ភ្នំពេញៈ ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឈានដល់​ការបញ្ជាទិញ​វីដេអូ​ជំនួយ​អាជ្ញាកណ្តាល​​ (Video Assistant Referee) ហៅ​កាត់​ថា VAR ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី៣២ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​នៅ​ខែឧសភា ឆ្នាំនេះ​។​

​លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​អះអាងថា សហព័ន្ធដោយមាន​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ នេ​ត សាវឿន ជា​ប្រធាន និង​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា ជា​អនុប្រធាន បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ថ្មី​មួយទៀត​គឺ​ការបញ្ជាទិញ VAR យកមកប្រើ​នៅក្នុង​ការប្រកួត​ធំៗ ជាពិសេស​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដើម្បី​ពង្រឹង​ទៅលើ​គុណភាព​ការ​កាត់សេចក្តី ឱ្យ​កាន់​តែមាន​សុក្រឹតភាព​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​បញ្ជា​ទិញ​ប្រព័ន្ធ VAR ហើយ​មកដល់​ម៉ោង​នេះ ខ្ញុំ​គិតថា កម្ពុជា​របស់​យើង​បាន​ក្លាយជា​ប្រទេស​ទី៤ ក្នុង​តំបន់​អាស៊ាន ដែលមាន VAR ដោយ​យើង​បាន​បញ្ជា​ទិញ និង​ត្រៀម​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នេះ​»​។​


​លោក សិរី​ពិសិដ្ឋ បាន​បន្ថែមថា​៖ «​មានតែ​ថៃ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ទេ​ដែលមាន ​VAR ផ្ទាល់ខ្លួន ហើយ​កម្ពុជា​ជា​ប្រទេស​ទី​៤ ខណៈ​សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម ដែល​ទើប​ធ្វើ​ម្ចាស់ផ្ទះ​កន្លងមក សុទ្ធតែ​ជួល VAR ពី​ប្រទេស​ថៃ​យកទៅ​ប្រើ​»​។

​លោក​បាន​បន្ដថា ប្រសិនបើ​យើង​ជួល​គេ​យកមកប្រើ គឺ​ចប់​ស៊ី​ហ្គេម មន្ត្រី​បច្ចេកទេស​របស់​យើង​នៅតែ​អត់​ចេះ ដូច្នេះ​យើង​ត្រូវតែ​បណ្តុះបណ្តាល​ធន​ធន​ឱ្យមាន​ម្ចាស់ការ​លើ​ខ្លួនឯង​តែម្តង​ហើយ​ចប់​ពី​ស៊ី​ហ្គេម​ទៅ​យើង​នឹងមាន​ធនធាន​គ្រប់គ្រាន់ សម្រាប់​បម្រើ​ការងារ​ក្នុងការ​ប្រកួត​នានា​ទៀត​បាន​។​


​ការបញ្ជាក់​ពី​ការទិញ VAR នេះ ត្រូវបាន​លោក អាំង សិរី​ពិសិដ្ឋ លើកឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទះ Slamball​ នៅ​កីឡដ្ឋាន​បាល់ទះ​វិសាខា កាលពី​ព្រលប់​ថ្ងៃទី​ ២៨ ខែមករា ហើយ​ពានរង្វាន់​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការឧបត្ថម្ភ​ផ្តាច់មុខ​ពី​ស្រា​បៀរ Anchor នេះ មាន​ក្រុម​ចំនួន​ ៨ បាន​ចូលរួម ដោយបាន​ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំមុន​មក​។​

​ចំណែក​ការប្រកួត​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍ កន្លងមក ក្រុម​ពង្រូល​កំពង់ស្ពឺ បាន​យកឈ្នះ​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ដោយ​លទ្ធផល​ ៣​ សិត​ទល់នឹង​ ២ សិត ​(៣២) ដើម្បី​ក្លាយជា​ជើងឯក អមដោយ​ប្រាក់រង្វាន់​ ២០​ លាន​រៀល និង​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ បាន ១២ លាន​រៀល​។ រីឯ​ក្រុម​លេខ​ ៣​ បាន​ទៅលើ​ក្រុម​ដំរី​សៀមរាប ដែល​បាន​ប្រាក់​ ៦ ​លាន​រៀល​។

​ជុំវិញ​ការប្រកួត​បាល់ទះ​ពានរង្វាន់ Slamball រដូវ​កាល​ទី​១​ នេះ​លោក សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​ព្រឹត្តិការណ៍ Slamball នេះ ក៏​ជាការ​រួមចំណែក​មួយ ក្នុង​ការជំរុញ​ការវិវឌ្ឍ​ថ្មី​នៃ​វិស័យ​បាល់ទះ​នៅ​កម្ពុជា »​។​

​ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​ពង្រឹង​លើ​មន្ត្រី​បច្ចេកទេស ដោយ​ថ្មីៗ​នេះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ការគ្រប់គ្រង​ប្រព័ន្ធ Volleyball Information System និង EScoresheet Computer Program ដើម្បី​ឈានទៅរក​កម្រិត​អន្តរជាតិ​។

​លោក សិរី​ពិសិដ្ឋ ថា​៖ «​ខ្ញុំ​ចាំបាន​ថា ពីមុន​ឱ្យតែ​មាន​ព្រឹត្តិការណ៍​ប្រកួត តែងតែមាន​ការជះឥទ្ធិពល​ទៅលើ​អាជ្ញាកណ្តាល ដោយពេល​ខ្លះ​គាត់​មានការ​ភ្លាំង ភ្លាត់ ហើយ​ពេលខ្លះ គាត់​កាត់សេចក្តី​ត្រូវ​ហើយ តែ​កីឡាករ​ខ្លួនឯង​ទេ ដែល​មិន​ទទួលយក​លទ្ធផល​ការ​កាត់សេចក្តី​នោះ ប៉ុន្តែ​បន្ទាប់ពី​ការ​កំណែទម្រង់​នេះ ឃើញថា អាជ្ញាកណ្តាល​យើង​សុក្រឹត​មែនទែន​»​។​

​លោក​ថា​៖ «​អាជ្ញាកណ្តាល​ដែល​មក​កាត់សេចក្តី​ក្នុង​ព្រឹត្តិការណ៍​នានា ជាពិសេស​ការប្រកួត​ Slamball នេះ​គឺ​អាជ្ញា កណ្តាល​មកពី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែល​ត្រូវបាន​បំពាក់បំប៉ន​យ៉ាង​គត់មត់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​»​។

​ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​កំណត់ឱ្យ​ក្រុម​បាល់ទះ​ទាំងអស់​នៅ​កម្ពុជា​ចុះបញ្ជី​ផងដែរ ព្រោះ​ក្រុម​មិន​ចុះបញ្ជី​ជាមួយ​សហព័ន្ធ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ទេ ។​

​លោក អាំង សិរី​ពិសិដ្ឋ ថា​៖ «​នេះ​ជា​បទបញ្ជា ដែល​យើង​បាន​បង្កើត និង​ត្រូវអនុវត្ត​ទាំងអស់គ្នា ហើយ​យើង​ឃើញថា​មកដល់ពេលនេះ មាន​ក្រុម​តំណាង​ក្លិប​តាម​រាជធានី​ខេត្ត​បានមក​ចុះបញ្ជី​ជាង ​៣០​ ហើយ ៕