ភ្នំពេញៈ ជើង​ខ្លាំង ធឿន ធារ៉ា បាន​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​បានឈ្នះ​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក IPCC Kun Khmer World Champion មុនគេ បន្ទាប់ពី​បាន​វាយ​កែង​បណ្តាលឱ្យ​អ្នក​ប្រយុទ្ធ​របស់​ថៃ Thiago Teixeira មាន​របួស​បែប​ធំ រហូត​គ្រូពេទ្យ​បញ្ឈប់ការប្រកួត​នោះ ប៉ុន្តែ​ជើង​ខ្លាំង ឈុត សេរី​វ៉ាន់​ថង ប៊ិះ​បាក់មុខ ក្រោម​កណ្តាប់ដៃ​ក្មេងជំនាន់ក្រោយ ពេជ្រ សម្បត្តិ ខណៈ ឡៅ ចិ​ត្រា បាន​រក្សា​ភាពខ្លាំង ដោយ​យកឈ្នះ​កីឡាករ​ថៃ ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះដែរ​។​

​ តាមរយៈ​ការប្រកួត ដែល​ត្រូវបាន​ធ្វើឡើង នៅលើ​ទឹកដី​ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃទី​១១ ខែកុម្ភៈ​នោះ Thiago Teixeira និង ធឿន ធារ៉ា ដែល​បាន​ពោល​ពាក្យ​ឌឺដង​ដាក់គ្នា​ខ្លាំង មុន​ការប្រកួត​នោះ គឺ​បាន​បើក​ការវាយប្រហារ​គ្នា​តាំងពីដើម​ទឹក​ទី​១ ប៉ុន្តែ​ការ​ម៉ាត់​ឆ្វេង​ចូល​ពេញ និង​បន្ថែម​ដោយ​កណ្តាប់​ដៃស្តាំ​របស់ ធារ៉ា បានធ្វើឱ្យ Thiago ដួល​អុកគូទ ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ភ្លាមៗ​។​

ការ​វ៉ៃ​ឱ្យ​រាប់​នេះត្រូវបាន​គេ​គិតថា Thiago អាច​នឹង​សន្លប់​នៅ​ទឹក​ទី​១​នេះ​តែម្តង ខណៈ ធឿន ធារ៉ា បាន​ព្យាយាម​ចូល​ម៉ាត់ និង​វាយ​កែង​ស្រោច​ដូច​ទឹកភ្លៀង ទៅលើ Thiago នោះ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​ជើងចាស់​រូបនេះ ពិត​ជាមាន​ភាពរឹងមាំ​ខ្លាំង ដោយ​អាច​ទប់​ស្មារតី​បាន​វិញ និង​បន្ត​វាយ​ប្តូរ​ជាមួយ ធារ៉ា យ៉ាង​អំណត់​។​


​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​នៅ​ទឹក​ទី​២ ទឹក​ទី​៣ និង​ដើមទី​៤ អ្នក​ទាំង​២​នេះ ហាក់​បន្ថយ​ការ​វាយ​សម្រុក​គ្នា ខណៈ​កម្លាំង​វាយ​ចូល​ពេញៗ​ទៅវិញទៅមក តែ​ដូច​មិនឃើញ​អ្នក​ស្រុត​កម្លាំង​នោះ​ទេ។ សកម្មភាព​នេះ ធ្វើឱ្យ​លោក​អាជ្ញាកណ្តាល​ធ្វើការ​ព្រមាន​ចំនួន​២​ដង ដល់​អ្នក​ទាំង​២ ហើយ​ការ​ស្ទុះស្ទា​ប្រកួត​វិញ នៅ​ចុង​ទឹក​ទី​៤ ធារ៉ា បាន​វាយ​កែង​ស្តាំ បណ្តាលឱ្យ Thiago បែក​នៅលើ​ក្បាល ហូរឈាម​យ៉ាងខ្លាំង។​

​ បើទោះបីជា Thiago អាច​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​ទី​៤ ប៉ុន្តែ​ការហូរ​ឈាម​មិន​ដាច់ចេញពី​មុខរបួស​បែ​ក​យ៉ាង​ធំ​នេះ នាំឱ្យ​គ្រូ​ពេ​ទ្រ​បញ្ឈប់​ការប្រកួត​របស់ Thiago ដោយ​មិនឱ្យ​ប្រកួត​បន្ត នៅ​ទឹក​ទី​៥​នោះទេ ហើយ​ការសម្រេច​នេះ នាំឱ្យ ធារ៉ា ទទួលបាន​ខ្សែក្រវាត់​ពិភពលោក IPCC Kun Khmer World Champion មុនគេ បន្ថែម​ទៅលើ​ការ​ឈ្នះ​ខ្សែក្រវាត់ នៅ Thai Fight ជា​លើកដំបូង កាលពី​ថ្ងៃទី​ចុងឆ្នាំ​២០២២​។​


​ តាមរយៈ​ការ​ផ្តួល Thiago ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ IPCC Kun Khmer World Champion នេះ ធឿន ធារ៉ា បានទទួល​ការឧបត្ថម្ភ​រាប់ពាន់​ដុល្លារ ខណៈ​ព្រឹត្តិការណ៍​នេះមាន​អ្នកទស្សនា​ផ្ទាល់​រាប់រយ​នាក់ និង​មាន​អ្នកទស្សនា​តាម​ការផ្សាយ​ផ្ទាល់​ជាង​៣៦​ម៉ឺន​នាក់​(362.8K) ដែល​នេះ​កំណត់ត្រា មិន​ធ្លាប់មាន​នោះទេ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​នៅ​កម្ពុជា​។​

​លោក គឹម ស្រ៊ុន​កុសល ប្រធាន MasFight និង​ជា​តំណាង​ស្ថាប័ន International Professional Combat Council (IPCC) ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ថា​៖ «​វា​ជា​មហា​ជោគជ័យ និង​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​ការប្រកួត​នេះ មិនមែន​ល្អ​តែ​គូ ធឿន ធារ៉ា និង Thiago នោះទេ ប៉ុន្តែ​គូប្រកួត​ផ្សេងៗ​ទៀត សុទ្ធតែ​ល្អ​ទាំងអស់​»​។​

​សម្រាប់​ការប្រកួត កាលពី​យប់​ថ្ងៃ​សៅរ៍​នោះដែរ ជើង​ខ្លាំង​ជា​កីឡាករ​ជម្រើសជាតិ​ឃី​ក​បុក​ស៊ី​ង ឈុត សេរី​វ៉ាន់​ថង ស្ទើរតែ​បាក់មុខ​ក្រោម​កណ្តាប់ដៃ​របស់​ក្មេងជំនាន់ក្រោយ ពេជ្រ សម្បត្តិ ទៅហើយ​។ នៅក្នុង​ការប្រកួត​បែប Mas Fight ១​ទឹក​៩​នាទី​នេះ វ៉ាន់​ថង បាន​ព្យាយាម​វាយ​ប្តូរ​ជាមួយ ពេជ្រ សម្បត្តិ យ៉ាង​អំណត់​បំផុត ប៉ុន្តែ​កណ្តាប់ដៃ និង​ការ​វាយ​កែង​ចូល​ធ្ងន់ៗ​របស់ សម្បត្តិ ធ្វើឱ្យ វ៉ាន់​ថង ធ្លាក់​កម្លាំង​ខ្លាំង​។​

​សម្រាប់​ការប្រកួត​៣​នាទីចុងក្រោយ វ៉ាន់​ថង ដែលមាន​ឈាម​ហូរ​ពេញ នៅ​ចំហៀង​មុខ​ខាងស្តាំ​នោះ ស្ទើរតែ​គាំង​ម្តងៗ ក្រោម​ការ​វាយ​កណ្តាប់ដៃ​របស់ ពេជ្រ សម្បត្តិ ទៅហើយ ប៉ុន្តែ កីឡាករ​រូបនេះ ពិតជា​មាន​ភាព​ស៊ូ​ខ្លាំង ដោយបាន​ព្យាយាម​វាយ​ប្តូ​រទាំង​មាន​របួស​ជាប់​ខ្លួន រហូតដល់​ចប់​៩​នាទី និង​ត្រូវ​បានប្រកាស​ឱ្យ​ស្មើគ្នា តាមបែប​ម៉ាស​ហ្វៃ គឺ​បើ​គ្មាន​អ្នកសន្លប់ ត្រូវ​កំណត់ឱ្យ​ស្មើគ្នា​។​

​ ចំណែក ឡៅ ចិ​ត្រា បាន​យកឈ្នះ​កីឡាករ​ថៃ Kolabkhav Sorchor Peak Outhoy ដោយ​ពិន្ទុ សម្រាប់​ការប្រកួត​៣​ទឹក ហើយក៏​មានការ​ប្រកួត​ចំនួន​៤​គូ​ផ្សេងទៀត​ផងដែរ ដែល​ការប្រកួត​សុទ្ធតែ​ស្វិតស្វាញ​ដូចគ្នា ហើយ​លោក គឹម ស្រ៊ុន​កុសល បាន​អះអាងថា តាមរយៈ​ពឹ​ត្តិ​ការណ៍​នេះ ពិតជា​បាន​ផ្សព្វផ្សាយ​គុន​ខ្មែរ​ខ្លាំង ទៅកាន់​ពិភពលោក ខណៈ​លោក Sasan Ghosairi ប្រធាន IPCC ពិភពលោក ក៏មាន​ចិត្តថ្លើម ក្នុង​ការជួយ​ដល់​គុន​ខ្មែរ​។​

​លោក គឹម ស្រ៊ុន​កុសល បាន​បន្ថែមថា​៖ «​ព្រឹត្តិការណ៍​នេះ យើង​បាន Live ទៅ​ប្រទេស​ជាច្រើន​ទៀត ទាំង​នៅ​អាស៊ី និង​អឺរ៉ុប ហើយ​ខាង​វៀតណាម ក៏បាន​យក​លិ​ងរ​បស់​យើង ទៅ​ដា​ក់លើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់គេ​ទៅទៀត​គឺ លោក Sasan Ghosairi បាន​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​យើង​ខ្លាំងណាស់ ព្រោះ​ខ្សែក្រវាត់​របស់គាត់ ទៅដល់​ទីណា ក៏មាន​ពាក្យ Kun Khmer នៅលើ​ខ្សែក្រវាត់ ហើយ​យើង​បានធ្វើ​ខ្សែក្រវាត់​២​ទៀត គឺ​ខ្សែក្រវាត់ Kun Khmer European Champion និង​ខ្សែក្រវាត់ Kun Khmer Japan Champion ឱ្យគេ​វ៉ៃ​ដណ្តើម​»​។​

«​វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ ហើយ​សង្ឃឹមថា​កីឡាករ​កម្ពុជា​របស់​យើង​ផ្សេងៗ​ទៀត នឹងធ្វើ​បានល្អ​ដូច ធឿន ធារ៉ា ព្រោះ​យើង​ផ្សព្វផ្សាយ​គុន​ខ្មែរ មិនមែន​យើង​ដើរ​ផ្សព្វផ្សាយ​តែ​មាត់ទទេ​នោះឡើយ​។ យើង​ផ្សព្វផ្សាយ ដោយ​យើង​មាន​ចម្លាក់​ប្រដាល់​គុន​ខ្មែរ នៅតាម​ប្រាង្គ​ប្រាសាទ​នៅ​អង្គរវត្ត ព្រមទាំង​មាន​កីឡាករ​មាន​សមត្ថភាព​ទៅ​ផ្តួល​គេ​ឱ្យ ទើប​គេ​ទទួលស្គាល់ គុន​ខ្មែរ ពិតប្រាកដ​មែន​។ លោក ស្រ៊ុន​កុសល បានបញ្ជាក់​បន្ថែម​៕