ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ ឆ្នាំ​ ២០២២ នៅលើភ្នំបូកគោ ដើម្បីស្វែងរកមូលនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា កាលពី​ថ្ងៃសៅរ៍ និង​អាទិត្យ បានបញ្ចប់​ដោយ​ជោគ​ជ័យ ដោយ​អ្នកចូលរួមប្រកួតទាំងអស់ បានបង្ហាញភាព​សប្បាយ​រីករាយ និង​គាំទ្រពេញទំហឹង សម្រាប់សកម្មភាពសប្បុរសធម៌ ដែល​ររៀបចំ​ដោយ​សណ្ឋាគារឋានសួគ៌សុខា មួយ​នេះ។

នាយកផ្នែកលក់នៃសណ្ឋាគារសុខា លោក កែវ សិទ្ធ បាន​ថ្លែង​​ថា៖​ «ការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំលើភ្នំបូកគោរយៈពេល ២ ថ្ងៃនេះ មានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ ៧០០ នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងជាង ៥០០ នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង ១០០ នាក់ ហើយ​ក្រៅពីជនជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាមគ្គីភាព និងបង្កប់នូវអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន»។

សម្រាប់​ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ ឆ្នាំ​ ២០២២ នៅលើភ្នំបូកគោនេះ រួមមាន​ការរត់ពាក់កណ្តាលម៉ារ៉ាតុង (ចម្ងាយ ២១ គីឡូម៉ែត្រ) ​១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និងការរត់បែបកម្សាន្តលក្ខណគ្រួសារ ៣ គីឡូម៉ែត្រ ព្រមទាំងការប្រណាំងកង់ ៣២ គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ ដែលមិន​អាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកចូលរួមនានា។


បន្ថែម​ទៅលើការ​រត់ប្រណាំង និង​ជិះ​​កង់នេះ ក៏មានសកម្មភាពកម្សាន្តផ្សេងៗ​ទៀត ដូច​ជា​ការប្រគំតន្រ្តីផ្ទាល់ រួមនឹងស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារ ក្រោមរាត្រីដ៏សែនមនោរម្យ ហើយ​ភ្ញៀវចូលរួមទាំងអស់ អាចជ្រើសរើសការស្នាក់នៅ នៅ​សណ្ឋាគារប្រណីត​ ឋានសួគ៌​សុខា ឬសណ្ឋាគារឡឺបូកគោផាឡេស ឬក៏​ទទួលយកបទពិសោធពីការបោះតង់ផងដែរ។


ជាមួយគ្នា​នេះ ដោយសារ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍នេះ ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរណ៍​ជាច្រើននោះ គឺ​អ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗផងដែរ។

ក្រោយបញ្ចប់ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើក​ទី ​៧ ​​នេះ កីឡាករ កីឡាការិនី បានបង្ហាញភាព​សប្បាយរីករាយ ចំពោះការចូលរួម ក្រោមការរៀបចំរបស់គណៈកម្មការបច្ចេកទេសប្រកបដោយភាពសុក្រឹត យុត្តិធម៌ និង​រៀបចំបានល្អប្រសើរ ប្រកបដោយ​អាកាសធាតុបរិសុទ្ធ លើកំពូលភ្នំបូកគោ។ ក្រុម​អត្តពលិក​ទាំងនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នករៀបចំព្រឹត្តិការណ៍ ដែល​ដំណើរការដោយរលូន ហើយពួគគេក៏បានសំណូមពរឱ្យរៀបចំព្រឹត្តិការណ៍​បែបនេះ​ឱ្យ​បានច្រើនលើកក្នុង ១ ឆ្នាំៗ ដើម្បី​មានឱកាស​កាន់តែ​ច្រើន ក្នុង​ការ​រួមគ្នា​ស្វែងរក​ថវិកា ជួយទៅ​ដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី ៧ ឆ្នាំ​២០២២ រួមទាំងការ​រៀបចំ​ឱ្យមាន​នៅកម្មវិធី​ផ្សេងៗ​ទៀត នៅលើភ្នំបូកគោនេះ គឺអ្នក​រៀបចំ នៅមិនទាន់​បានបង្ហាញ​ពី​ចំនួនទឹក​ថវិកា​ជាក់លាក់ ដែល​ទទួល​បាន​នៅឡើយ​ទេ ប៉ុន្តែ​លោក កែវ សិទ្ធ បានបញ្ជាក់​ថា៖ «នេះជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យគន្ធបុប្ផា»។

ចំពោះលទ្ធផលជយលាភី សម្រាប់​ការ​រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង​ ២១ គីឡូម៉ែត្រ លេខ១ បាន​ទៅ​កីឡាករ ម៉ា វីរ៉ូ លេខ២ ម៉ឺន ឯម និងលេខ៣ សម រចនា។ រីឯរត់​ចម្ងាយ​ ១០ គីឡម៉ែត្រផ្នែក​បុរស លេខ១ កីឡាករ កាង ធឿន លេខ២ ហ៊ុយ ស៊ាង លេខ៣ សួស សេរីរដ្ឋា ខណៈ​ ១០ គីឡូម៉ែត្រផ្នែកនារី លេខ​១ បាន​ទៅ​កីឡាការិនី ស្នូត រីដា លេខ២ លាង ចន្ធី និងលេខ៣ សូយ សុភា។ ក្រៅពីនេះក៏មានជយលាភី ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ ដែលទទួលបានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ផងដែរ។

ដោយឡែក សម្រាប់​ជយលាភីផ្នែកប្រណាំងកង់ ៣២ គីឡូម៉ែត្រ វិញ គឺ​វិញ្ញាសាសម្រាប់​អ្នកជំនាញ​កម្រិត​ខ្ពស់ (Elite) គឺ​លេខ ១ បាន​ទៅ​កីឡាករជម្រើសជាតិ សាន ណាម៉ាវ លេខ ២ កីឡាករ សីហា និងលេខ៣ កែវ សុផា ខណៈជយលាភីលើវិញ្ញាសាបើកទូលាយ (Open) និង Master ក៏ត្រូវបានរកឃើញពីលេខ១ ដល់លេខ៥ដូចៗគ្នាផងដែរ៕