ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ទទួលស្គាល់​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​(NOCC) ​អាណត្តិ​ទី​៨ ឆ្នាំ​ ២០២២-២០២៦ ជា​ផ្លូវការ​ហើយ​ដើម្បីឱ្យ​ស្ថាប័ន​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុ​ជាមួយនេះ មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​បន្តការងារ​របស់ខ្លួន សម្រាប់​ចូលរួម​ដឹកនាំ និង​រៀបចំ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ខាងមុខ​។​

​ការទទួលស្គាល់​សមាស​ភាព​ថ្នាក់ដឹកនាំ​ NOCC ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ត្រូវបាន​ធ្វើឡើង​ទៅតាម​ការ​ស្នើសុំ​ពី​ NOCC តាម​លិខិត​លេខ​ ០០១ គ​.​ជ​.​អ​.​ក ចុះ​ថ្ងៃទី​ ៥ ខែមករា ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ចំណារ​ឯកភាព​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៧ ខែមករា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣១ ខែមករា​។​

​យោងតាម​ការយល់ព្រម​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​មានន័យថា គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​ទី​៨​របស់ NOCC ​ទាំង​ ១៣​ នាក់ ដែល​ត្រូវបាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ ៧ ឆ្នាំ​ ២០១៨-២០២២ និង​បន្ដ​អាណត្តិ​ទី​ ៨ កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ ២០២២ ​នឹង​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុងការ​បំពេញការងា​រ​ទៅតាម​ជំនាញ​របស់ខ្លួន​។​


​ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​គាំទ្រ​ឱ្យ​បន្ត​ធ្វើជា​ប្រធាន NOCC បាន​បញ្ជាក់ថា អាណត្តិ​ទី​៧ របស់ NOCC ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ ប៉ុន្ដែ​អាណត្តិ​ទី​ ៨​ នេះ វារឹតតែ​មាន​សារៈសំខាន់​ថែមទៀត នៅក្នុង​ដំណាក់កាល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជាមួយនេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​តាម​ការគ្រោងទុក​។​

​លោក ថោង ខុន បាន​ថ្លែង​ក្នុង​មហាសន្និបាត​នោះ​ថា​៖ «​ដើម្បី​ធានាបាន​នូវ​ជោគជ័យ ក្នុងដំណាក់កាល Games Time ឆ្នាំ​ ២០២៣ NOCC រួមជាមួយ​សហព័ន្ធ​កីឡា ជា​សមាជិក ដោយ​យើងទាំងអស់គ្នាបាន និង​កំពុង​ស្ថិតក្នុង​មហា​គ្រួសារ​ចលនា​អូឡាំពិក​ជាតិ មហា​គ្រួសារ​កីឡា​ជាតិ មាន​ឆន្ទៈ​តែ ​១ ស្មារតី​តែ ​១ ឯកភាពគ្នា​ជា​ធ្លុង​ ១ ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍ និង​ការពារ​ផលប្រយោជន៍​កីឡា​ជាតិ​ទាំងអស់គ្នា ពិសេស​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​ឱ្យបាន​ដាច់ខាត ដើម្បី​ធានា និង​ផ្តល់​ការ​ជឿជាក់ថា ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម យើង​ពិតជា​ធ្វើបាន​គឺ​ខ្មែរ​ធ្វើបាន​»​។​


​គួរ​បញ្ជាក់ថា ការរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៧ និង​បន្ត​អាណត្តិ​ទី​៨ របស់ NOCC ត្រូវបាន​ធ្វើតាម​នីតិវិធី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​គណៈកម្មាធិការ​ប្រតិបត្តិ​ចាស់​ជាមួយនឹង​តម្រូវការ​ចាំបាច់ ដោយសារតែ NOCC កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពហុ​កីឡា​ស៊ី​ហ្គេម ពោលគឺ​ការប្រកួត​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣​។​

​ជាមួយនឹង​ហេតុផល​នេះ ទើប​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​ (IOC) ក្រុមប្រឹក្សា​អូឡាំពិក ​(OCA) និង​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ​(SEAGF)​ បាន​ណែនាំ​ផ្ទាល់ និង​សម្រេច​អនុញ្ញាតឱ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​ម្ចាស់ផ្ទះ ប្រើ​នីតិវិធី​រៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ ឬ​បន្ដ​អាណត្តិ​ក្នុង​កាលៈទេសៈ​ពិសេស​នេះ ដើម្បី​រក្សា​ស្ថិរភាព និង​និរន្ដរភាព​ដឹកនាំ គ្រប់គ្រង​ចលនា​អូឡាំពិក​កម្ពុជា​ក្នុងអំឡុងពេល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ លើកដំបូង នៅ​កម្ពុជា​នេះ​។​

​ទន្ទឹមនឹង​នេះដែរ NOCC ក៏​បញ្ចូល​ឥស្សរជន​កីឡា​ ២ ​រូប​ទៀត គឺ​លោក នេ​ត សាវឿន ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោកស្រី ញ៉ែម មរកត ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។ ដូច្នេះ​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ទី​៨​របស់ NOCC រួមមាន លោក​ថោង ខុន ជា​ប្រធាន​, លោក សៅ សុខា លោក នេ​ត សាវឿន​, លោក ថា​ង ហ្គោ​ដុន និង​លោក អ៊ុក សិទ្ធិ​ជាតិ ជា​អនុប្រធាន​។ ចំណែក​លោក វ៉ា​ត់ ចំរើន ជា​អគ្គលេខាធិការ លោក តែម ម៉ឺន ជា​អគ្គលេខាធិការរង លោក លី កុសល ជា​អគ្គ​ហេរញ្ញិក ហើយ​លោក សំ សោភាន់​, លោកមៀ​ច​សុផាន់​ណា​, លោក ជា បូរ៉ា​,​លោកស្រី កុយ ពិសី និង​លោកស្រី ញ៉ែម មរកត ជា​សមាជិក​៕