ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ ​(KOICA) ប្រចាំ​កម្ពុជា បានសម្រេច​ថា​ នឹងធ្វើ​សកម្មភាព​សង្គម​ឬ​ការងារ​សប្បុរសធម៌​រួមគ្នា​ជាមួយ​កីឡាការិនី​ឆ្នើម ស្រួ​ង ភា​វី ដើម្បី​លើកកម្ពស់​ការរស់នៅរ​បស់​ពលរដ្ឋ​កម្ពុជា និង​សិស្សានុសិស្ស​នៅតាម​ខេត្ត ខណៈដែល KOICA បាននិងកំពុង​រៀបចំ​សកម្មភាព​សង្គម​ជាច្រើន​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​

​លោក​ហ៊​ត ស្រុឺ អ្នកឯកទេស​កម្មវិធី​ជាន់ខ្ពស់​របស់ KOICA បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​​ ៣០ ខែមករាថា​៖ «​យើង​គ្រោង​នឹងធ្វើ​កម្មវិធី​សប្បុរ​ធម៌​ជាមួយ​កីឡាការិនី ស្រួ​ង ភា​វី ដោយ​ខាង KOICA មាន​ក្រុម​សុខ​សប្បាយ ដែលមាន​សកម្មភាព​ទៅ​ខេត្ត ដើម្បី​ធ្វើ​សកម្មភាព​សប្បុរ​ធម៌​ថ្នាក់ក្រោម​ជាតិ នៅតាម​សាលារៀនដូចជា ការចែក​សម្ភារ​សិក្សា​ដល់​សិស្ស បង្រៀន​គាត់​ពី​សុខភាព​អនាម័យ ការ​លាងដៃ​ឱ្យ​ស្អាត ការ​ដុសធ្មេញ ការ​គូរ​រូបភាព ការ​ដេ​គ័​រ និង​សកម្មភាព​លេង​កីឡា​ផ្សេងៗ ហើយ​ក្រុម​សុខ​សប្បាយ​គ្រោង​ធ្វើ​រួមគ្នា​ជាមួយ​កីឡាការិនី ស្រួ​ង ភា​វី​»​។​

​ការសម្រេច​ធ្វើ​សកម្មភាព​សង្គម​រួមគ្នា​នៅ​កម្ពុជា​នេះ បាន​កើតមានឡើង បន្ទាប់ពី​កីឡាការិនី​ស្នូកឃ័រ មាន​ដើមកំណើត​ខ្មែរ ស្រួ​ង ភា​វី រួមទាំង​សហការី បានធ្វើ​ដំណើរ​មកពី​កូរ៉េខាងត្បូង​មក​ទស្សនកិច្ច​នៅ​ការិយាល័យ KOICA ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២៣ ហើយ​កម្មវិធី​ការងារ​សប្បុរសធម៌ នៅតាម​ខេត្ត​នេះ មាន​ឈ្មោះថា «​សុខ​សប្បាយ​»​។​


​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក Rho Hyunjun ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ​(KOICA)​ ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមការងារ​របស់លោក ហើយ​នៅក្នុង​ជំនួប​នោះ លោក Rho Hyunjun បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​សកម្មភាព​សង្គម​នៅ​កម្ពុជា ដែល KOICA បាននិងកំពុង​រៀបចំ​សកម្មភាព​សង្គម​ជាច្រើន​ដោយ​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​។​

​លោក​បាន​បន្ថែមថា ក្រុម​សមាជិក​អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ​របស់ KOICA នៅ​កម្ពុជា បាន​អនុវត្ត​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ឈ្មោះថា ​«​សុខ​សប្បាយ​» ​ហើយ​អតីត​កម្មសិក្សាការី និង​និស្សិត ដែល​បាន​ឆ្លងកាត់​កម្មវិធី​បណ្តុះបណ្តាល​តាមរយៈ KOICA ហៅថា «​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​កូរ៉េ​» ដោយមាន​ការគាំទ្រ​ពី KOICA គឺ​បានធ្វើ​សកម្មភាព​សង្គម និង​យុទ្ធនាការ​ផ្សេងៗ​ជា​រៀងរាល់ឆ្នាំ​។​


​លោក Rho Hyunjun បាន​ជម្រាបជូន​គណៈប្រតិភូរ​បស់​កីឡាការិនី​ស្រួ​ង ភា​វី អំពី​សកម្មភាព​របស់​ខ្លួន​បែបនេះ​ថា​៖ «KOICA បាននិងកំពុង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម លើ​វិស័យ​ស្នូល​ចំនួន​ ៤ មានការ​គ្រប់គ្រង​ទឹក​និង​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍ​ជនបទ និង​ការដឹកជញ្ជូន តាមរយៈ​គម្រោង និង​កម្មវិធី​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ​(ODA)​ ផ្សេងៗ​ដែលមាន​តម្លៃ​ប្រហែល ៣៣៦,៧​ លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ​ ១៩៩១-២០២២»​។​

​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​កីឡាការិនី ស្រួ​ង ភា​វី និង​សហការី ត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ KOICA ប្រចាំ​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ដំណើរការ​របស់​ស្ថាប័ន​មួយ​នេះ ដោយ​ពួកគេ បាន​ជួប​ជាមួយ​បុគ្គលិក​របស់ KOICA ទាំង​ក្រុម​គម្រោង និង​ក្រុម​អ្នកស្ម័គ្រចិត្ត ហើយ​ក្នុង​ពេលនេះ ស្រួ​ង ភា​វី បានបង្ហាញ​ភាពសប្បាយ​រីករាយ​ខ្លាំង​សម្រាប់​ការចូលរួម​ធ្វើ​សកម្មភាព​សង្គម​ជាមួយ KOICA នាពេល​ខាងមុខនេះ​។​

​យ៉ាងណាក្ដី ស្រួ​ង ភា​វី បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ទឹកដី​កំណើត​របស់​ស្វាមី​អ្នកស្រី​វិញ កាលពី​ថ្ងៃទី​ ៣០ ខែមករា ហើយ​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​រូបនេះ នឹង​ត្រឡប់មក​កម្ពុជា​ម្តងទៀត ដើម្បី​ធ្វើ​ការងារ​សង្គម​ជាមួយ KOICA នៅ​មុនពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នា​ខែឧសភា ខាងមុខ​។​

​លោក ហ៊​ត ស្រុឺ បាន​បញ្ជាក់ថា​៖ «​បើតាម​អ្វីដែល ស្រួ​ង ភា​វី បាន​ប្រាប់ គឺ​គាត់​នឹង​អញ្ជើញ​មក​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ក្នុង​ខែឧសភា អ៊ីចឹង​ក្នុង​ខែមេសា មុន​ការប្រកួត​ស៊ី​ហ្គេម គឺ​យើង​អាច​រៀបចំ​កម្មវិធី​នេះ​បាន​ហើយ អ៊ីចឹង​យើង​កំពុង​សម្រុះសម្រួល​ពេលវេលា​ចុះទៅ​ខេត្ត ហើយ​យើង​បាន​សម្រេចយក​ខេត្តកំពង់ធំ ជា​កន្លែង​ដែល​យើង​ត្រូវ​ធ្វើការ​រួមគ្នា ជា​លើកដំបូង​»៕​