ភ្នំពេញ៖ ប្រធាន Mas Fight និងជាតំណាងស្ថាប័ន International Professional Combat Council (IPCC) ប្រចាំនៅប្រទេសកម្ពុជា លោក គឹម ស្រ៊ុនកុសល បានអះអាងថា ការរៀបចំឱ្យមានការ ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion រវាងជើងខ្លាំង ធឿន ធារ៉ា និងម្ចាស់ខ្សែក្រវាត់ពិភពលោកមកពីប្រេស៊ីល Thiago Teixeira នៅលើទឹកដីខេត្តស្វាយរៀង នាព្រលប់ថ្ងៃទី ១១ ខែកុម្ភៈនេះ គឺដើម្បីផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។
លោក គឹម ស្រ៊ុនកុសល ដែលជាទីប្រឹក្សាស្ថានីយ ទូរទស្សន៍ ថោនផងនោះ បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលសង្វៀនថោន បានសហការជាមួយ IPCC និងម្ចាស់ឧបត្ថម្ភភេសជ្ជៈ WURKZ ដើម្បីរៀបចំព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» រដូវកាលទី២ នេះ ហើយវាក៏ជាលើកដំបូងដែរ ដែលមានការរៀបចំប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះ។
បុរសមានឈ្មោះក្រៅថា Tommy Kim រូបនេះ បានឱ្យដឹងទៀតថា ការរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion នេះ ក៏ស្របពេលដែល IPCC បានចាប់អារម្មណ៍ភាពលេចធ្លោរបស់ ធឿន ធារ៉ា ហើយ Thiago ក៏ធ្លាប់បានឈ្នះពិន្ទុ ឡៅ ចន្ទ្រា ហើយកាលពីពេលថ្មីៗនេះ Thiago ក៏ទើបដណ្តើមបានខ្សែក្រវាត់ពិភពលោក ១ ខ្សែទៀតដែរ។
លោក គឹម ស្រ៊ុនកុសល បាននិយាយថា៖ «ទាំង ធឿន ធារ៉ា និង Thiago សុទ្ធតែបានឈ្នះខ្សែក្រវាត់ពិភពលោកដូចគ្នា ហេតុនេះ វាជាឱកាសល្អ ដែលយើងដាក់ឱ្យអ្នកទាំង២ វ៉ៃដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion ដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យពិភពលោកបានស្គាល់។ គុនខ្មែរមិនស្ថិតនៅក្រោមស្ថាប័នប្រដាល់របស់ប្រទេសណា១ទេ ព្រោះជាក្បាច់គុនរបស់ដូនតាខ្មែរ អ៊ីចឹងតាមរយៈការប្រកួត ១ គូនេះ ខ្ញុំជឿជាក់ថា នឹងមានភាពកក្រើកខ្លាំង»។
លោក Tommy Kim បានអះអាងថា ស្ថាប័ន IPCC បានជួយផ្សព្វផ្សាយគុនខ្មែរខ្លាំងណាស់ រហូតធ្វើខ្សែក្រវាត់ IPCC Kun Khmer អឺរ៉ុប ឱ្យខាងអឺរ៉ុប គេវ៉ៃដណ្តើម និងធ្វើ IPCC Kun Khmer ជប៉ុន ឱ្យជប៉ុនដណ្តើម ហើយការប្រកួតនៅវៀតណាម ក៏គេដាក់ពាក្យ Kun Khmer នៅលើខ្សែក្រវាត់របស់គេដែរ។
ចំណែកការរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករវាង ធឿន ធារ៉ា និង Thiago នេះ លោកបានបញ្ជាក់ថា៖ «វាជាព្រឹត្តិការណ៍ធំ លើកទី១ គឺអាចថា ជាប្រវត្តិសាស្រ្តរបស់ខ្មែរយើងហើយ ដែលយើងរៀបចំបាន។ បើទោះបីជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះ វាមិនទាន់បានធំទូលាយដូចស្ថាប័នរបស់គេមួយចំនួន ប៉ុន្តែវាជាការចាប់ផ្តើមដ៏ល្អ ដែលកីឡាកររបស់យើង បានឈានជើងមកឈរនៅកម្រិតនេះ»។
«បើទោះបីជា ធឿន ធារ៉ា ចាញ់ ឬយ៉ាងណា ប៉ុន្តែវាជាមោទនភាពមួយ ដែលយើងអាចផ្សព្វផ្សាយគុនខ្មែរទៅក្រៅប្រទេសបាន ដូចជានៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត ហើយសម្បីខាងវៀតណាម ក៏បានសុំលិងក៍ផ្សាយពីយើងទៅដែរ អ៊ីចឹងវាពិតជាអស្ចារ្យ សម្រាប់ក្រុមការងាររបស់ខ្ញុំ និងដៃគូឧបត្ថម្ភរបស់យើង ដែលគាត់មានចិត្តតែ ១ ក្នុងការរួមគ្នាបង្កើតព្រឹត្តិការណ៍នេះឡើង តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះយើងនឹងមានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរ ឱ្យកាន់តែល្បីល្បាញ នៅលើពិភពលោក»។ លោក ស្រ៊ុនកុសល បានបញ្ជាក់បន្ថែម។
សម្រាប់ការជួបគ្នារវាង ធឿន ធារ៉ា និង Thiago Teixeira បាននិងកំពុងឡើងកម្តៅខ្លាំង ព្រោះអ្នកទាំង ២ នេះ បានពោលពាក្យឌឺដងគ្នាសម្បើមណាស់ ហើយពួកគេ សុទ្ធតែសំអាងលើស្នៀតសម្លាប់រៀងៗខ្លួន ដោយក្នុងនោះ ធារ៉ា អាងលើផ្លែកែង រីឯ Thiago ជឿជាក់លើកណ្តាប់ដៃ។
កីឡាកររបស់ប្រេស៊ីល Thiago Teixeira ដែលធ្លាប់បានខ្សែក្រវាត់ជាច្រើននោះ បានចាត់ទុក ធឿន ធារ៉ា ជាកីឡាករដ៏ល្អម្នាក់របស់កម្ពុជា ដែលមានសមត្ថភាពខ្លាំង ប៉ុន្តែ Thiago បានបញ្ជាក់ថា៖ «ខ្ញុំមិនខ្លាច ធឿន ធារ៉ា ទេ ខ្ញុំចង់ប្រកួតជាមួយគាត់ ហើយខ្ញុំជឿជាក់ថា ខ្សែក្រវាត់ IPCC ជារបស់ខ្ញុំ គឺខ្ញុំនឹងក្លាយជាជើងឯកគុនខ្មែរដំបូងគេ»។
«ធឿន ធារ៉ា សូមកុំប្រិចភ្នែករបស់អ្នកឱ្យសោះ ព្រោះកណ្តាប់ដៃរបស់ខ្ញុំលឿនណាស់»។ នេះជាអ្វីដែល Thiago បានប្រកាសបែបឌឺដងដាក់ ធារ៉ា មុនពេលរូបគេធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ Thiago បានបន្ថែមពាក្យសម្ដីបែបឡកឡាយដាក់ ធារ៉ា ទៀតថា៖« ធឿន ធារ៉ា ឥឡូវនេះ វាជាឱកាសរបស់អ្នក ក្នុងការប្រកួតជាមួយកីឡាករដ៏ខ្លាំងរបស់ប្រេស៊ីលហើយ។ ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈនេះ»។
យ៉ាងណាក៏ដោយ ចំពោះការប្រកាសក្តែងៗរបស់អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira រូបនេះ ធឿន ធារ៉ា ដែលទើបឈ្នះបានពានស្តេចថៃ និងខ្សែក្រវាត់ នៅ Thai Fight បានប្រកាសតបទៅវិញថា៖ «Thiago កុំរំពឹងខ្ពស់ពេក បើអ្នកចង់បានខ្សែក្រវាត់ ត្រូវឆ្លងកាត់កែងពិឃាតរបស់ខ្ញុំសិន»។
បន្ថែមទៅលើការឆ្លើយតបទៅភាពប្រាកដប្រជានេះ ធឿន ធារ៉ា បានអះអាងថា រូបគេបានត្រៀមខ្លួនរួចហើយ និងមានទំនុកចិត្តដល់៧០ភាគរយ ក្នុងការយកឈ្នះលើ Thiago។ ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះ ជើងខ្លាំង ឈុត សេរីវ៉ាន់ថង ក៏ត្រូវបានដាក់ឱ្យប្រកួត Mas Fight ជាមួយ ពេជ្រ សម្បត្តិ ក្នុងទម្ងន់ ៦០ គីឡូក្រាម ចំណែក ឡៅ ចិត្រា ត្រូវជួបថៃ Kolabkhav Sorchor Peak Outhoy ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម រីឯការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ចំនួន ៦ នាក់ទៀត ក៏ត្រូវធ្វើនៅថ្ងៃសៅរ៍នេះដូចគ្នា៕