​សៀមរាបៈ ទិវា​រត់ប្រណាំង​ពាក់​​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​ទី​ ២៧​ ឆ្នាំ ​២០២២ ដែល​ត្រូវបាន​រៀបចំឡើង​នៅមុខ​ប្រាសាទ​អង្គរ កាលពី​ថ្ងៃអាទិត្យ ទី​ ៤ ខែធ្នូ គឺមាន​អ្នកចូលរួម​ជិត ​៨ ​ពាន់​នាក់ មកពី ​៦៩ ប្រទេស ហើយ​គណៈ​កម្ម​ការរៀបចំ​អះអាង​ថា ការ​​ប្រកួត​នេះ​បានបញ្ចប់​ដោយ​រីក​​រាយ និង​ទទួលបាន​អត្ថ​ប្រ​យោ​ជន៍​ជាច្រើន ក្នុង​ការជួយ​លើក​កម្ពស់​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច នៅ​ខេត្តសៀមរាប​។​

​តាម​របាយការណ៍​និង​ខ្លឹមសារ នៅក្នុង​សុន្ទរកថា​របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​​ចរណ៍ ឱ្យដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​ទី ​២៧ ឆ្នាំ​ ២០២២ ​នេះ​មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរ​ជាតិ​ចូលរួម​សរុប​ចំនួន​ ៧ ៥៤៣​ នាក់ ក្នុងនោះ​មាន​អត្ត​ព​លិ​ក​កម្ពុជា ​៥ ៨១៤​ នាក់ និង​អត្ត​ព​លិ​ក​អន្តរ​ជាតិ​ចំនួន​ ១៧២០​ នាក់ មកពី​ ៦៩ ​ប្រទេស​ហើយ​ប្រទេស​ដែល​ចូលរួម​ច្រើនជាងគេ​គឺ អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក​។​

​ជាមួយ​ចំនួន​អ្នកចូលរួម ដែលមាន​ការកើនឡើង​ជាង​ពី​ឆ្នាំ​មុននេះ លោក​ថោង ខុន បញ្ជាក់ថា​៖ «​បន្ទាប់ពី​បុ​រេ​ព្រឹត្តិការណ៍ ចាប់​ផ្តើម​ក្នុង​ឆ្នាំ ​២០២១ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ គឺ​នៅថ្ងៃនេះ មាន​សញ្ញាណ​បញ្ជាក់​ពី​ការចេញ ដំណើរ ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​យ៉ាង​លឿន និង​មាន​ភាព​វិជ្ជមាន​គួរ​ជាទី​សង្ឃឹម ក្នុងការ​​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឡើងវិញ​បាន​ឆាប់​​រហ័ស​»​។


​តាមរយៈ​ការនាំយក​ក្រុម​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចំនួន ​៧ ៥៤៣​ នាក់ ទៅ​បង្ហាញ​វត្តមាន​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​នេះ លោក ថោង ខុន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​អះអាងថា ដោយសារ​ទេសចរណ៍​នៅ​កម្ពុជា ចាប់ផ្តើម​មាន​សុវត្ថិភាព​វិញ​ក្រោយ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។

លោក​ថា​៖ «​ពិតណាស់ កម្ពុជា​បានក្លាយ​ជា​គោលដៅ​ទេស​ចរណ៍​សុវត្ថិភាព​មុនគេ និង​ផ្តល់នូវ​ភាពកក់ក្តៅ​ជាទីបំផុត ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព​ន​យោ​​បាយ និង​ការអភិវឌ្ឍ​»​។​


​សម្រាប់​ទិវា​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ឆ្នាំ​ ២០២២ ​នេះ រួមមាន​ការរត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង ចម្ងាយ​ ២១​ គីឡូម៉ែត្រ ដោយមាន​អ្នក​ចូលរួម​ ១ ៧៦០​ នាក់​និង​ជនពិការ​ប្រណាំង​រទេះ​ ២២ ​នាក់ រីឯ​អ្នក​​រត់​ចម្ងាយ ១០ ​គីឡូម៉ែត្រ មាន​អ្នកចូលរួម ​៣ ៤០៤​ នាក់ និង​ជនពិការ ​៥០​ នាក់ ចំណែក​រត់​៥​គីឡូម៉ែត្រ មាន​អ្នករត់​ ១ ៤៣៨ នាក់ ហើយ​ការរត់​កម្សាន្ត​ ៣​ គីឡូម៉ែត្រ មាន​អ្នករត់​ ៨៦០​ នាក់​។​

​ជា​លទ្ធផល​នៃ​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​ ៤ ធ្នូ ត្រូវបាន​គណៈ​​កម្ម​ការរៀបចំ​ការប្រកួត​បាន​អះ​អាង​ថា ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​មួយ​នេះ បានបញ្ចប់​ដោយ​រលូន ហើយ​ចំនួន​អ្នក​ចូលរួម ៧ ៥៤៣​ នាក់​នេះ គឺមាន​ការកើនឡើង​ច្រើនជាង​ការ​​ប្រកួត កាលពី​ឆ្នាំ​ ២០២១ ដែល​កម្ពុជា បានចាប់ផ្តើម​រៀបចំ​ព្រឹត្តិ​​ការណ៍​នេះ សាជាថ្មី ឬ​បុ​រេ​ព្រឹត្តិ​ការណ៍​បន្ទាប់ពី​បាន​ផ្អាក ដោយ​សារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​គណៈ​​កម្ម​ការរៀបចំ​ការប្រកួត​នេះ​បាន​ថ្លែងថា​៖ «​ទិវា​រត់ប្រណាំង​របស់​យើង​លើក​នេះ​មាន​អ្នកចូលរួម​ច្រើន គឺ​កើនឡើង​ជាង​ពី​ឆ្នាំមុន ដោយសារ​ឆ្នាំមុន ជា​ឆ្នាំ​ទី​ ១ នៃ​បុ​រេ​ព្រឹត្តិការណ៍ ដែលមាន​អ្នក​ចូលរួម​តិចតួច​ណាស់​គឺ​តែ​ប៉ុន្មាន​រយ​នាក់​ទេ ប៉ុន្តែ​លើក​នេះ មាន​ជិត​ ៨​ ពាន់​នាក់ ហេតុនេះ​យើង​ឃើញថា វា​ជា​សភាពការណ៍​មួយ ដែល​បង្ហាញ​ពី​វិជ្ជមាន​ល្អ សម្រាប់​ឆ្នាំក្រោយ​ទៀត​»​។

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អះអាងថា ទិវា​រត់ប្រណាំង​ពាក់កណ្តាល​​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​នេះ បាន​ដំណើរការ​ទៅដោយ​រលូន និង​មាន​សុវត្ថិ​ភាពល្អ មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​កើតឡើង​ទេ គឺ​កីឡាករ កីឡាការិនី​បានមក​ដល់ទី ដោយ​សប្បាយរីករាយ ដោយ​សារ​គ្រប់​ទីកន្លែង​នៃ​ការរត់​ទាំង​អស់ យើង​មាន​រៀបចំ​ទឹក ព្រម​ទាំង​មាន​ពេទ្យ និង​អ្នក​សម្រាប់​ការពារ​សុវត្ថិភាព​។​

​លោក​បញ្ជាក់ថា​៖ «​យើង​មាន​បញ្ហា​តិចតួច​ដែរ​ដោយ​អ្នកខ្លះរ​ត់ទៅ​អស់​ជាតិ​ទឹក និង​មានការ​នឿយហត់​ច្រើន ប៉ុន្តែ​យើង​អាច​សង្គ្រោះ​ទាន់ពេល ដោយសារ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​របស់​យើង​មាន​គ្រប់​ទីកន្លែង អ៊ីចឹង​ព្រឹក​នេះ យើង​ទទួលបាន​នូវ​ចំណាត់​ថ្នាក់​ដ៏​ល្អ​ហើយ​យើង​ក៏បាន​លើក​តម្កើង​នូវ​កីឡា​ជនពិការ​របស់​យើង​ថែមទៀត​។ ដូច្នេះ​ជាទូទៅ​អ្នកចូលរួម​ទាំងអស់ មាន​ភាព​​សប្បាយរីករាយ ហើយ​យើង​សង្ឃឹមថា​នៅ​ឆ្នាំក្រោយ យើង​នឹងមាន​អ្នកចូលរួម​ពី​ជាង ​៧ ​ពាន់​នាក់​នេះ ទៅជិត​ ១​ ម៉ឺន​នាក់ បើសិនជា​ស្ថានភាព​នៅតែ​ល្អ​បែបនេះ​»​។​

​ទន្ទឹមនឹងនេះ អគ្គលេខាធិការ NOCC លោក វ៉ា​ត់ ចំរើន បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកចូលរួម​ជា​ជន​​បរទេស ពិសេស​ក្រុម​អត្ត​ពលិកម​ក​ពី​ប្រទេស​ឆ្ងាយៗ​ដូចជា​អង់​គ្លេ​ស បារាំង និង​សហរដ្ឋអាមេរិក ដែល​វត្តមាន​របស់​អ្នក​ទាំងនេះ វា​ជាការ​បើកផ្លូវ​កាន់តែ​ធំ ក្នុងការ​ស្រូប​ទាញយក​ភ្ញៀវទេសចរ​ជាច្រើន​ទៀត​ឱ្យ​មកលេង​នៅ​កម្ពុជា ដើម្បីឱ្យ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ អាច​ទទួលបាន​ចំណូល​កាន់តែច្រើន ក្នុងការ​យកទៅជួយ​ដល់​មន្ទីរពេទ្យ និង​អង្គការ​ជា​ច្រើន​ទេ​។

​លោក​សង្កត់ធ្ងន់ថា​៖ «​ការរត់​នេះ​គឺ​រត់​ដើម្បី​ទេសចរណ៍ និង​ស្តារឡើងវិញ​នៃ​ទេសចរណ៍ ព្រមទាំង​រត់​ដើម្បី​សប្បុរសធម៌ ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​មីន ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​យើង​តែងតែ​ផ្តល់ជូន​ជា​រៀងរាល់ឆ្នាំ​។ អ៊ីចឹង​អ្វីដែល​យើង​ធ្វើ​គឺ​ដើម្បី​សប្បុរសធម៌​។ យើង​សង្ឃឹមថា នៅ​ឆ្នាំក្រោយ យើង​នឹង​ធ្វើឱ្យ​បានល្អ​ជាងនេះទៀត និង​គ្រប់គ្រង​ការរៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​»​។​

​សម្រាប់​លទ្ធផល​នៃ​ការប្រកួត​រត់ប្រណាំង​ចម្ងាយ​ ២១​ គីឡូម៉ែត្រ ផ្នែក​បុរស​ចំណាត់ថ្នាក់​លេខ​ ១ បាន​ទៅ​កីឡាករ​ខ្មែរ​-​ជប៉ុន Takizaki Kuniaki ដោយ​ប្រើ​ថិ​រ​​វេលា ១:១៨:១៣.៩២ ​ម៉ោង លេខ ​២ ​កីឡាករ​កម្ពុជា គង់ សម្បត្តិ ដោយ​ប្រើពេល ១:១៩:១៥.៣៩ ម៉ោង ហើយ​លេខ​ ៣ ​បាន​ទៅ​កីឡាករ​ជប៉ុន Takaki Miyake ដោយ​ចំណាយពេល ១:២០:៤៩.៦០ ​ម៉ោង​។​

​ចំណែក​រត់ប្រណាំង​ ២១ ​គីឡូ​ម៉ែត្រ​ផ្នែក​នារី លេខ​ ១ ​បាន​ទៅ​កីឡាការិនី​របស់​អាមេរិក Nickel Lindsey ដោយ​ប្រើ​ថិរវេលា ១:៣៤:៤៧.៦៣​ ម៉ោង លេខ​ ២ កីឡាការិនី​មកពី​ហ្វាំ​ង​ឡង់ Rou ttinen Teija ដោយ​ចំណាយពេល ១:៣៧:០២.៧០​ ម៉ោង និង​កីឡាការិនី​ជប៉ុន Ota Natsuko បាន​ប្រើពេល ១:៤១:១៣.៩៣ ​ម៉ោង ដើម្បី​ទទួល​លេខ ​៣ ចំណែក​ការប្រកួត​វិញ្ញាសា​ផ្សេងទៀត​ក៏បាន​កំណត់​ចំណាត់ថ្នាក់​យ៉ាងច្បាស់​លាស់ និង​ត្រឹមត្រូវ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផងដែរ​។​

​យ៉ាងណាមិញ សម្រាប់​ការត្រៀម​ទិវា​រត់ប្រណាំង ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ នៅ​ខែសីហា និង​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​ទី ​២៨ នៅ​ខែធ្នូ ឆ្នាំ ​២០២៣ លោក វ៉ា​ត់ ចំរើន បានឱ្យដឹងថា នឹង​រៀបចំ​ឱ្យមាន​កម្មវិធី​សិល្បៈ បន្ថែម​ទៅលើ​ម៉ា​រ៉ា​តុង​នេះ ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ដល់​អ្នក​​ចូលរួម​បន្ថែមទៀត ខណៈ​គិត​ត្រឹម​ឆ្នាំ ២០២២ ​នេះ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​នេះ មាន​អាយុកាល​នៅលើ​ទឹកដី​អង្គរ ចំនួន​ ២៧ ​ឆ្នាំ​ហើយ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ២៧ ​ឆ្នាំនេះ ព្រឹត្តិការណ៍​កីឡា​របស់​យើង​បាន​ជួយ​ច្រើនណាស់​។ ជាក់ស្តែង​ពេលនេះ មាន​អ្នក​ចូលរួម​ជាង​ ៧​ ពាន់​នាក់ ដែល​ត្រូវ​មក​ស្នាក់នៅ និង​ហូបចុក ២​ ទៅ​ ៣ ​ថ្ងៃ​នៅ​ខេត្តសៀមរាប​ដែល​បានធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប សណ្ឋាគារ​ស្នាក់នៅ និង​ការលក់ដូរ​ផ្សេងៗ​ទៀត ទទួលបាន​ផល​កម្រៃ​ចូល​យ៉ាងច្រើន​។ អ៊ីចឹង​យើង​បាន​ចុះចូល​ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចសង្គម​តូចៗ​បាន​ច្រើន​»​។ «​ក្រៅពីនេះ យើង​ក៏បាន​លើកកម្ពស់​វិស័យ​កីឡា និង​សុខភាព​សាធារណៈ ហើយ​ ៥ ​ឆ្នាំ​ទៅមុខទៀត យើង​នឹង​ធ្វើឱ្យ​ព្រឹត្តិការណ៍​កីឡា នៅ​អង្គរ​នេះ កា្ល​យ​ជា​មេដែក​មួយ​ដែល​អាច​ឆក់យក​ទេសចរ​កីឡា​ហ្នឹង ចូលមក​ប្រទេស​កម្ពុជា​រាប់ម៉ឺន​នាក់​ជា​បន្តទៀត​។ អ៊ីចឹង​ជាការ​កត់សម្គាល់​របស់​គណៈ​កម្ម​ការ ក្រសួងទេសចរណ៍ និង NOCC ក្រោម​ការដឹកនាំ និង​ចក្ខុវិស័យ​វែងឆ្ងាយ ក៏ដូចជា​គោលការណ៍​ច្បាស់លាស់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន គឺ​យើង​តែងតែ​ធ្វើការ​​ងារ​ដោយ​យកចិត្តទុកដាក់ និង​ធ្វើការ​ដើម្បី​បម្រើ​ជាតិ និង​បម្រើ​សេដ្ឋកិច្ចសង្គម​របស់​យើង តាមរយៈ​សកម្មភាព និង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​»​។ លោក វ៉ា​ត់ ចំរើន បាន​បន្ថែម​៕