ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា បានរួមគ្នាដណ្តើមយកមេដាយជូនជាតិ ចំនួន១៩ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅលើទឹកដីខ្លួនឯង ហើយជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាចំបាប់ពិភពលោក (UWW) បានអះអាងថា កម្ពុជា ពិតជារៀបចំបានល្អ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តទៅធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅអំឡុងខែឧសភា។
តាមរយៈការប្រកួតនៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ក្រុមជម្រើសជាតិចំបាប់កម្ពុជា បានរួមគ្នាឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១៣ ទាំងក្នុងការប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំងបុរស ចំបាប់សេរី (បុរស-នារី) សរុប៣០ប្រភេទទម្ងន់ ហើយលទ្ធផលនេះ បានជួយឱ្យសហព័ន្ធកីឡាចំបាប់កម្ពុជា អាចសម្រេចបាននូវការដាក់ចេញនូវគោលដៅមុនការប្រកួត គឺការឈ្នះបានមេដាយមាស៣ និងឈ្នះមេដាយសរុបលើសពី១០។
បើទោះបីជាចំនួនមេដាយ ដែលកម្ពុជាដណ្តើមបាននេះ វាតិចជាង វៀតណាម ដែលដណ្តើមបានមេដាយមាសរហូតដល់១៨ មេដាយប្រាក់១១ សំរឹទ្ធ១ និងឥណ្ឌូនេស៊ី ដែលឈ្នះបានមេដាយមាស៦ ប្រាក់៩ និងសំរឹទ្ធ៣ ប៉ុន្តែលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានចាត់ទុកការឈ្នះបានមេដាយសរុបចំនួន១៩នេះ ថាជាលទ្ធផលដ៏ល្អបំផុត ដែលក្រុមចំបាប់កម្ពុជា មិនធ្លាប់ធ្វើបានកន្លងមកនោះទេ។
លោក Casey បានថ្លែងក្រោយបញ្ចប់ការប្រកួតថា៖ «ការប្រកួតជើងឯកអាស៊ាននេះ ក្រុមចំបាប់កម្ពុជា បានឈ្នះមេដាយសរុបច្រើនជាងការប្រកួតអន្តរជាតិកន្លងមក ព្រោះកាលពីស៊ីហ្គេម ឆ្នាំ២០១៣ យើងឈ្នះបានមេដាយ១០ រីឯស៊ីហ្គេម ឆ្នាំ២០១៩ យើងបាន៤ និងស៊ីហ្គេម ឆ្នាំ២០២២ យើងឈ្នះបានមេដាយសរុប៦ ប៉ុន្តែជើងឯកអាស៊ាននេះ យើងឈ្នះបានមេដាយសរុប១៩ គឺវិញ្ញាសាក្រិចកូរ៉ូម៉ាំង យើងបាន៦ ចំបាប់នារីបាន៧ និងចំបាប់សេរីបុរស បាន៦ ដូច្នេះយើងទទួលបានលទ្ធផលល្អមែនទែន»។
សម្រាប់ការប្រកួតជើងឯកអាស៊ាននេះ កីឡាករខ្មែរ-អ៊ីរ៉ង់ ជាម្ចាស់មេដាយមាសស៊ីហ្គេម នៅប្រទេសវៀតណាម ស៊ូ បាលី បានឈ្នះមេដាយមាសទាំង២ លើវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់១៣០គីឡូក្រាម និងចំបាប់សេរីទម្ងន់១២៥គីឡូក្រាម រីឯកីឡាករខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី បានឈ្នះមេដាយមាស លើវិញ្ញាសាចំបាប់សេរីទម្ងន់៩៧គីឡូក្រាម និងបានមេដាយសំរឹទ្ធផ្នែកចំបាប់ក្រិចកូរ៉ូម៉ាំង។ ចំណែកមេដាយប្រាក់៣ទៀត រកបានដោយកីឡាការិនី ជា កញ្ញា ក្នុងទម្ងន់៦៥គីឡូក្រាម កីឡាការិនី ជ័យ ចន្ទរស្មី ក្នុងទម្ងន់៧២គីឡូក្រាម និងកីឡាករ ហេង រត្តថា ក្នុងទម្ងន់៩២គីឡូក្រាម។
សម្រាប់ការឈ្នះបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១៣នេះ បានជួយឱ្យម្ចាស់ផ្ទះកម្ពុជា ឈរនៅលេខ៣ ក្រោមវៀតណាម និងឥណ្ឌូនេស៊ី ប៉ុន្តែលើហ្វីលីពីន ថៃ សិង្ហបុរី និងឡាវ ព្រោះការប្រកួតនេះ ហ្វីលីពីន ឈ្នះបានមេដាយមាស១ ប្រាក់៥ សំរឹទ្ធ៥ ថៃ បានមាស១ ប្រាក់២ សំរឹទ្ធ៦ សិង្ហបុរី បានមាស១ សំរឹទ្ធ២ ប៉ុន្តែប្រទេសឡាវ ដែលបានបញ្ជូនអត្តពលិកមកប្រកួតតិចជាងគេនោះ មិនដណ្តើមបានមេដាយទេ។
លោក Casey ដែលជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ផងនោះ បានបន្ថែមថា៖ «តាមរយៈការប្រកួតនេះ ឃើញថា ជំនាញរបស់កីឡាករ កីឡាការិនីយើង មានការកើនឡើង ហើយការកើនឡើងនូវជំនាញនេះ ធ្វើឱ្យយើងមានក្តីសង្ឃឹម ក្នុងការឈានទៅដណ្តើមបានមេដាយច្រើន នៅស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែយើងក៏ត្រូវពង្រឹងសមត្ថភាព និងគុណភាពរបស់ក្រុមជម្រើសជាតិរបស់យើង ឱ្យបានកាន់តែប្រសើរថែមទៀតផងដែរ»។
ក្រៅពីការប្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិ គឺការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងគុណភាពដឹកនាំរបស់មន្រ្តីបច្ចេកទេស នៅតាមជំនាញនីមួយៗផងដែរ ហើយនៅមុនការធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបើកឱ្យមានវគ្គបណ្តុះបណ្តាលចំនួន៤ផ្នែកដាច់ពីគ្នា គឺវគ្គបណ្តុះបណ្តាលឣាជ្ញាកណ្ដាលចៅក្រមឣន្តរជាតិ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិ វគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យា (IT) អន្តរជាតិ និងការបោះជំរំហ្វឹកហាត់រួមគ្នាជាមួយប្រទេសទាំង៧ ដែលបានចូលរួមការប្រកួតនេះ។
ជុំវិញនឹងបញ្ហានេះ លោក Casey Barnett បានបញ្ជាក់ថា៖ «នៅមុនការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ យើងបានបើកវគ្គបណ្តុះបណ្តាលចំនួន៤ដាច់ពីគ្នា ហើយការអនុវត្តផ្ទាល់បន្ថែម ជាមួយក្រុមអ្នកជំនាញមកពីជាង១០ប្រទេសទៀត ក្នុងព្រឹត្តិការណ៍នេះ បានជួយឱ្យមន្រ្តីបច្ចេកទេសរបស់យើង បានកើននៅជំនាញបន្ថែម ដែលអាចធានាបានថា ការគ្រប់គ្រង និងការប្រកួតចំបាប់ នៅស៊ីហ្គេម ឆ្នាំ២០២៣ នឹងដំណើរការរលូន ព្រោះពេលនេះ យើងចេះគ្រប់គ្រង ទៅលើប្រព័ន្ធព័ត៌មានវិទ្យា និងចេះគ្រប់គ្រងទៅលើកីឡាករ កីឡាការិនី ដែលបានចូលរួមផងដែរ»។
ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាចំបាប់ពិភពលោក លោកស្រី Niamkey Deqa បានសម្តែងការភ្ញាក់ផ្អើល ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ក្នុងវគ្គបណ្តះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក និងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២នេះ ប្រកបដោយភាពរលូន ហើយលោកស្រីជឿជាក់ថា ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏កម្ពុជាអាចរៀបចំដោយរលូន និងជោគជ័យដូចគ្នា។
នាយិកាផ្នែកអភិវឌ្ឍន៍ធនធានរបស់ UWW លោកស្រី Niamkey Deqa បានថ្លែងថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមកបម្រើការងារកីឡាចំបាប់នៅកម្ពុជា លើកនេះ ហើយខ្ញុំពិតជាភ្ញាក់ផ្អើល ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ជាលើកដំបូង ប៉ុន្តែមានភាពរលូនល្អ រួមទាំងសមត្ថភាពមន្ត្រីបច្ចេកទេសរបស់កម្ពុជាផងដែរ ដែលអាចនឹងធ្វើម្ចាស់ផ្ទះ គ្រប់ការប្រកួតអន្តរជាតិ អ៊ីចឹងការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏កម្ពុជានឹងដំណើរការបានដោយរលូន និងមានភាពអស្ចារ្យដូចគ្នា»៕