
ភ្នំពេញៈ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២០ ខែមករានេះ ក្រោយពីបានចាប់ផ្តើម កាលពីថ្ងៃទី ១៨ មករា កន្លងមក ដោយមានកីឡាករ-កីឡាការិនីចំនួន ១០៣នាក់ចូលរួម។
លោក បុង ប៊ុនហួន រដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើជាអធិបតីភាពក្នុងពិធីបិទ “ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២”នេះ។
ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករ-កីឡាការិនី ចំនួន ១០៣នាក់។ ក្នុងនោះស្រី ៤៦នាក់ មកពីក្លិបហែលទឹកចំនួន ៨ស្ថាប័ន។
ការប្រកួតប្រជែងមានវិញ្ញាសាចំនួន ២០ វិញ្ញាសារួមមាន៖ វិញ្ញាសាហែលរបៀបសេរីផ្នែកបុរស-នារី ចម្ងាយ ១០០ម និង ២០០ម វិញ្ញាសាហែលរបៀបកង្កែបផ្នែកបុរស-នារី ចម្ងាយ ១០០ម និងវិញ្ញាសាហែលរបៀបមេអំបៅបុរស-នារី ចម្ងាយ ៥០មផងដែរ។
លោករដ្ឋលេខាធិការបានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡានេះផងដែរ។ ជាក់ស្តែង បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡានេះ ដោយហេតុថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី ៣២ នៅឆ្នាំ ២០២៣នេះ។
លើសពីនោះ សហព័ន្ធកីឡាហែលទឹកបានបញ្ជូនកីឡាករ-កីឡាការិនី ទៅបង្វឹកបន្ថែមត្រៀមសម្រាប់ SEA GAME ដែលក្នុងនោះមានបញ្ជូនទៅប្រទេសថៃ ប្រទេសចិន និងប្រទេសវៀតណាមជាដើម។ ជាមួយគ្នានេះ សហព័ន្ធក៏មានក្ដីសង្ឃឹមផងដែរថា កីឡាករ-កីឡាការិនីកម្ពុជានឹងអាចទទួលបានមេដាយជូនជាតិនាឱកាសនោះ។ នេះបើយោងតាមក្រសួង សាធារណការ៕