​លោក​ ហ៊ុន សែន​៖ ​យើង​ចំណាយ​ជាង​ $១០០ ​លាន​ ដើម្បី​បំពេញ​កាតព្វកិច្ច​ធ្វើ​ស៊ី​ហ្គេម​

Content image - Phnom Penh Post
ទិដ្ឋភាពកីឡដ្ឋានមរតកតេជោ​ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ​រាជធានីភ្នំពេញ​​​។ ហុង មិនា

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជាថ្មី​ថា ការ​​សម្រេចចិត្ត​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ក្នុង​ឆ្នាំ​ ២០២៣​ នេះ វា​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា ក្នុងនាម​ជា​សមាជិក​របស់​អាស៊ាន ហើយ​កម្ពុជា​នឹង​ខិតខំ​ធ្វើឱ្យបាន​នូវ​កិច្ចការងារ​នេះ​ជាមួយនឹង​ការ​ទទួលខុសត្រូវ​ខ្ពស់ ខណៈ​កម្ពុជា​ចាប់ផ្តើម​ពិធី​រាប់​ថយក្រោយ​ ១០០ ​ថ្ងៃ​ចំពោះ​ព្រឹត្តិការណ៍​នេះ​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញា​​ប​ត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) ជិត​ ៧​ ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃទី​ ២៣ ​ខែមករា​ លោក ​ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំ ជាច្រើន​ទៀត កាលពី​ឆ្នាំ​ ២០២២​។ ចំណែក​ឆ្នាំ ​២០២៣ ​នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​នឹងមាន​កីឡាករ កីឡាការិនី​រាប់ពាន់នាក់ មក​ចូលរួម ហើយ​កម្ពុជា​ត្រូវបំពេញ​កិច្ចការងារ​នេះ​ឱ្យបាន​ល្អ ដើម្បី​លើកមុខ​មាត់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែងថា​៖ «​យើង​ត្រូវខិតខំ​ធ្វើឱ្យបាន នូវ​កិច្ចការងារ​នេះ ជាមួយនឹង​ការទទួល ខុសត្រូវ​រប​ស់​យើង គឺ​មិន​គ្រាន់តែ​ជា​បញ្ហា សម្រាប់​ការ​ឈ្នះ​មេដាយ​នោះទេ ក៏ប៉ុន្តែ​ធ្វើជា​ម្ចាស់ផ្ទះ ដោយមាន​ការ​​ទទួលខុសត្រូវ ផ្តល់នូវ​សុវត្ថិភាព​សម្រាប់​កីឡាករ កីឡាការិនី និង​អ្នកដឹកនាំ​មកពី​ប្រទេស​នានា ព្រមទាំង​ផ្តល់នូវ​ការសប្បាយរីករាយ សម្រាប់​ពួកគេ​ដែល​មក​ប្រកួត នៅលើ​ទឹកដី​ព្រះរាជា​ណា​ចក្រ​កម្ពុជា​»​។​

​លោក​បន្តថា​៖ «​នេះ​ជា​ព្រឹត្តិ​​ការណ៍​ដ៏​ធំ ហើយ​យើង​ត្រូវ​ចំណាយលុយ​ក៏​ច្រើន​។ យើង​បានធ្វើ​ស្តា​ត និង​ធ្វើ​កន្លែង​ប្រកួត ដោយ​ក្នុងនោះ​មិត្ត​ចិន​បាន​ជួយ​ស្តា​ត ​(​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​​តេ​ជោ​) មួយ​ដ៏​ល្អ ហើយ​យើង​ក៏បាន​ប្រើ​ថវិកា​កសាង​ខ្លួនឯង​បូក​បន្ថែម​។ ពីមុន​ខ្ញុំ​និយាយថា តែ​ ៤០ ​លាន​ទេ ក្នុង​ ១ ​ឆ្នាំ តែ​យើង​បាន​បង្កក ៣​ ឆ្នាំ​ឥឡូវ​ថវិកា​សម្រាប់​ការប្រកួត និង​ការកសាង​នានា​នេះ​ឡើង​ជាង​ ១០០​ លាន​ដុល្លារ គឺ​យើង​អត់​ធ្វើ​លលីមលលាម​ទេ​»​។

​យ៉ាងណាក៏ដោយ នៅមុន​ការសម្រេច​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​ ២០២៣​ នេះ កម្ពុជា បាន​បដិសេធ​ជាច្រើនលើក​ក្នុង​ការទទួល​យក​ឱកាស​នេះ ដោយសារតែ​ប្រទេសមួយ​នេះ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​រៀបចំ ហើយ​លោក​ហ៊ុន សែន បាន​ទម្លាយ​ថា លោក​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​មេដឹកនាំ​អាស៊ាន លើ​ការបដិសេធ មិន​ព្រមធ្វើម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ​ផងដែរ ប៉ុន្តែ​ពេលនេះ វា​ដល់ពេល​កម្ពុជា ត្រូវបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ហើយ​។

លោក​ថា​៖ «​កាលពីមុន​យើង​ធ្វើ​អត់​បាន ហើយ​ពេលនោះ​មាន​មនុស្ស​មួយចំនួន​បាន​បង្អាប់ និង​ស្តី​បន្ទោស​ឱ្យ​ខ្ញុំ​ថា ឡាវ ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​បាន ចុះ​ហេតុអ្វី កម្ពុជា​ធ្វើ​មិនបាន​? តែ​ពេលនេះ អ្នក​ទាំងនោះ​យល់​ហើយ​»​។​

​លោក ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ការសុំ​ពន្យារពេល មិនមែនជា​រឿង​អាក្រក់​ទេ ព្រោះ​ពេលនោះ កម្ពុជា​ត្រូវការ​យកលុយ​ទៅធ្វើ​ប្រឡាយទឹក ធ្វើ​ផ្លូវថ្នល់ ធ្វើ​សាលារៀន និង​ត្រូវធ្វើ​មន្ទីរពេទ្យ​។ «​យើង​មាន​តម្រូវ​ការ​បែបនេះ ហើយ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​ ២០១១ ខ្ញុំ​ថា ប្រទេស​ខ្ញុំ​ក្រ អ៊ីចឹង​ខ្ញុំ​ត្រូវការ​ថវិកា ដើម្បី​កសាង​អ្វី​ដែលជា​តម្រូវការ​រប​ស់​ប្រជាជន​មុន រីឯ​ស៊ី​ហ្គេម ទុកពេល​ក្រោយ ហើយ​ឥឡូវ​ដល់ពេល​យើង​ធ្វើ​ស៊ី​​ហ្គេម​ហើយ​»​។​

Content image - Phnom Penh Post

​សម្រាប់​ដំណើរការ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣២ ​ឆ្នាំ​ ២០២៣ (CA-MSOC) នឹង​រៀបចំ​ពិធី​រាប់​ថយក្រោយ​ ១០០ ​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនា​ល្ងាច​ថ្ងៃទី​ ២៥ ខែមករា​។

ចំណែក​ពិធី​សុំ​ភ្លើង «​ព្រះ​អគ្គី​​កីឡា​» នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី ​២១ ខែមីនា ហើយ​បន្ទាប់មក កម្ពុជា នឹង​រៀបចំ​ពិធី​រត់​ភ្លើង​គប់ នៅតាម​បណ្តា​ប្រទេស​ជា​មា​ជិ​ក​ទាំង ​១០ នៅ​អាស៊ាន ដោយ​ចាប់ផ្តើម​នៅ​ប្រទេស​វៀតណាម មុនគេ នៅ​ថ្ងៃទី​ ២៤ ខែមីនា និង​បញ្ចប់​នៅ​ប្រទេស​ឡាវ នា​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ ​២០២៣​។

​ថ្លែង​ផ្តោតទៅលើ​ពិធី​រាប់​ថយ​​ក្រោយ​ ១០០​ ថ្ងៃនេះ​លោក ហ៊ុន​ សែន បាន​បញ្ជាក់ថា​៖ «​សូមកុំ​ភ្លេច នៅ​ថ្ងៃទី​២៥ ខែមករា នេះ គឺ​យើង​ចាប់ផ្តើម​ធ្វើឱ្យមាន​ចលនា​ជាតិ​មួយ រាប់​ថយក្រោយ នា​ថ្ងៃទី​ ២៥ ដោយ​ស្រែកថា ១០០​ ថ្ងៃ លុះ​ដល់ទី​ ២៦ ស្រែកថា ៩៩ ​ថ្ងៃ ហើយ​ដល់ទី​ ២៧ យើង​ស្រែកថា ៩៨​ ថ្ងៃ គឺ​យើង​រាប់​ថយក្រោយ រហូតដល់​ថ្ងៃ​ប្រកួត ហើយ​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​នឹង​យាង​ទៅ​អង្គរ​វត្ត ដើម្បី​ប្រទាន​ភ្លើង​កីឡា ចេញពី​អតីត​រាជធានី​អង្គរ​តែម្តង ដោយ​យើង​យក​នៅក្នុង​ខែមីនា ហើយ​បន្ទាប់មក យើង​ត្រូវ​រត់​ឆ្លងកាត់​ប្រទេស​នានា បាន​ចូលដល់​ភ្នំពេញ របស់​យើង​នេះ​សម្រាប់​ការប្រកួត​»​។​

​បើតាម​កម្មវិធី​របស់ CAMSOC ពិធី​រាប់​ថយក្រោយ​ ១០០​ ថ្ងៃ នា​ថ្ងៃទី ​២៥ ខែមករា នឹង​ចាប់ផ្តើម​ជួបជុំគ្នា នៅ​ម៉ោង​ ៤​ រសៀល ហើយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អញ្ជើញ​មកដល់​នៅ​ម៉ោង​ ៥ រីឯ​ប្រតិភូ នាយ​បេស​ក​​កម្ម មកដល់​នៅ​ម៉ោង​ ៦ ​ល្ងាច ចំណែក​គណៈអធិបតី នឹង​មកដល់​នៅ​ម៉ោង ៦:២០ ​នាទី គឺ​មុនពេល​ការអញ្ជើញ​មកដល់​របស់លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ​ បាញ់ ដែលជា​ប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ CAMSOC​។​

​ចាប់ពី​ម៉ោង ៦:៣០ នាទី​យប់​តទៅ នឹងមាន​ការអុជ​កាំ​ជ្រួច ការសម្តែង​គុន​ល្បុក្កតោ ការសម្តែង​កីឡា​តេ​ក្វាន់​ដូ WT ការសម្តែង​កីឡា​រាំ (Breaking Dance) នៅមុន​ការ​ថ្លែង​សុន្ទរកថា របស់លោក Dato Seri Chaiyapak Siriwat ប្រធាន​ទីស្នាក់ការ​សហ​ព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ លោក​រដ្ឋមន្ត្រី ថោង ខុន ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ និង​លោក ទៀ បាញ់​។ បន្ទាប់មក មានការ​បង្ហាញ​ឈុត​សម្លៀក​បំពាក់​កីឡា បង្ហាញ Mascot គ្រប់​ប្រភេទ​កីឡា និង​ផ្តល់ Mascot ជា​អនុស្សាវរីយ៍​ដល់​នាយ​បេសកកម្ម​គ្រប់​ប្រទេស និង​ប្រតិភូ​គុន​ខ្មែរ ហើយ​ក្រោយមក នឹងមាន​ទស្សនីយភាព​របាំ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ចុងក្រោយ​បន្លឺ​ស្គរជ័យ​រាប់​ថយក្រោយ ដោយមាន​ការអុជ​កាំជ្រួច​ដើម្បី​អបអរសាទរ​នៃការរាប់​ថយក្រោយ​ ១០០ ​ថ្ងៃ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ នា ខែឧសភា​ខាងមុខ​៕

ព័ត៌មានថ្មីៗ