កម្ពុជារក្សាគោលជំហររឹងមាំក្នុងការប្រើពាក្យ «Kun Khmer» នៅស៊ីហ្គេម ទោះថៃមិនព្រមចូលរួម
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) របស់កម្ពុជា បានប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការប្រើពាក្យ «Kun Khmer» ដោយសម្រេចលុបពាក្យកីឡា Muay ចេញពីស៊ីហ្គេមនៅលើទឹកដីខ្លួនឯងលើកនេះតែម្តង បើទោះបីជាថៃបានប្រតិកម្មខ្លាំង ហើយបានប្រកាសពីការមិនបញ្ជូនប្រតិភូកីឡាប្រដាល់របស់ខ្លួនមកចូលរួមប្រកួតស៊ីហ្គេមនៅខែឧសភាខាងមុខក៏ដោយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ថា ការសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ដោយគ្មានភ្ជាប់ពាក្យ «Muay» ដែលជាប្រភេទក្បាច់គុនរបស់ថៃ ដោយមានឈ្មោះពេញថា Muay Thai នេះ គឺកម្ពុជា បានធ្វើលិខិតជាលាយលក្ខណ៍អក្សរយ៉ាងត្រឹមត្រូវ ដើម្បីផ្ញើទៅកាន់ប្រទេសជាសមាជិកស៊ីហ្គេម ហើយការធ្វើបែបនេះ គឺដើម្បីបង្ហាញពីកីឡាជាអត្ដសញ្ញាណរបស់ជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងក្នុងឆ្នាំ ២០២៣ នេះ។
អ្នកជំនាញកីឡារូបនេះ បានថ្លែងថា៖ «បើទោះជាភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ និងមិនបញ្ជូនអត្ដពលិកមកប្រកួតលើវិញ្ញាសានេះ ក៏ប្រដាល់គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេមលើកទី៣២ ដដែល ព្រោះតាមច្បាប់កីឡា គឺឱ្យតែមាន៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ តែកម្ពុជាយើងមានរហូតដល់ ៦ ប្រទេសបានគាំទ្រលើវិញ្ញាសានេះក្នុងនោះមានឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ដូច្នេះយើងអត់ខ្វល់ ចំពោះអ្នកណាមិនចូលរួមប្រកួតនោះទេ»។
ការបញ្ជាក់ឡើងវិញ ចំពោះការរក្សាគោលជំហរប្រើឈ្មោះប្រដាល់គុនខ្មែរ ឬ Kun Khmer នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីភាគីថៃ បានប្រតិកម្ម និងប្រកាសថា ពួកគេនឹងមិនបញ្ជូនក្រុមអត្តពលិកប្រដាល់ Muay Thai របស់ខ្លួន ឱ្យមកចូលរួមប្រកួតលើប្រភេទកីឡា Kun Khmer ក្នុងស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣នេះទេ។
លោក សាក់ឆាយ ថាប់ស៊ុវ៉ាន់ នាយកសមាគមកីឡាប្រដាល់ Muay Thai ស្ម័គ្រចិត្ត បានផ្តល់បទសម្ភាសន៍ឱ្យ Thai PBS Sport កាលពីថ្ងៃទី២១ ខែមករាថា៖ «សមាគម មិនអាចនឹងបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតប្រជែង(នៅស៊ីហ្គេម លើកនេះ)បានទេ ហើយយើងក៏បានជូនដំណឹងដល់គណៈកម្មាធិការអូឡាំពិករបស់ប្រទេសថៃ ហើយគណៈកម្មាធិការ ក៏មានការយល់ឃើញដូចសមាគមប្រដាល់របស់យើងគឺយើងមិនបញ្ជូនអត្ត
ពលិកទៅចូលរួមការប្រកួតនេះទេ»។
ទន្ទឹមនឹងនេះ សហព័ន្ធកីឡាប្រដាល់ Muay Thai អន្តរជាតិ (IFMA) ក៏បានជូនដំណឹងដែរថា នឹងមានការដាក់ពិន័យទៅដល់គ្រប់ប្រទេស ដែលបញ្ជូនប្រតិភូកីឡាឱ្យមកចូលរួមការប្រកួតកីឡាប្រដាល់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយស្ថាប័នមួយនេះ បានអះអាងថា តាមបទប្បញ្ញត្តិរបស់ស៊ីហ្គេម គឺទាំងប្រភេទប្រដាល់គុនខ្មែរ និងប្រដាល់សេរី ក្នុងស៊ីហ្គេម ត្រូវតែប្រើឈ្មោះ Muay ឬ Muay Thai ។
លោក សាក់ឆាយ ថាប់ស៊ុវ៉ាន់ ដែលជាប្រធានIFMAផងនោះបានបន្ថែមថា៖ «IFMA បានផ្ញើលិខិតជូនដំណឹងដល់ប្រទេសជាសមាជិក ក្នុងប្លុកអាស៊ានថា ប្រសិនបើប្រទេសណា បញ្ជូនអត្តពលិក មន្ត្រីពាក់ព័ន្ធ ឬអ្វីក៏ដោយ ទៅចូលរួមប្រកួតប្រជែងប្រដាល់លើកនេះ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត ក្នុងកីឡារបស់ IFMA នោះទេ ជាក់ស្ដែងគឺការប្រកួត Asian Indoor Game របស់យើង នាពេលឆាប់ៗនេះ ហើយប្រទេសថៃផ្ទាល់ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងកីឡារបស់ IFMA ដូចគ្នា បើសិនជាយើងទៅចូលរួមការប្រកួតនៅស៊ីហ្គេមលើកនេះ»។
ប៉ុន្តែទោះបីជាយ៉ាងណា អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន មិនបានបង្ហាញក្តីបារម្ភចំពោះការប្រកាសដកខ្លួនរបស់ប្រតិភូកីឡាប្រដាល់របស់ថៃនេះទេ ដោយលោកបានលើកឡើងថា ការចូលរួមឬមិនចូលរួមប្រកួតកីឡាណាមួយ គឺជាសិទ្ធិរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះគឺកម្ពុជា ក៏មិនបញ្ជូនក្រុមអត្ដពលិកប្រដាល់គុនខ្មែរ ទៅចូលរួមការប្រកួត Muay Thai របស់ថៃដូចគ្នា។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «បើសិនថៃ ដាក់ Muay Thai ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ ក៏យើងអត់ចូលដែរ ហើយពេលយើងដាក់គុនខ្មែរ គេក៏អត់មក ដែលនេះជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ យើងនៅតែសាមគ្គី ក្នុងការអភិវឌ្ឍគុនខ្មែរ និង Muay Thai ក្នុងរូបភាពជាការប្រកួតមិត្តភាព និយាយរួមប្រកួតអ្វីក៏ដោយឱ្យតែក្រៅពីការប្រកួតជា Games ព្រោះការប្រកួតពហុកីឡា ដូចជា ស៊ីហ្គេម គឺជាការប្រកួតតំណាងឱ្យជាតិ ដូច្នេះយើងត្រូវប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់យើង»៕