
ក្រុមជម្រើសជាតិកង់ភ្នំកម្ពុជាដែលប្រកួតបានពានរង្វាន់ពីថ្ងៃទី១ ដល់ថ្ងៃ៥ មីនា ។ រូបថត សហការី
ភ្នំពេញៈ ក្រុមជម្រើសជាតិកង់ភ្នំកម្ពុជាបានបង្ហាញឱ្យគ្រប់គ្នាបានមើលឃើញកាន់តែច្បាស់ពីភាពរីកចម្រើនរបស់ពួកគេសម្រាប់ការត្រៀមខ្លួនប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯងនាខែឧសភា ខាងមុខ បន្ទាប់ពីក្រុមតំណាងឱ្យកម្ពុជាមួយនេះរួមគ្នាដណ្តើមបានពានរង្វាន់ចំនួន៨ពីការប្រកួតចំនួន ២ ព្រឹត្តិការណ៍នៅប្រទេសថៃត្រឡប់មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី ៦ ខែមីនា។
សម្រាប់ការចេញទៅប្រកួតអន្តរជាតិជាលើកចុងក្រោយនៅខេត្តPhichitប្រទេសថៃមុនពេលព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់នេះកីឡាករកីឡាការិនីជម្រើសជាតិកង់ភ្នំរបស់កម្ពុជាពិតជាធ្វើបានយ៉ាងល្អទាំងក្នុងការប្រកួតពានរង្វាន់Royal Cup Thailand MTB National Championship និងពានរង្វាន់ 2023 Thailand Mountain Bike Cup 1 ដោយម្នាក់ៗសុទ្ធតែដណ្តើមបានពានរង្វាន់រៀងៗខ្លួនព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមខាងមុខនេះ។
លោកនូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានប្រាប់កាលពីថ្ងៃទី៧ ខែមីនាថា៖ «ការប្រកួតអន្តរជាតិទាំង២ព្រឹត្តិការណ៍នៅប្រទេសថៃនេះវាបានក្លាយជាឱកាសដ៏ពិសេសសម្រាប់កីឡាករកីឡាការិនីរបស់យើងក្នុងការពង្រឹងសមត្ថភាពនិងធ្វើឱ្យពួកគាត់កាន់តែមានស្មារតីរឹងមាំក្នុងការប្រកួតប្រជែងផ្នែកកង់ភ្នំនេះហើយទាំងនេះនឹងក្លាយជាបទពិសោធន៍យ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិកង់ភ្នំរបស់យើងសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមនៅលើទឹកដីខ្លួនឯង»។
សម្រាប់ការប្រកួតពានរង្វាន់2023 Thailand Mountain Bike Cup 1 ដែលបានធ្វើឡើងកាលពីថ្ងៃទី១ និងទី២ ខែមីនានោះ គឺក្រុមកង់ភ្នំកម្ពុជាដណ្តើមបានពានតែ២ទេព្រោះនេះជាការប្រកួតជម្រុះសន្សំពិន្ទុដណ្តើមយកកៅអីទៅប្រកួតអូឡាំពិកហ្គេមនៅប៉ារីសឆ្នាំ២០២៤ដែលរៀបចំដោយសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (UCI) និងមានប្រទេសធំៗជាច្រើនបានចូលរួម។
ចំពោះលទ្ធផលការប្រកួតវិញ្ញាសាXCO Women U23 កីឡាការិនីខេនម៉ាឡៃបានឈ្នះពាន១ជាមួយការទទួលចំណាត់ថ្នាក់លេខ៤ហើយកីឡាករឆានឆៃហ្វុងក៏បានឈ្នះពានលេខ៤លើវិញ្ញាសានេះដែរ។ប៉ុន្តែសម្រាប់ការប្រកួតវិញ្ញាសាMen Elite XCO និងWomen Elite XCO ពួកគេមិនដណ្តើមបានពានទេដោយក្នុងនោះខេនម៉ាឡៃបានលេខ១២ហើយឆានឆៃហ្វុងបានលេខ៨និងកីឡាករឃឹមម៉េងឡុងបានលេខ១២។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតកង់ភ្នំពានរង្វាន់Royal Cup Thailand MTB National Championshipថ្ងៃទី១ កាលពីថ្ងៃទី៤ ខែមីនា គឺក្រុមកង់ភ្នំកម្ពុជាដណ្តើមបានពានរង្វាន់សរុបចំនួន៦ តាមរយៈការដណ្តើមបានចំណាត់ថ្នាក់លេខ១ ដល់លេខ៥គ្រប់វិញ្ញាសាក្នុងនោះវិញ្ញាសាXCO Elite កីឡាករឆានឆៃហ្វុងបានលេខ៣និងកីឡាការិនីខេនម៉ាឡៃបានលេខ៤រីឯវិញ្ញាសាXCO U23 ឆានឆៃហ្វុងនិងខេនម៉ាឡៃបានលេខ៣ដូចគ្នា។
ជាមួយគ្នានោះកីឡាការិនី អេង សុជាតា ដណ្តើមបានតំណែងជើងឯកលេខ១ លើវិញ្ញាសាXCO Women Class35 រីឯកីឡាករ មុត ប្រុសសុភ័ក្ត្រា បានចំណាត់ថ្នាក់លេខ៤លើវិញ្ញាសាXCO Men Class B Open។
ប៉ុន្តែចំពោះការប្រកួតថ្ងៃទី២ នាថ្ងៃទី៥ ខែមីនា លើវិញ្ញាសាEliminateវិញក្រុមកង់ភ្នំកម្ពុជាមិនអាចដណ្តើមបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ដើម្បីឈ្នះបានពានទៀតទេដោយសារការប្រកួតជាប់ៗគ្នានេះធ្វើឱ្យពួកគេមានបញ្ហារបួសជាប់ខ្លួននិងធ្លាក់កម្លាំងមិនអាចគ្រប់គ្រងស្ថានភាពប្រកួតបានល្អដូចការប្រកួតថ្ងៃទី៤ មីនា។
យ៉ាងណាក៏ដោយ ជាមួយការដណ្តើមបានពានជាច្រើនពីការប្រកួតកង់ភ្នំពានរង្វាន់ Royal Cup Thailand MTB National Championship និងពានរង្វាន់2023 Thailand Mountain Bike Cup 1 នេះលោក នូ ចំរើន ចាត់ទុកថា ជាការបង្កើតក្តីសង្ឃឹមថ្មីសម្រាប់ក្រុមជម្រើសជាតិកង់ភ្នំកម្ពុជាក្នុងការឈានទៅដណ្តើមបានមេដាយក្នុងកម្រិតណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានរូបនេះបានបញ្ជាក់ថា៖ «តាមរយៈការដណ្តើមបានពានរង្វាន់ចំនួន៨ពីការប្រកួតទាំង២ព្រឹត្តិការណ៍នៅប្រទេសថៃនេះវាជាក្តីសង្ឃឹមនៅក្នុងគោលដៅរបស់យើងក្នុងការឈានទៅដណ្តើមបានមេដាយក្នុងកម្រិតណាមួយអាចជាមេដាយមាសប្រាក់ឬសំរឹទ្ធពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នាពេលខាងមុខនេះ»។
សម្រាប់ការប្រកួតកង់ភ្នំនៅប្រទេសថៃនេះកម្ពុជាបានបញ្ចូលក្រុមអត្តពលិក៩នាក់ ទៅចូលរួមក្នុងនោះមានកីឡាករឃឹម ម៉េងឡុង, ឆាន ឆៃហ្វុង, ក្រួចវ៉ា, ម៉ៅ សុពិសិដ្ឋ, មុត ប្រុសសុភ័ក្ត្រា កីឡាការិនី ខេន ម៉ាឡៃ,យត់ កន្និកា, វ៉ុន ស្រីនីត និងកីឡាការិនី អេង សុជាតា ជាប្រធានក្រុមនារីក្រោមការដឹកនាំរបស់លោក ផេង ប៉ូលីន ជាប្រតិភូដឹកនាំនិងលោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក ហើយអ្នកទាំងនេះបានធ្វើដំណើរទៅដល់ជំរំហ្វឹកហាត់នៅជើងភ្នំគូលែន ខេត្តសៀមរាបវិញនៅថ្ងៃទី៧ ខែមីនា ដើម្បីហ្វឹកហាត់នៅទីនោះបន្តរហូតដល់ថ្ងៃប្រកួតស៊ីហ្គេមតែម្តង៕