ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ទេសច​រណ៍ លោក ថោង ខុន ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​(NOCC) និង​ជា​អនុ​ប្រធាន​អចិ​ន្ដ្រៃយ៍ C​AMSOC បាន​ចាត់​ទុក​ភាព​ជោគ​ជ័យ​នៃ​ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី​៦ ឆ្នាំ​២០២៣ ​នៅ​អង្គ​រថា ជា​ការ​បង្ហាញ​ពី​សមត្ថ​ភាព​របស់​កម្ពុ​ជា​ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣​។​

​លោក​បាន​ថ្លែង​ថា​៖ «​កម្ពុជា​ គឺជា​ប្រទេស​មួយដែ​លមាន​សន្តិភាព​ក្នុង​តំបន់​ហើយ​តាម​រយៈ​សន្តិ​ភាព​នេះ​ បា​នធ្វើឱ្យ​កម្ពុជា ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រ​ហ័ស ​រួមទាំង​វិស័យ​កីឡា​ផងដែរ​។ ចំពោះ​ព្រឹត្តិ​ការណ៍​រត់​ចម្ងាយ​ឆ្ងាយ ​Angkor Ultra Trail ឆ្នាំ​២០២៣ គឺជា​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ ​ដែល​បង្ហាញ​ពី​សមត្ថ​ភាព​របស់​កម្ពុ​ជា ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ លើក​ទី​១២ នា​ពេល​ខាង​មុខ​ ក្រោម​ប្រធាន​បទ កីឡា​រស់ក្នុង​សន្តិ​ភាព​»​។​

​ការ​លើក​ឡើង​បែប​នេះ​របស់​លោក ​ថោង ខុន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ ​Angkor Ultra Trail នៅ​ខេត្ត​សៀម​រាប​កាល​ពី​យប់​ថ្ងៃទី​ ៤ ​ខែកុម្ភៈ។ ជា​មួយ​គ្នា​នោះ ​លោក​បាន​ថ្លែង​អំណ​រគុណ​ចំពោះ​រាជរដ្ឋាភិ​បាល​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រសួង​ទេស​ចរណ៍ គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ សហ​ការ​ជា​មួយ​លោក Edouard ​Geor​ge ប្រធាន​ក្រុមហ៊ុ​ន Phoenix​ Voyages ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​ Angkor Ultra Trail ឡើង​វិញ ​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​ ២​ ឆ្នាំ ដោយ​សារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​


​ប្រធាន​ NOCC លោក ថោង ខុន បាន​បន្ថែម​ថា​៖ «​ជាការ​ពិត​ណាស់ ព្រឹត្តិ​ការណ៍​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ​ បន្ទាប់​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ត្រឹមត្រូ​វដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​ ១៩​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​រប​ស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ព្រឹត្តិ​ការណ៍​នេះមាន​អត្ត​ព​លិ​ក​ចូល​រួម​ជាង ​១ ​ពាន់​មក​ពី ​៤៣ ​ប្រទេស​ គឺមាន​មក​ពី​អាស៊ី និង​អឺរ៉ុប ជាពិ​សេស​បារាំង​»​។​

​សម្រាប់​អ្នក​ចូល​រួម​ជាង ​១ ពាន់​នាក់​នេះ ​ត្រូវបាន​គណៈក​ម្មកា​រ​រៀប​ចំកំណត់​ឱ្យ​រត់​ទាំង​ថ្ងៃ​ទាំង​យប់​ ដោយ​ឆ្លងកាត់​ឧប​សគ្គ តាម​តំបន់​ព្រៃ​ភ្នំ ​ប្រាង្គ​ប្រា​សាទ ផ្លូវលំ និង​វាល​ស្រែរ​បស់​អ្នក​ភូមិនៅ​តំបន់​អង្គរ​ ទៅ​តាម​ប្រភេទ​វិញ្ញា​សា​ទាំង​ ៦ ​ដោយ​ក្នុង​នោះ​រត់​ចម្ងាយ​១០០ ​គីឡូ​ម៉ែត្រ ​មាន​អ្នក​ចូលរួម​ចំនួន​៨៣​នាក់ រីឯ​រត់​ចម្ងាយ​ ៦៤​ គីឡូ​ម៉ែត្រ ​មាន​ ១០៧​ នាក់​, រត់​ចម្ងាយ​ ៤២ ​គីឡូ​ម៉ែត្រ​ មាន​ ១៥០ ​នាក់​, រត់​ចម្ងាយ​ ៣២ ​គីឡូ​ម៉ែត្រ​ មាន​ ១៦០​ នាក់​, រត់​ចម្ងាយ ​១៦ ​គីឡូ​ម៉ែត្រ មាន ​២៧៨ ​នាក់ និង​រត់​ចម្ងាយ​ ៨ ​គីឡូ​ម៉ែត្រ មាន​ ១២១ ​នាក់​។


​ទន្ទឹម​នឹង​នេះ ​លោក​ ថោង ខុន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈ​កម្មាធិ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ ព្រ​មទាំង​អាជ្ញា​ធរ​ជាតិ​អប្សរា កង​កម្លាំង​សន្តិ​សុខ ក្រុម​សុខាភិ​បាល សហ​គ្រាស​អង្គរ​ និង​អង្គភា​ព​ពាក់ព័​ន្ធក្នុង​ខេត្ត​សៀម​រាប រួមទាំ​ង​កីឡា​ករ​ កីឡា​ការិនី​ទាំង​អស់​ ដែល​បាន​លះ​បង់​ពេល​វេលា​ដ៏​មាន​តម្លៃ ​និង​កម្លាំង​កាយ​-​ចិត្ត ​ដើម្បី​ធ្វើឱ្យ​ព្រឹត្តិ​ការណ៍​នេះ​ទទួល​បាន​ជោគ​ជ័យ​ ហើយ​នេះ​ក៏​ជាការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​នាំ​យក​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ឱ្យ​មាន​ទស្ស​នា​នៅ​អង្គរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ព្រះរា​ជាណា​ចក្រ​កម្ពុជាគឺ​ជា​គោលដៅ​​ទេសច​រណ៍​ស្អាតនិ​ង​បៃតង​ដើម្បី​ស្វា​គមន៍​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​នឹង​រៀបចំ​ពិធី​បើក​នៅ​ថ្ងៃទី​ ៥ ខែឧ​សភា ឆ្នាំ​ ២០២៣​ ហើយ​ព្រឹត្តិ​ការណ៍​ Angkor Ultra Trail នេះ ​បាន​ផ្តល់​ឱកាស​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ​បាន​ត្រឡប់​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ម្តង​ហើយ​ម្តង​ទៀតស​ម្រាប់​ការ​ចូល​រួម​ការ​ប្រកួត​នេះដែល​ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​»​។​

​ចំណែក​លោក Edouard George ជា​ប្រធាន​ក្រុមហ៊ុ​ន Phoenix Voyages ​ដែល​សហ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​​នេះបា​ន​សម្ដែង​សេចក្ដី​រីក​រាយ​ជា​ខ្លាំងចំ​ពោះ​ការវិ​លត្រឡប់​មក​វិញ​នៃ​ព្រឹត្តិ​ការណ៍ ​Angkor Ultra Trail តែ​បាន​ទទួល​អត្ត​ព​លិ​ក​ជាតិ និង​អន្ដរ​ជាតិ​ចូល​រួម​កើន​ឡើង​ទ្វេ​ដង​។

លោក​ថា អ្វី​ដែល​គួរ​ឱ្យកត់​សម្គាល់​ គឺមាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចូលរួម​ព្រឹត្តិ​ការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នេះ ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​កម្ពុជា​ចូល​រត់​ចម្ងាយ​ ១០០​ គីឡូម៉ែ​ត្រ​ផង​ដែរ​។ តាម​រយៈ​នេះ ​លោក​ Edouard George រំពឹង​ថា ​ឆ្នាំ​ក្រោយៗ​ នឹង​មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​ថែម​ទៀត​៕