ប្រទេស និងស្ថាប័ន ៨ គាំទ្រដល់ការការពារសន្ដិសុខសម្រាប់ស៊ីហ្គេមនៅកម្ពុជា
ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសណ្ដាប់ធ្នាប់ CAMSOC បានឱ្យដឹងថាមានប្រទេស និងស្ថាប័នសរុបចំនួន ៨ បានគាំទ្រដល់កិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានជំរុញឱ្យកងកម្លាំងដែលបានត្រៀមទុក ត្រូវអនុវត្តភារកិច្ចការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោនៅថ្ងៃទី ១៩ មករា លោក នេត សាវឿន បានឱ្យដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ បានពង្រឹងនិងពង្រីកវិសាលភាពទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលាយជាមួយប្រទេសស្ថាប័នជាដៃគូ ដោយទទួលបានការឧបត្ថម្ភគាំទ្រច្រើន។
លោកថ្លែងថា៖ «មានប្រទេសស្ថាប័នចំនួន ៨ បានផ្ដល់កិច្ចសហការគាំទ្រដល់កិច្ចការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា រួមទាំងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមមាន ប្រទេសអូស្ត្រាលី ចិន ជប៉ុន វៀតណាម ស្ថាប័ន INTERPOL ស្ថាប័ន FBI និងASEANAPOL ក្នុងនោះបានផ្ដល់ជំនួយ និងការគាំទ្ររួចមកហើយ មានដូចជា ប្រទេសជប៉ុន ចិន និងវៀតណាម បានផ្ដល់ឧបករណ៍ សម្ភារបច្ចេកទេសបម្រើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់»។
លោក សាវឿន បានបន្ថែមថា៖ «ចំណែក FBI បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈការបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ រីឯនគរបាលសិង្ហបុរី, ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈចិនបានផ្ដល់ទីប្រឹក្សា និងអ្នកជំនាញឯកទេស រួមទាំងគ្រូបង្គោលមកចូលរួមផ្ដល់យោបល់ផ្លាស់ប្ដូរបទពិសោធន៍និងធ្វើការបណ្ដុះបណ្ដាលជំនាញអន្តរាគមន៍ ដោះស្រាយយថាហេតុ ជំនាញការពារផ្ទាល់ និងអមក្បួន»។
ក្រៅពីនេះលោកអគ្គស្នងការនគរបាលជាតិបានឱ្យដឹងទៀតថា កម្ពុជាបានបញ្ជូនគណៈប្រតិភូទៅសង្កេតការណ៍ និងដកស្រង់បទពិសោធន៍ការងារការពារសន្តិសុខក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមកន្លងមក ព្រមទាំងបានពង្រឹងយន្តការទំនាក់ទំនងព័ត៌មានជាមួយប្រទេសស្ថាប័នជាដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់ ដើម្បីប្រមូលព័ត៌មានសន្តិសុខបម្រើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំនេះ។
នៅក្នុងពិធីត្រួតពិនិត្យនិងសំណេះសំណាលជាមួយកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់នៅពហុកីឡដ្ឋានជាតិមរតកតេជោនោះ មានការចូលរួមពីកងកម្លាំង ៤ ៧៤៣ នាក់ រួមមាន នគរបាល, កងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួងសុខាភិបាល, អគ្គិសនីកម្ពុជា ចំណែកមធ្យោបាយសម្ភារគ្រប់ប្រភេទ រួមមាន ម៉ូតូ ១៦៣ គ្រឿង, រថយន្ត ២៤៤ គ្រឿង, រថយន្តធុនស្រាល ១៧៧ គ្រឿង, រថយន្តធុនធ្ងន់ ៥៩ គ្រឿង និងរថយន្តសុវត្ថិភាព ៨ គ្រឿង។
ជាមួយគ្នានោះ លោក ទៀ បាញ់ ជាប្រធាន CAMSOC បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសណ្ដាប់ធ្នាប់ ដឹកនាំដោយលោក នេត សាវឿន ដែលបានសហការគ្នាជាមួយគណៈកម្មការពាក់ព័ន្ធរបស់ CAMSOC ក្នុងការយកចិត្តទុកដាក់រៀបចំផែនការការពារ ទាំងកម្លាំងសរុបមធ្យោបាយសរុប និងបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត និងដៃគូឱ្យមានការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ពង្រឹងសមត្ថភាពដល់កងរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមខាងមុខ។
បន្ថែមលើនេះ លោក ទៀ បាញ់ បានលើកទឹកចិត្តនិងណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើជាគំរូល្អក្នុងការរក្សាការពារសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដើម្បីឱ្យស្របតាមអភិក្រម «សុវត្ថិភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់ខ្ញុំ» ហើយគិតត្រឹមថ្ងៃទី ១៩ មករា គឺនៅសល់ពេលតែ ១០៦ ថ្ងៃប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម។
លោកបានថ្លែងថា៖ «CAMSOC ចង់បង្ហាញនិងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទសម្រាប់ធានានូវសុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង ១១ ប្រទេស មន្ដ្រីកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍រាប់ម៉ឺននាក់
មកចូលរួមនៅកម្ពុជា»។
លោកបានថ្លែងថា៖ «កម្លាំងការពារទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើជាគំរូល្អនៅគ្រប់ទិដ្ឋភាព»៕