ភ្នំពេញៈ សហព័ន្ធកីឡាចំបាប់កម្ពុជាក្រោមការជួយទំនុកបម្រុងពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនយ៉ាងពិសេស សម្រាប់ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមនៅថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ។
សម្រាប់ការធ្វើម្ចាស់ផ្ទះ ការប្រកួតជើងឯកអាស៊ាននេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានពង្រឹងសមត្ថភាព ទាំងទៅលើធនធានកីឡាករ កីឡាការិនី មន្រ្តីអាជ្ញាកណ្តាលចៅក្រម គ្រូបង្វឹក និងមន្រ្តីព័ត៌មានវិទ្យា ដោយសហព័ន្ធនេះ បានបើកឱ្យមានវគ្គបណ្តុះបណ្តាលចំនួន៤ផ្នែកដាច់ពីគ្នា ដោយបានធ្វើតាំងពីថ្ងៃទី៧ ខែធ្នូមក គឺវគ្គបណ្តុះបណ្តាលឣាជ្ញាកណ្ដាលចៅក្រមឣន្តរជាតិ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិ វគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យា(IT)អន្តរជាតិ និងការបោះជំរំហ្វឹកហាត់រួមគ្នាជាមួយប្រទេស ដែលបានចូលរួម។
សម្រាប់វគ្គបណ្តុះបណ្តាលទាំង៣កម្រិត និងការបោះជំរំហ្វឹកហាត់រួមគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោមការសហការជាមួយសហព័ន្ធកីឡាចំបាប់ពិភពលោក (UWW) ដូចគ្នា គឺមានន័យថា គ្រូឧទ្ទេសសម្រាប់វគ្គនីមួយៗ ត្រូវបានផ្តល់ជូនដោយសហព័ន្ធកីឡាចំបាប់ពិភពលោក ហើយអ្វីដែលពិសេសនោះគឺ UWW ក៏បានបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន មកចូលរួមជួយរៀបចំ និងកាត់សេចក្តី នៅក្នុងការប្រកួតជើងឯកអាស៊ាននេះដែរ ព្រោះព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីជាបទពិសោធន៍ សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា មន្ដ្រីបច្ចេកទេសរៀបចំការប្រកួត និងអាជ្ញាកណ្ដាល-ចៅក្រម ដែលត្រូវបានសហព័ន្ធកីឡាចំបាប់ពិភពលោក បញ្ជូនមកជួយរៀបចំ និងកាត់សេចក្ដីក្នុងការប្រកួតជើងឯកអាស៊ាននេះ គឺមានមកពីប្រទេសស្វ៊ីស អ៊ីរ៉ាក់ ឥណ្ឌា ទុយនេស៊ី ប៉ូឡូញ កូរ៉េ ស្រីលង្កា កាហ្សាក់ស្ថាន បារាំង និងអាមេរិកជាដើម ហើយប្រទេសមួយចំនួន ដែលបានចូលរួមការប្រកួតនេះ ក៏បានបញ្ចូនមន្រ្តីបច្ចេកទេសរបស់គេ មកចូលរួមផងដែរ។
លោក Csaey បានបញ្ជាក់ថា៖ «ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ វាសំខាន់ណាស់ សម្រាប់ជួយឱ្យយើង អាចគ្រប់គ្រងការប្រកួតបានរលូន និងមានប្រសិទ្ធភាព សម្រាប់ស៊ីហ្គេម ព្រោះយើងនឹងទទួលបានបទពិសោធន៍ច្រើន ពីការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ាននេះ ដូច្នេះវានឹងជួយឱ្យរៀបចំការប្រកួតប្រកបដោយជោគជ័យ ទាំងទៅលើមន្រ្តីបច្ចេកវិទ្យា អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ព្រមទាំងការដឹកជញ្ជូន និងការគ្រប់គ្រងទៅលើថវិកា គឺអ្វីៗទាំងអស់ សម្រាប់ស៊ីហ្គេម យើងនឹងគ្រប់គ្រងបានជោគជ័យ»។
ទន្ទឹមនឹងនេះ អាជ្ញាកណ្ដាលចំបាប់កម្ពុជា៥នាក់ រួមមានលោក នុត សេរីរដ្ឋ, យឹង សុផាន់ណារ៉ា, នង គ្រឹះស្នា, ជា រតនៈ និងលោក ផុន សុភាច ដែលទើបទទួលបានការឆ្លងកាត់ដំណាក់កាលសិក្សាផ្នែកទ្រឹស្ដី ដោយជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិនោះ នឹងត្រូវអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ ដើម្បីមានឱកាសក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ។
លោក នុត សេរីរដ្ឋ ដែលធ្លាប់ជាអាជ្ញាកណ្ដាលអន្ដរជាតិជាមួយលោក យឹង សុផាន់ណា ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ បាននិយាយថា៖ «សម្រាប់វគ្គនេះ អាជ្ញាកណ្ដាលរបស់យើង បានប្រឡងជាប់ការសិក្សាផ្នែកទ្រឹស្ដី និងទទួលបានវិញ្ញាបនបត្ររួចហើយ នៅឡើយការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយបើអាជ្ញាកណ្ដាលរបស់យើងធ្វើបានល្អទៀត សហព័ន្ធកីឡាចំបាប់ពិភពលោកនឹងផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់ ជាសមាជិកអាជ្ញាកណ្ដាលអន្ដរជាតិផ្លូវការតែម្ដង ដើម្បីមានឱកាសចូលរួមការប្រកួតអន្ដរជាតិផ្សេងៗ»។
ជាមួយគ្នានេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានត្រៀមកីឡាករ កីឡការិនីជម្រើសជាតិសរុប២៦នាក់(ស្រី៨នាក់) ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ ជាមួយនឹងក្រុមអត្តពលិកមកពីប្រទេសថៃ ហ្វីលីពីន វៀតណាម សិង្ហបុរី ឡាវ និងឥណ្ឌូនេស៊ី។
ក្រុមអត្តពលិកតំណាងឱ្យប្រទេសទាំង៧ខាងលើនេះ នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា ដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅលើប្រភេទទម្ងន់ចំនួន៣ ហើយគ្រប់លក្ខន្តិកៈ និងបទបញ្ជានៃការប្រកួត ត្រូវធ្វើឡើងតាមលំនាំការប្រកួតស៊ីហ្គេមទាំងអស់ គឺមានការពិនិត្យសុខភាព និងថ្លឹងទម្ងន់ មុនការប្រកួត នៅតាមថ្ងៃនីមួយៗ ដោយក្នុងនោះ១ថ្ងៃមានការប្រកួត១០ប្រភេទទម្ងន់ ហើយត្រូវប្រកួតរហូតដល់ចប់ រួចធ្វើការបំពាក់មេដាយភ្លាមៗ ដល់ម្ចាស់ជយលាភី ក្នុងថ្ងៃនោះតែម្តង។
តាមកម្មវិធីប្រកួត និងកាលបរិច្ឆេទ ដែលបានរៀបចំរួចហើយនោះ គឺនៅថ្ងៃសក្រ ទី១៦ ខែធ្នូ នឹងត្រូវប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំង នៅលើប្រភេទទម្ងន់៥៥គីឡូក្រាម, ៦០, ៦៣, ៦៧, ៧២, ៧៧, ៨២, ៨៧, ៩៧ និង១៣០គីឡូក្រាម ចំណែកថ្ងៃទី១៧ ប្រកួតចំបាប់សេរីនារី ក្នុងប្រភេទទម្ងន់៥០គីឡូក្រាម, ៥៣, ៥៥, ៥៧, ៥៩, ៦២, ៦៥, ៦៨, ៧២ និង៧៦គីឡូក្រាម ហើយនៅថ្ងៃទី១៨ ខែធ្នូ ប្រកួតចំបាប់សេរីបុរស ក្នុងប្រភេទទម្ងន់ ៥៧, ៦១, ៦៥, ៧០, ៧៤, ៧៩, ៨៦, ៩២, ៩៧, ១២៥ ដោយការនឹងធ្វើចាប់ពីម៉ោង ១០:៣០ព្រឹក តទៅដូចគ្នា ហើយអាចបញ្ចប់នៅយប់ម៉ោង៧។
ជុំវិញការត្រៀមខ្លួនចូលរួមប្រកួតជើងឯកអាស៊ាននេះ គ្រូបង្វឹករបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ លោក Vincent Aka-Akesse ដែលជាគ្រូឧទ្ទេសក្នុងការបោះជំរំហ្វឹកហាត់រួមគ្នារបស់ប្រទេសទាំង៧ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែធ្នូ បានមើលឃើញថា កម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាគឺល្អ គ្រាន់តែពួកគេត្រូវធ្វើការបន្ថែម ដើម្បីឱ្យកម្រិតរបស់ខ្លួនកាន់តែកើនឡើង នៅមុនការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខែឧសភា ឈានចូលមកដល់។
លោក Vincent Aka-Akesse បានថ្លែងថា៖ «ក្នុងនាមជាអ្នកជំនាញ និងការប្រៀបធៀបពីកម្រិតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ យើងដឹងថា វៀតណាម គឺជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមដទៃក្នុងតំបន់ ប៉ុន្តែយើងក៏រីករាយ នៅពេលកម្ពុជា បានពាំនាំយកមេដាយមាសជូនប្រទេស ពីការប្រកួតស៊ីហ្គេម កាលពីពេលថ្មីៗនេះ គឺវាពិតជាល្អ។ ខ្ញុំចង់បានន័យថា វាជាផ្នែកនៃទេពកោសល្យដែលយើងអាចអភិវឌ្ឍពួកគេ»។
លោកបានបន្ថែមថា៖ «យើងនឹងមានមោទនភាព ព្រោះយើងមកទីនេះ ដើម្បីជួយដល់គ្រូបង្វឹកកម្ពុជាផងដែរ។យើងពិតជាចង់ឃើញពួកគេប្រកួត ព្រោះគេជាម្ចាស់ផ្ទះរៀបចំការប្រកួត ហើយយើងពិតជាមានមោទនភាព ប្រសិនបើកម្ពុជា ដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ពីព្រោះលើកចុងក្រោយដែលគេឈ្នះ។ អ៊ីចឹងបើឈ្នះបន្ថែមទៀតនោះ វាគឺជាសមិទ្ធផលរបស់យើង»។
ស្រដៀងគ្នានេះ លោក Casey Barnett ដែលជាអនុប្រធានគណៈកម្មការរៀបចំការប្រកួតជើងឯកអាស៊ាននេះ បានបញ្ជាក់ថា៖ «គូប្រកួតដែលខ្លាំង សម្រាប់កម្ពុជាយើង គឺវៀតណាម ព្រោះវៀតណាម ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតស៊ីហ្គេម លើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ ចំណែកកម្ពុជា ដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ ប៉ុន្តែការប្រកួតជើងឯកអាស៊ាននេះ យើងសង្ឃឹមថា ក្រុមអត្តពលិករបស់យើង នឹងដណ្តើមបានមេដាយមាសច្រើនជាងនៅស៊ីហ្គេម គឺយ៉ាងហោចណាស់ ក៏បាន៣ដែរ ហើយចំនួនមេដាយសរុបអាចលើស១០»៕