CAMSOC ត្រៀមបង្ហាញភាពអស្ចារ្យ ក្នុងពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ដើម្បីទាញការចាប់អារម្មណ៍សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានកំណត់យកពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចនិងយប់ថ្ងៃទី ២៥ ខែមករា ដើម្បីបង្ហាញនូវទស្សនីយភាព និងសមិទ្ធផលការងារសំខាន់ៗ ដែលខ្លួនបានបំពេញ និងកំពុងតែធ្វើបន្ថែម ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសប្រតិភូកីឡា មកពីតាមបណ្តាប្រទេសទាំង ១០ នៅតំបន់អាស៊ាន បានមើលឃើញថា កម្ពុជាពិតជាត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការផ្តល់នូវភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសុខសុវត្ថិភាព សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នេះ។
ជាមួយគ្នានេះ CAMSOC ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំពិសេសមួយ ជាមួយគណៈកម្មការជំនាញនានា កាលពីថ្ងៃទី ២៣ ខែមករា ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ត្រៀមពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ ឱ្យមានភាពឱឡារឹកជាមួយនឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នៅគ្រប់បណ្តាញសារព័ត៌មានទាំងអស់ និងបណ្តាញសង្គម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយកិច្ចប្រជុំនោះថា៖ «យើងបានរៀបចំម៉ត់ចត់ជាទីបំផុត និងមានការចូលរួមគាំទ្រពីគ្រប់ស្រទាប់មហាជន និងគណៈកម្មការរៀបចំស៊ីហ្គេមរបស់យើង ជាពិសេសយើងបានអញ្ជើញគ្រប់នាយបេសកកម្មរបស់បណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ ឱ្យមកចូលរួម ជាសក្ខីភាពនៃពិធីរាប់ថយក្រោយ១០០ថ្ងៃរបស់យើង ដែលយើងបានបំផុសឡើងនូវការផ្សព្វផ្សាយ ដើម្បីបញ្ជាក់ពីភាពទទួលខុសត្រូវ និងការផ្តល់ភាពកក់ក្តៅ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ សម្រាប់ការទទួលស្វាគមន៍ប្រតិភូកីឡាទាំងអស់»។
តាមកម្មវិធីរបស់ CAMSOC បានឱ្យដឹងថា ពិធីរាប់ថយក្រោយ១០០ថ្ងៃ នាថ្ងៃទី២៥ ខែមករានេះ នឹងចាប់ផ្តើមជួបជុំគ្នា នៅម៉ោង៤រសៀល ហើយភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកដល់នៅម៉ោង៥ រីឯប្រតិភូ នាយបេសកកម្ម មកដល់នៅម៉ោង៦ល្ងាច ចំណែកគណៈអធិបតី នឹងមកដល់ នៅម៉ោង ៦:២០ គឺមុនពេលការអញ្ជើញមកដល់របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC។
ចាប់ពីម៉ោង ៦:៣០ យប់តទៅ នឹងមានកម្មវិធីជាច្រើន ដែលផ្តើមដោយការច្រៀងបទចម្រៀង «ឈ្នះ ឈ្នះ» របស់លោក សុគន្ធ ថេរ៉ាយុ បន្ទាប់មកមានការអុជកាំជ្រួច ការសម្តែងគុនល្បុក្កតោ ការច្រៀបបទ « Cambodian Our Home» របស់កញ្ញា វី ឌីណែត មុនពេលការសម្តែងកីឡាតេក្វាន់ដូ WT។ បន្ទាប់មក លោក ហង្ស សុវណ្ណារិទ្ធ នឹងចូលខ្លួនមកច្រៀងបទ «អ្នកស្នងគុនខ្មែរ» ហើយការសម្តែងកីឡារាំ (Breaking Dance) នឹងចាប់ផ្តើម នៅម៉ោងបន្ទាប់។
ក្រោយមកទៀត លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច នឹងចេញមកច្រៀងរួមគ្នា នូវបទចម្រៀង «នឹក ២៤ ម៉ោង» នៅមុនការថ្លែងសុន្ទរកថារបស់លោក Dato Seri Chaiyapak Siriwat ប្រធានទីស្នាក់ការសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោករដ្ឋមន្រ្តី ថោង ខុន ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងសុន្ទរកថារបស់លោក ទៀ បាញ់ អមដោយការបាញ់កាំជ្រួច នៅចុងក្រោយ។
បន្ទាប់មកទៀត នឹងមានការច្រៀងបទ «រស់ជាខ្លួនឯង» ដោយកញ្ញា ឈិន ស្រីនិច្ច និងបទ «តើមានបងថ្ងៃនោះទេ» របស់លោក នី រតនា មុនការបង្ហាញឈុតសម្លៀកបំពាក់កីឡា។ រួចមក កញ្ញា សុខ សីឡាលីន នឹងចូលមកច្រៀងបទ «ជើងឯកវិទ្យាល័យ» ហើយក្រោយមកជាពេលដែលត្រូវបង្ហាញ Mascot គ្រប់ប្រភេទកីឡា ព្រមទាំងការផ្តល់ Mascot ជាអនុស្សាវរីយ៍ដល់នាយបេសកកម្មគ្រប់ប្រទេស និងប្រតិភូគុនខ្មែរ។
ចំណែក៣កម្មវិធីចុងក្រោយ គឺការច្រៀងបទ «ស្មារតីសាមគ្គី» របស់លោក ហ្សូណូ ទស្សនីយភាពរបាំប្រជាជាតិអាស៊ីអាគ្នេយ៍ និងការបន្លឺស្គរជ័យរាប់ថយក្រោយ ដោយមានការអុជកាំជ្រួច ដើម្បីអបអរសាទរនៃការរាប់ថយក្រោយ១០០ថ្ងៃ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
និយាយផ្តោតទៅលើការរៀបចំនេះ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «គ្រប់ផ្នែកទាំងអស់ បានរៀបចំ គឺទាំងផ្នែកសម្តែងសិល្បៈ វប្បធម៌ ការសម្តែងកីឡា បង្ហាញ Mascot នៃប្រភេទកីឡានីមួយៗ ព្រមទាំងមានការអុជកាំជ្រួច ការថ្លែងសុន្ទរកថា របស់ថ្នាក់ដឹកនាំ ហើយក៏មានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា ក្រោមការផ្តល់ការគាំទ្រយ៉ាងក្លៀវក្លាពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC»។
បន្ថែមលើនេះ CAMSOC ក៏មានធ្វើឆាកមួយដ៏ធំ នៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ហើយក្រៅពីនេះ CAMSOC ក៏មានកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស រួមទាំងកិច្ចប្រជុំប្រដាល់គុនខ្មែរអន្តរជាតិ ដោយមានសមាជិកចូលរួមសរុបប្រមាណ១០០នាក់ គឺមានមកពីឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា ជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំនេះ គ្រោងធ្វើនៅថ្ងៃទី២៦ ខែមករា។
លោក វ៉ាត់ ចំរើន បានប្រាប់ឱ្យដឹងទៀតថា យើងនឹងត្រៀមរៀបចំខ្សែទស្សនកិច្ច និងការត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតជូនដល់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិផងដែរ។ «យើងបានលើកកម្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យអស្ចារ្យ ហើយយើងនឹងត្រៀមភាពអស្ចារ្យបន្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ា ឆ្នាំ២០២៣ ដោយផ្តើមពីការរាប់១០០ថ្ងៃនេះទៅ គឺយើងបង្ហាញជូនអន្តរជាតិថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ឬ Cambodia is Ready»។
«កម្ពុជាបានត្រៀមខ្លួន ចន្លោះពី ៧០ទៅ៨០ភាគរយហើយ ដោយនៅសេសសល់ត្រឹមចន្លោះពី២០ ទៅ៣០ភាគរយ ដែលយើងត្រូវត្រៀមចលនានៃការរៀបចំរបស់យើងឱ្យបានគត់មត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និងការប្រកួត ដោយសហព័ន្ធកីឡាជាតិទាំងអស់ បានខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតរបស់ខ្លួន ជាមួយសហព័ន្ធកីឡាអន្តរជាតិ ហើយបានចេញបទបញ្ជានៃការប្រកួតគ្រប់ប្រភេទកីឡាបានច្បាស់លាស់អស់ហើយ»។ លោក ចំរើន បានបញ្ជាក់។
យ៉ាងណាមិញ សម្រាប់នៅក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ត្រូវបានលោក វ៉ាត់ ចំរើន អះអាងថា ជាការផ្តល់នូវភាពកក់ក្តៅ និងសុវត្ថិភាពដល់អ្នក ដែលត្រូវមកចូលរួមស៊ីហ្គេម នៅកម្ពុជា ព្រោះទាំងប្រទេសអូស្រ្តាលី ចិន ជប៉ុន វៀតណាម សិង្ហបុរី ស្ថាប័ន INTERPOL ស្ថាប័ន FBT និង ASEANAPOL សុទ្ធតែបានផ្ដល់ជាមធ្យោបាយឧបករណ៍ សម្ភារបច្ចេកទេសបម្រើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ដល់កម្ពុជា។
«អ្វីដែលសំខាន់ កាលពីថ្ងៃទី១៩ ខែមករា កម្ពុជាបានបង្ហាញកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមផ្តល់ភាពកក់ក្តៅ ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រតិភូកីឡាអាស៊ាន និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ក្នុងគោលដៅដ៏ធំចម្បងឱ្យកម្ពុជាទទួលបានកិត្តិយស កិត្យានុភាព និងរក្សាជំហរយ៉ាងរឹងមាំថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា មិនមានសារធាតុហាមឃាត់ក្នុងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ «យើងទាំងអស់គ្នា បាននិងកំពុងប្តេជ្ញាចិត្តខ្ពស់ ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ លើកដំបូង ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»៕