អាចនឹងមានករណីប្តឹងផ្តល់គ្នា ជុំវិញការដកកីឡាកាយវប្បកម្ម ចេញពីស៊ីហ្គេមកម្ពុជា

ភ្នំពេញោ៖ ការវិវាទចោទប្រកាន់គ្នារវាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និងម្ចាស់មេដាយពិភពជើងឯកពិភពលោក សំបូរ សុភ័ណ្ឌ ជុំវិញការដកប្រភេទកីឡាកាយវប្បកម្ម ចេញពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា បានឡើងកម្តៅកាន់តែខ្លាំង ហើយ សុភ័ណ្ឌ បានអះអាងថា ការប្តឹងផ្តល់ នឹងអាចកើតមាន បើសិនជាភាគីកីឡាករជម្រើសជាតិកម្ពុជា ទាំង ២ នាក់ ដែលបានចោទខ្លួន មិនធ្វើការសុំទោសជាសារធារណៈវិញទេនោះ។
នៅក្នុងវិវាទចោទប្រកាន់គ្នានេះ ម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ ត្រូវបានលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងកីឡាករជម្រើសជាតិ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បានចោទប្រកាន់ថា បញ្ហាចម្បងដែលនាំឱ្យគណៈកម្មាធិការជាតិ CAMSOC ដកប្រភេទកីឡាកាយវប្បកម្ម ចេញពីស៊ីហ្គេម ឆ្នាំ២០២៣ កាលពីពេលថ្មីនេះ គឺបណ្តាលមកពី សំបូរ សុភ័ណ ជាដើមចម ប៉ុន្តែ សុភ័ណ្ឌ បានបដិសេធដាច់ខាត ចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ។
លោក តឹក ប៊ុនវី បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៧ ខែមករា ថា កីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ត្រូវបានរកឃើញសារធាតុហាមឃាត់ ក្រោយការប្រកួតកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយពួកគេបានសារភាពចំពោះមុខសហព័ន្ធថា ការបង្កើតកំហុសឆ្គងនេះ ពួកគេបានប្រព្រឹត្តដោយអចេតនា ព្រោះការជឿទុកអ្នកស្គាល់គ្នា ដោយខ្វះការពិចារណា។ លោកសោកស្ដាយ និងឈឺចិត្តខ្លាំង ដែលការខំប្រឹងរបស់សហព័ន្ធ និងកីឡាករផ្សេងៗទៀត ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម ដោយសារតែបញ្ហានេះ។
លោកបានបញ្ជាក់ថា៖ «ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids បានធ្វើឱ្យប៉ះធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ព្រោះសហព័ន្ធ បានខំប្រឹង និងយកចិត្តទុកដាក់ណាស់ លើការហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីកីឡាករយើង តែទីបំផុតយើងក៏ជួបបញ្ហាដូភីង។ ការជ្រើសរើសកីឡាករជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាត មិនឱ្យពាក់ព័ន្ធសារធាតុហាមឃាត់ទេ។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វីយើងដឹងហើយ លឺហើយ ថា សហព័ន្ធយើង ធ្លាប់ប្រឈមមុខម្ដងហើយម្ដងទៀត ពាក់ព័ន្ធនឹងរឿង Steroids នេះ ចុះមូលហេតុអ្វី បានយើងនាំគ្នាបំផ្លាញទឹកចិត្ត និងការខិតខំប្រឹងប្រែងនេះ»។

ជាមួយការបង្កើតនូវកំហុសយ៉ាងធំនេះ កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បានសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលកើតឡើងដោយអចេតនា ដ្បិតការចាក់ថ្នាំសម្រកជាតិទឹក មុនការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ខ្លួនពុំបានដឹងពីផលប៉ះពាល់ ឬជាសារធាតុហាមឃាត់ ក្នុងវិស័យកីឡានោះទេ។ ផាន់ ណារិទ្ធ បានឱ្យដឹងថា ខ្លួន និង ស៊ាង ម៉េងសាង បានទៅក្លិបហាត់ប្រាណ King GYM របស់អតីតម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ ដើម្បីសុំការណែនាំ មុនការប្រកួតកីឡាជាតិ។
កីឡាករ ណារិទ្ធ បានបន្ថែមថា បន្ទាប់ពីពួកគេហ្វឹកហាត់សមបង្ហាញសាច់ដុំហើយ សំបូរ សុភ័ណ្ឌ សុំឱ្យពួកគេ ទៅគេងនៅក្លិប ដើម្បីមានវិធីសាស្ដ្រពិសេស ដើម្បីអាចជួយកែកុនបានបន្ដិចទៀត ដើម្បីមើលទៅកាន់តែស្អាត ហើយព្រលឹមឡើងចេញទៅប្រកួតតែម្ដង។ «យប់ហ្នឹង យើងអត់ដឹងទេថា មានវិធីអ្វី? ដល់ពេលយើងញាំអីហើយ បានគាត់ថា កន្លះម៉ោងទៀត ពួកយើងត្រូវបញ្ចុះទឹកនោម ហើយយើងក៏អត់ដឹងដែរថា អាហ្នឹងវាប៉ះពាល់ដល់ម្លឹង។ អ៊ីចឹងគាត់ក៏បានហៅគ្នីគ្នារបស់ខ្ញុំម្ដងម្នាក់ៗ ដើម្បីចាក់ថ្នាំបញ្ចុះទឹកនោមហ្នឹង»។
បន្ថែមលើនេះម្ចាស់មេដាយមាស រកឃើញប្រើសារធាតុហាមឃាតិ ផាន់ ណារិទ្ធ បានដាក់ការសង្ស័យថា សំបូរ សុភ័ណ្ឌ ជាអ្នកប្រាប់ទីភ្នាក់ងារដូភីង ដែលបានយកទឹកនោមរបស់គេ និង ស៊ាង ម៉េងសាង ទៅពិនិត្យ រកសារធាតុហាមឃាតិ។ «ខ្ញុំសង្ស័យដែរ ដោយសារគាត់ ជាកីឡាករនៅក្រៅការប្រកួត តែគាត់មានខ្សែរយៈខាងដូភីង។ ខ្ញុំសង្ស័យចាក់ឱ្យយើងហើយ គាត់ផ្ដល់ព័ត៌មានឱ្យគេ ព្រោះកីឡាករផ្សេងៗទៀត គេអត់ចាប់ទេ»។

តែទោះបីជាយ៉ាងណា ម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់នេះ មកលើរូបលោក ដោយបានបកស្រាយថា៖ «គាត់បានចោទខ្ញុំថា ជាអ្នកហៅពួកគាត់មកកន្លែងរបស់ខ្ញុំ ដើម្បីប្រើប្រាស់សារធាតុហាមឃាត់ ទាំងដែលខ្ញុំមិនបានហៅទាល់តែសោះ គឺគាត់បានមកសុំខ្ញុំឱ្យជួយគាត់កែសាច់ និងស្នាក់នៅដោយខ្លួនឯង ហើយក្នុងនាមខ្ញុំជាកីឡាករមួយរូប ដើរលើវិស័យនេះមុន ខ្ញុំក៏បានជួយកែលើការហាត់ការប្រឹងបង្ហាញសាច់ដុំ និងរបបអាហារជាដើម»។
«គាត់បានចោទប្រកាន់ថា ខ្ញុំបានចាក់ថ្នាំបញ្ចុះទឹកនោមឱ្យគ្នីគ្នាគាត់ម្តងម្នាក់ៗទាំងដែលខ្ញុំមិនបានធ្វើវាឡើយ គឺជាគ្នីគ្នាគាត់ធ្វើដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំពីរូបខ្ញុំបាទដូចអ្វីដែលពួកគាត់លើកឡើងនោះទេ។ មួយវិញទៀត បុគ្គល ផាន់ ណារិទ្ធ បានចោទប្រកាន់ថា ខ្ញុំបានឃុបឃិតគ្នាជាមួយដូពីង អ្នកត្រួតពិនិត្យសារធាតុហាមឃាត់ (Steroids) ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។ សួរថាតើខ្ញុំធ្វើបែបនេះដើម្បីអ្វី?»។ សុភ័ណ្ឌ បានបញ្ជាក់បន្ថែម។
ទន្ទឹមនឹងនេះ សំបូរ សុភ័ណ្ឌ ក៏បានដាក់ការសង្ស័យទៅលើកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ផងដែរថា អាចនឹងមានចេតនាអ្វីមួយ ក្នុងការមួលបង្កាច់មកលើរូបលោក ព្រោះអ្នកទាំង២នេះ មិនធ្លាប់មកក្លិបហាត់ប្រាណ King GYM នោះទេ ប៉ុន្តែហេតុអ្វី ជិតដល់ប្រកួតកីឡាជាតិ គាត់មកពឹងឱ្យលោកជួយ ខណៈពួកគេ មានប្រាក់ខែ និងមានគ្រូបង្វឹក នៅក្នុងក្រុមជម្រើសជាតិនោះ។
សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំមានការសង្ស័យមួយថា ដូចជាគាត់បានរៀបចំអ្វីមួយ ព្រោះ ណារិទ្ធ មិនធ្លាប់មកកន្លែងខ្ញុំទេ ហើយក៏មិនមែនជាអ្នកជិតស្និទ្ធនឹងគ្នានោះដែរ។ គាត់ជាកីឡាកររបស់សហព័ន្ធ ហើយសហព័ន្ធ មិនសូវចុះសម្រុកនឹងខ្ញុំយូរមកហើយ ព្រោះពេលខ្ញុំចេញទៅប្រកួតម្តងៗ នៅក្រៅប្រទេស គាត់តែងបង្ហាញការមិនសូវពេញចិត្ត ទាំងដែលខ្ញុំហ្វឹកហាត់ខ្លួនឯង និងចំណាយគ្រប់បែបយ៉ាងទាំងអស់ដោយខ្លួន តាំងពីឆ្នាំ២០១៧មក។ ខ្ញុំខំប្រឹងបែបនេះ ដើម្បីមុខមាត់កម្ពុជា និងដើម្បីឱ្យគេស្គាល់កាយវប្បកម្មរបស់ខ្មែរយើង អ៊ីចឹងចង់សួរថា តើខ្ញុំទៅធ្វើអំពើដូចការចោទរបស់គាត់ ដើម្បីអ្វី?។
ជាមួយគ្នានេះ សំបូរ សុភ័ណ្ឌ បានទាមទារឱ្យ កីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង ធ្វើការសុំទោសជាសាធារណៈដល់រូបលោកវិញ បើពុំដូច្នោះទេ លោកនឹងដោះស្រាយតាមផ្លូវច្បាប់។ «អ្វីដែលគាត់បានលើកឡើង គឺវាយប្រហារមកលើខ្ញុំ និងក្លិបរបស់ខ្លាំងពេក ហេតុនេះបើសិនជាពួកគាត់ មិនបានចេញជាលិខិត ឬវីដេអូ សុំទោសដល់ខ្ញុំ ជាសាធារណៈវិញទេ ខ្ញុំមានតែប្រើផ្លូវច្បាប់ ព្រោះប្រទេសរបស់យើងមានច្បាប់ត្រឹមត្រូវ ហើយខ្ញុំក៏មិនចង់ឱ្យរឿងនេះ វាបន្តវែងឆ្ងាយនោះដែរ»។
បន្ថែមលើនេះ សំបូរ សុភ័ណ្ឌ បានអះអាងថា ថ្នាំបញ្ចុះទឹកនោម មិនមែនជាប្រភេទ Steroids នោះទេ។ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ថ្នាំបញ្ចុះទឹកនោម និងសារធាតុហាមឃាត់ (Steroids) ខុសដាច់ពីគ្នា។ ថ្នាំបញ្ចុះទឹកនោម មិនមែនជាថ្នាំហាមឃាត់ទេ ព្រោះវាមានលក់នៅស្ទើរគ្រប់ឱសថស្ថាន ក្នុងប្រទេសកម្ពុជា ដោយមានទាំងប្រភេទលាប, លេប និងចាក់ ហើយអ្នកមានរោគផ្សេងៗ ដូចជានោមទាស់ គឺគេប្រើបានជាធម្មតា ចំណែកថ្នាំជំនួយសាច់ដុំ ចាក់ ឬលេបឡើងសាច់ដុំ ដែលជាប្រភេទ Steroids វាជារឿងផ្សេង»។
«គ្រប់អត្តពលិកកាយវប្បកម្មនេះ ត្រូវប្រើថ្នាំបញ្ចុះទឹកនោម ដោយអ្នកខ្លះជ្រើសរើសយកការលេប និងអ្នកខ្លះទៀតយកការចាក់ ហើយសម្រាប់ខ្ញុំ គឺខ្ញុំប្រើទាំងមុនការប្រកួត និងក្រោយការប្រកួត ដោយអត់មានអ្វីត្រូវប៉ះពាល់នោះទេ គ្រាន់តែយើងអត់ដឹងថា ការប្រកួតថ្នាក់ជាតិនេះ គេពិនិត្យសារធាតុហ្នឹងដែរ។ យើងដឹងតែថា គេផ្តោតលើប្រភេទ Steroids ហើយពួកខ្ញុំដាច់ខាតមិនប្រើ ឬណែនាំឱ្យអ្នកណាប្រើប្រភេទថ្នាំទាំងនេះទេ ព្រោះជាសារធាតុហាមឃាត់»។ សោភ័ណ្ឌ បានបញ្ជាក់បន្ថែម។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៧ ខែមករា នោះដែរ ទាំងលោក តឹក ប៊ុនវី ព្រមទាំងកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បានអំពាវនាវដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ចាត់វិធានការលើជនទុច្ចរិត ដែលនាំចូល និងចែកចាយថ្នាំស្ថិតក្នុងបញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកលេងកីឡា ពិសេសកីឡាកាយវប្បកម្មតែម្ដង។
ចំពោះការចោទប្រកាន់ ដោយប្រយោលនេះ សំបូរ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ចំណុចហ្នឹង ធ្វើឱ្យមហាជន មានការយល់ច្រឡំខ្លាំងមែនទែន ដូចថា ខ្ញុំយកសារធាតុហ្នឹង មកពីប្រទេសគេ ឬយកពីខាងណាមួយ មកចែកចាយ ទាំងប្រភេទថ្នាំបញ្ចុះទឹកនេះ នៅឱសថស្ថានណាក៏មានដែរ គ្រាន់តែយើងអត់ដឹងថា ការប្រកួតកីឡាកាយវប្បកម្មថ្នាក់ជាតិ នៅស្រុកយើង គេពិនិត្យទាំងសារធាតុបញ្ចុះទឹកនោមហ្នឹងទេ ព្រោះពេលខ្ញុំចេញទៅប្រកួតនៅអន្តរជាតិ កន្លងមក គេអត់ចាប់អាហ្នឹងទេ គឺគេរកតែប្រភេទ Steroids»។
យ៉ាងណាក៏ដោយ សម្រាប់ទាំងភាគីត្រូវគេចោទ សំបូរ សុភ័ណ្ឌ និងដើមចោទ លោក តឹក ប៊ុនវី ព្រមទាំងកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង សុទ្ធតែបានបង្ហាញការសោកស្តាយ ដែលប្រភេទកីឡាកាយវប្បកម្ម ត្រូវបានដកចេញពីស៊ីហ្គេម ឆ្នាំ២០២៣ ហើយការបាត់បង់ឱកាសដ៏ធំនេះ បានធ្វើឱ្យកីឡាករ កីឡាការិនីជម្រើសជាតិកាយវប្បកម្មផ្សេងៗទៀត ដែលបានខំប្រឹងប្រែងយ៉ាងខ្លាំង ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញការសោកស្តាយរហូតដល់ស្រក់ទឹកភ្នែក៕