សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) ដោយ​ទទួល​បាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ «​យាត្រា​ ដើម្បី​បេតិកភណ្ឌ​» នៅ​ថ្ងៃទី​ ៣ និង​ទី​ ៤ ខែធ្នូ ឆ្នាំ ២០២២ នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ បរិស្ថាន និង​សេដ្ឋកិច្ច​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ថ្លែង​ថា ព្រឹត្តិការណ៍​ខាងលើនេះ គឺជា​លើក​ទី​ ១ ដែល​រៀបចំ​ធ្វើ​នៅ​ប្រាសាទ​ព្រះវិហារ ក្នុង​គោលបំណង​ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការស្តារ​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ និង សេដ្ឋកិច្ចជាតិ​។

លោក​បន្តថា ព្រឹត្តិការណ៍​នេះ​ក៏​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ជិតខាង ដែល​មាន​ប្រទេស​ថៃ​ជាដើម ជាពិសេស​ជំរុញ​ឱ្យ​មាន​សាមគ្គីភាព និង​កិច្ចសហការ​នៅក្នុង​តំបន់​អាស៊ាន​ទាំង​មូល​ផង​។


បើតាម លោក​ ធួន ស៊ីណាន ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្រោម​ការជួយ​ជ្រោមជ្រែង និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ទេសចរណ៍ ជាពិសេស​គឺ​បាន​ទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។

លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ឱ្យ​បាន​ច្រើន​កុះករ ព្រោះ​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក៏​ក្នុង​គោលបំណង​អបអរ​ទិវា​ជនពិការ​ពិភពលោក​ដែរ​។


លោក ហេង សំរិទ្ធ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ថ្លែង​ថា​អ្នក​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ទាំងអស់​នឹង​ជួបជុំ​នៅ​ទី​ចំណត​រថយន្ត​នៅ​ខាងក្រោម ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ចេញពី​ទីតាំង​នោះ ឡើង​មក​លើ​នៃ​ប្រាសាទ​ព្រះវិហារ​។

បើតាម លោក ធួន ស៊ីណាន រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ច្រើន ព្រោះ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ថៃ និង​ពលរដ្ឋ​មកពី​ប្រទេស​ផ្សេងទៀត​ជាច្រើន​៕