់ ចេសា (ស្តាំ) ពេល​ប្រកួត​ឈ្នះ​កីឡាការិនី​អ៊ីស្រាអែល Aronov Pnina នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ រូប​ថត សហការី​


សម្រាប់​ការ​ឡើងទៅ​ជួប​កីឡាការិនី Aronov Pnina នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ ខាន់ ចេសា នៅតែ​ធ្វើ​បាន​យ៉ាង​ល្អ ក្នុងការ​ប្រើជំនាញ​របស់​ខ្លួន វ៉ៃ​​ឱ្យ​កីឡាការិនី​របស់​អ៊ីស្រា​អែលម្នាក់នេះ រហូតអាជ្ញាកណ្តាលបញ្ឈប់ នៅនាទី ២:៤១ (៣នាទី និង​១៩ វិនាទី) ក្នុង​គម្រោង​នៃការ​ប្រកួត​សរុបចំនួន ​៦ នាទី។

ជាមួយ​ការ​ទទួលបានជ័យជម្នះយ៉ាង​ល្អ​បំផុត ដោយការ​ផ្តួល​​ដៃគូ​​ឱ្យបោះ​បង់​ការ​ប្រកួត​ទាំង ​​​៣​ លើកជាប់ៗ​គ្នានេះ បានជួយ​ឱ្យ ខាន់ ចេសា មាន​មេដាយ​ប្រាក់​នៅក្នុងដៃ​រួច​ជា​ស្រេច មុន​​ពេល​​កីឡាការិនី​ដ៏​ឆ្នើម​របស់​កម្ពុជា​រូប​នេះ ត្រូវឡើងទៅ​​ប្រកួតដណ្តើម​យក​មេដាយមាស ក្នុង​វគ្គ​​​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនី​អេស្ប៉ាញ Matthews Martin Naiomi ដែល​ត្រូវ​​ធ្វើ​​នៅ​ម៉ោង ​៧ ​យប់​នេះ (ម៉ោងនៅកម្ពុជា)។

សម្រាប់ការ​ប្រកួតផ្តាច់ព្រ័ត្រ​នេះ អាច​នឹង​មាន​ភាពតានតឹងខ្លាំង ព្រោះ​កីឡាការិនី​របស់​អេស្ប៉ាញ​រូបនេះ ក៏បាន​ឈ្នះ​គ្រប់ការ​ប្រកួតដូចគ្នា ព្រោះ​ការ​ប្រកួត​លើ​វិញ្ញាសា Jiu Jitsu (Newaza) ប្រភេទ​ទម្ងន់ក្រោម​ ៥២ ​គីឡូក្រាមនេះ មាន​កីឡាការិនី​ចំនួន​ ១៥ ​នាក់ មក​ពី​ ១៥ ​ប្រទេស​​ផ្សេង​គ្នា បានចូល​រួម ហើយ​នៅ​ពេលនេះ គឺ​នៅសល់​តែ ខាន់ ចេសា និង​ Matthews Martin Naiomi នេះឯង ដែល​ត្រូវ​ប្រកួតគ្នា ដណ្តើម​យក​មេដាយមាស​ នៅយប់​ថ្ងៃពុធ​នេះ។

ចំណែក​កីឡាករជឺជីតស៊ូ​កម្ពុជា​ចំនួន​ ២ នាក់​ទៀត នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ស្អែក​នេះ ដោយក្នុង​នោះ កីឡាករ​ ហួរ សេងហុង ត្រូវ​ប្រកួត​វិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់​ក្រោម ​៦៩ គីឡូក្រាម ហើយ​កីឡាករ ថន អេនដ្រូ ប្រកួត​វិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់​ក្រោម ​៦២ គីឡូក្រាម ហើយការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួមការ​ប្រកួត​ជើង​ឯក​ពិភព​លោក​​​នេះ ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ដឹកនាំដោយលោក ថោង បញ្ញាធន និង​​គ្រូ​បង្វឹក​ជនជាតិ​អូឡង់ លោក Jasper Paas៕