ភ្នំពេញៈ កីឡាករ​ជើងខ្លាំងមកពី​ជាយ​ដែន​ ឃីម បូរ៉ា ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជីជាតិ​ថា ឃុន បូរ៉ា បាន​​​​និងកំពុង​ផ្តោត​ខ្លាំង​ទៅលើការ​ពង្រឹង​សមត្ថ​ភាពបន្ថែម គឺ​​ធ្វើ​យ៉ាងណា​​ឱ្យខ្លួនឯង​​មាន​លទ្ធភាព​​គ្រប់​​​គ្រាន់​​ទាំងលើ​គុណ​ភាព​កម្លាំង និងបច្ចេក​ទេស ដើម្បី​ត្រៀម​វ៉ៃ​ដណ្តើម​យក​ផ្ទះ​វីឡា​ជាមួយ ឈុត សេរីវ៉ាន់ថង ព្រមទាំងសម្រួច​ទិសដៅ ក្នុងការ​ឈានទៅ​​ដណ្តើម​យក​មេដាយ​ជូនជាតិ​បន្ថែម​ទៀត ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ដោយ​មាន​ស្រុកកំណើត នៅ​ខេត្ត​បន្ទាយ​មានជ័យ ឃីម បូរ៉ា ត្រូវបានគេ​ចាត់​ទុក​ថា ជា​កីឡាករ​​ជើង​ខ្លាំងលំដាប់ A របស់​កម្ពុជា ដែល​ពិបាក​នឹង​រក​គូ​ប្រកួត​បាន។ តែ​ទោះបីជា​យ៉ាង​ណា បូរ៉ា ​មិន​ដែល​បង្ហាញពី​ភាពអួតអាងទៅលើ​សមត្ថ​ភាព​របស់​ខ្លួន ហើយមើល​ស្រាល​ទៅ​លើគូ​ប្រកួត​​​​​​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​​​រូបគេ បាន​បង្ហាញ​ទៅ​កាន់​អ្នកគាំ​ទ្រ គឺ​ការ​ប្រកួត​ដ៏ល្អ ជាមួយ​បច្ចេក​​ទេស​​វាយចេញ​ដ៏​សម្បូរ​បែប។

សម្រាប់​ការ​​ចាប់អាជីព​ជា​អ្នក​ប្រដាល់​អស់រយៈ​ពេល​ជាង​ ១៦ ​ឆ្នាំ​មក​នេះ ឃីម បូរ៉ា ធ្លាប់​បាន​​​ឆ្លងកាត់ភាព​ជូរ​ចត់រាប់​មិនអស់ ទម្រាំអាច​​សាង​បាន​ភាព​ល្បី​ល្បាញ​ដូចសព្វ​ថ្ងៃ ដោយ​ពេល​នេះ​ បូរ៉ា កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ចំនួន​៣​ស្ថាប័ន ដែល​រូបគេ ដណ្តើម​​បាន នៅលើ​សង្វៀន CNC ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​តាម​រយៈ​ជោគ​ជ័យ​នេះ អាច​និយាយ​បាន​ថា ជើងខ្លាំង​លំដាប់កំពូលៗ នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ដូចជា ម៉ឺន មេឃា, ឈុត សេរីវ៉ាន់​ថង និង​ម្ចាស់មេដាយ​ប្រាក់ស៊ីហ្គេម តាញ់ មករា ជា​ដើម គឺ បូរ៉ា ធ្លាប់បាន​យក​ឈ្នះ​អស់​ហើយ។


យ៉ាង​ណា​មិញ បច្ចុប្បន្ន​នេះ ឃីម បូរ៉ា កំពុង​ផ្តោតការយក​ចិត្ត​ទុក​ដាក់កាន់​តែ​ខ្លាំង ទៅ​លើការ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ពាន​រង្វាន់ ​«សម្តេច​ពិជ័យ​សេនា ទៀ បាញ់» នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ជាមួយ​ជើង​ខ្លាំង ឈុត សេរីវ៉ាន់ថង ដោយ​អ្នក​ឈ្នះ នឹង​ទទួលបាន​ផ្ទះវីឡាតែម្តង តែ បូរ៉ា បាន​មើល​ឃើញ​ថា ការ​ជួបគ្នា​លើក​នេះ អាច​លំបាកខ្លាំង។

ឃីម បូរ៉ា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកាថា៖ «ការជួប ឈុត សេរីវ៉ាន់ថង លើក​នេះ ខ្ញុំ​គិត​ថា អាច​មានការ​លំបាកជាងមុន ព្រោះ​ពេលនេះ គាត់ឡើង​ខ្លាំង គឺ​ទាំង​បច្ចេក​ទេស​ប្រកួត កម្លាំងនិង​ទឹក​ចិត្ត​ប្រកួត​របស់​គាត់ មានការ​ប្លែក​ច្រើន។ អ៊ីចឹងការ​ប្រកួត​លើក​នេះ យើង​មិន​ទាន់អាច​វាយ​តម្លៃ​ទុក​មុនបាន​ទេ គឺលុះ​ត្រា​តែ​ឡើង​ដល់​លើ​សង្វៀន​តែម្តង ទើប​ដឹង​ច្បាស់​»។


តាម​ប្រវត្តិ​ជួបគ្នា​ ៤​ លើក​កន្លង​មក ឃីម បូរ៉ា ធ្លាប់​បាន​ចាញ់ ឈុត សេរីវ៉ាន់​ថង សម្រាប់​ការ​​ជួបគ្នា​លើក​ទី​១ ប៉ុន្តែ​ការ​ជួបគ្នា​៣​លើក​ចុងក្រោយ កាលពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ បូរ៉ា បាន​ឈ្នះ​ ២ ដង​វិញ និង​ស្មើពិន្ទុ​គ្នា​ ១​ លើក។ ចំណែក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​​ពាន​រង្វាន់ ​«សម្តេច​ពិជ័យ​សេនា ទៀ បាញ់» នេះ ទាំង ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់​ថង បាន​​ឈ្នះ​គ្រប់ការ​ប្រកួត​ដូចគ្នា។

នៅ​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូល​ចំនួន​ ៣​ លើក​ដូចគ្នា ឈុត សេរីវ៉ាន់ថង ​បានផ្តួល រិន ដេវីត និង សៀវ ង៉ុយ ឱ្យ​សន្លប់​ដូចគ្នា និង​ឈ្នះ​ពិន្ទុ វ៉ាន់ វឿន ដើម្បី​ជាប់​លេខ ​១​ នៅពូល ​A ហើយការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា​ រូបគេ​បាន​ម៉ាត់​ឱ្យ សូត្រ វាសនា សន្លប់ និង​ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់ នៅ​ត្រឹម​ទឹកទី​២។ ចំណែក ឃីម បូរ៉ា បានយក​ឈ្នះ គង់ ហ៊ូវ, សូត្រ វាសនា និង ពុទ្ធ សំបូរ ដោយ​ពិន្ទុ ដើម្បី​បាន​លេខ ១ ​ប្រចាំ​ពូល​B ហើយ​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រូប​គេបាន​ម៉ាត់​ឱ្យ វ៉ាន់ វឿន សន្លប់ នៅទឹកទី​៣។

ជាមួយ​ការ​ប្រកួត​ដ៏​សំខាន់ នៅ​ចំពោះ​មុខ​នេះ ឃីម បូរ៉ា បាននិង​កំពុង​បុក​ហ្វឹកហាត់​ខ្លាំង ដើម្បី​​ពង្រឹងចំណុច​ខ្វះ​ខាត​ខ្លួន​ឯង។ «ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ គឺ​កម្លាំង​សុហ្វ​នេះ​ឯង ដោយ​សារ​តែ​សុខភាព​របស់​ខ្ញុំ មិន​សូវ​អំណោយផល​ល្អ​ដូចគេ ដូច្នេះ​បើ​យើង​ពង្រឹង​សុហ្វ​បាន ដឹង​តែ​សង្ឃឹម​ច្រើន ព្រោះ​បច្ចេក​ទេស​ ខ្ញុំ​​មានគ្រប់​អស់​ហើយ​»។

ឃីម បូរ៉ា បាន​ផ្តោត​ខ្លាំង​បំផុត ទៅ​លើការ​ដណ្តើម​យក​ផ្ទះ​វីឡា សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ ដោយ​បាន​បញ្ជាក់​ថា៖ «ការ​ប្រកួត​នេះ សំខាន់​ណាស់ ព្រោះ​ការ​ដាក់​រង្វាន់ជា​ផ្ទះវីឡា​បែបនេះ យើង​កម្រ​មាន​ឱកាស​ណាស់ អ៊ីចឹង​មក​​ដល់​វគ្គនេះ​ហើយ គឺ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំនឹង​បង្ហាញ​ទាំង​​អស់​»។

យ៉ាង​ណា​ក៏​ដោយ ចំពោះ ឈុត សេរីវ៉ាន់​ថង ក៏មានការ​តាំង​ចិត្តខ្ពស់ ក្នុងការ​ដណ្តើម​យក​ផ្ទះវីឡា​នេះដូចគ្នា តែ​កីឡាករ​ជម្រើស​ជាតិ​ឃីកបុកស៊ីង​ កំពុង​ហ្វឹក​ហាត់នៅ​ស្តាតចាស់​រូបនេះ បានសរសើរ​ពី​ភាព​ខ្លាំង​របស់ ឃីម បូរ៉ា គឺ​វាយ​ចេញ​បាន​​ល្អ និង​​លឿន ហើយ​​ការ​វាយ​ចេញ​ទៀត​សោត គឺ​ចេញ​ជាឈុត​តែម្តង មាន​ដៃ ជើង និងជង្គង់​ព្រមគ្នា។

កីឡាករ​មាន​ដើម​កំណើត នៅ​ខេត្ត​បាត់​ដំបង ឈុត សេរីវ៉ាន់​ថង ​និយាយ​ថា៖ «ការ​មក​​​ហ្វឹកហាត់នៅទី​នេះ ខ្ញុំមាន​អារម្មណ៍​ថា ​សមត្ថ​ភាពរបស់ខ្ញុំ​​កើនជាង​មុន ចំណែក​​ ឃីម បូរ៉ា ក៏​កាន់​​តែ​កើន​សមត្ថ​ភាពជាង​មុន​ដែរ។ អ៊ីចឹង​ការ​ជួបគ្នាខាងមុខ​នេះ ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់ពី​​លទ្ធ​ភាព​ ព្រោះ​​សុទ្ធសឹងតែ​ជា​កិត្តិយ​ស​រៀងៗ​ខ្លួន និង​ចង់បាន​ជ័យ​ជម្នះ​ដូច​គ្នា»។

ក្រៅ​ពី​ការ​ត្រៀម​ខ្លួន សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ ឃីម បូរ៉ា ក៏បាន​និង​កំពុង​សម្រួច​ទិស​ដៅ ដើម្បី​អាច​ទទួល​បាន​ឱកាស ប្រកួត​តំណាង​ឱ្យ​ជាតិ​ជាថ្មី​ម្តង​ទៀត សម្រាប់​ការ​ប្រកួត​​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ផង​ដែរ ខណៈ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​​​ស៊ីហ្គេម ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២២​ បូរ៉ា ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម។​

តែទោះ​ជា​យ៉ាង​ណា ឃីម បូរ៉ា បាន​អះអាង​ថា រូប​គេ​ពេលនេះ បាន​ត្រឹម​ជា​កីឡាករ​បម្រុង ក្នុង​ប្រភេទ​ទម្ងន់​៦០គីឡូ​ក្រាម​នេះ​តែ​ប៉ុណ្ណោះ។ «ខ្ញុំ​បាន​ជាប់ជា​កីឡាករ​ជម្រើស​ទី​២ ហើយ​​ខ្ញុំក៏មិន​ដឹង​ថា វាយ៉ាង​ម៉េច​ដែរ ប៉ុន្តែខ្ញុំ​មិន​មាន​អារម្មណ៍​តូចចិត្ត​អ្វី​នោះ​ទេ ព្រោះ​សមត្ថ​ភាព យើង​​មើល​ទៅលើ​ភាព​ជាក់​ស្តែង។ បើ​ខ្ញុំ​មិនសូវល្អ ហ្វឹក​ហាត់មិន​សូវ​បាន​ដិតដល់ ហើយ​គេ​មាន​ជម្រើសមួយ​ដែល​ល្អជាង​ហ្នឹង ក៏ដាក់​គេ​ទៅ គឺ​វាអាស្រ័យ​ទៅលើ​ការ​វិនិច្ឆ័យ​របស់​ថ្នាក់​ដឹកនាំ»។

ប្អូន​ប្រុស​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃុន ឌីម៉ា រូប​នេះ បាន​បន្ថែម​ថា៖ «ចំណែក​ខ្ញុំ​ដឹង​តែ​ខំប្រឹង ព្រោះ​អាហ្នឹង​ វាជាអាជីព​របស់​យើង ហើយ​​ខ្ញុំ​ចង់​ដណ្តើម​បាន​មេដាយ​ជូនជាតិ​ម្តង​ទៀត ខណៈ​​ស៊ីហ្គេមលើក​នេះ ត្រូវ​ធ្វើ​នៅ​ប្រទេស​យើង​ទៅ​ទៀត​ អ៊ីចឹងវាជា​រឿង​ល្អណាស់។ ប៉ុន្តែ​ខ្ញុំ​នៅមិន​ទាន់​ដឹង​ថា អាច​បាន​ប្រកួត​តំណាង​ឱ្យជាតិ​ទៀត ឬយ៉ាងណា​នោះ​ទេ ដែល​វាអាស្រ័យ​ទៅ​លើ​​គណៈកម្មការ និង​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ថា​គាត់ នឹងដាក់​​ឱ្យខ្ញុំ​​ចូល​ប្រកួត ឬ​ដាក់​អ្នកផ្សេង?»៕