
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកចូលរួមក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលម៉ានី (អាគារ The Kampus) កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ហុង មិនា
ភ្នំពេញៈ យុទ្ធនាការ «Beyond The Games» ដែលត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាននិងកំពុងជំរុញដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចូលរួមការបត់រូបភាពបេះដូង ឱ្យបានរហូតដល់ ១ លានបេះដូង ដើម្បីឈានទៅបំបែកឯតទគ្គកម្មពិភពលោក។
ជាមួយគ្នានេះ Beyond The Games បានបង្កើតគំនិតផ្តួចផ្តើមបត់ «បេះដូងច្រើនជាងគេលើពិភពលោក» ហើយនេះជាវេទិកា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នេះ ដោយបង្ហាញពីទំហំទឹកចិត្ត ក្នុងការស្រឡាញ់គាំទ្រដល់កីឡាករ កីឡាការិនីរបស់យើង គ្រប់ដំណាក់កាល តាំងពីមុនពេលប្រកួត ក្នុងពេលប្រកួត និងពិសេសក្រោយពេលប្រកួត។
ក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលម៉ានី (អគារ The Kampus) កាលថ្ងៃទី៧ ខែមីនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា ការបត់បេះដូងនេះ មិនគ្រាន់តែផ្ដោតទៅការបំបែកឯតទគ្គកម្មតែ១មុខនោះទេ តែបង្គប់នូវអត្ថន័យក្ដីស្រឡាញ់ ការផ្ដល់កម្លាំងចិត្ត ការគាំទ្រ និងការបង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ មកពីគ្រប់ទិសទី មានទាំងមន្ត្រីរាជការ វិស័យឯកជន សិស្សានុសិស្ស សិល្បករសិល្បការិនី និងអ្នកជំនាញ ដើម្បីគាំទ្រដល់ក្រុមអត្តពលិកជនពិការ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានេះ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ « Beyond The Games ជាយុទ្ធការមួយឆ្ពោះទៅមុខ ព្រមទាំងមានកម្មវិធី និងគោលបំណងរបស់ខ្លួន ក្នុងការបំបែកឯតទគ្គកម្ម ដើម្បីបង្ហាញពីមោទនភាពសម្រាប់ជាតិ ហើយបើយើងគ្មានព្រឹត្តិការណ៍នេះ យើងនៅតែមិនស្គាល់គ្នា អ៊ីចឹងអត្ថន័យធំជាងគេ គឺការរៀបចំយុទ្ធនាការមួយ ដែលអាចនាំមកនូវការរួបរួម ទាំងស្មារតី កម្លាំង ហើយនឹងសម្រេចគោលដៅរួមគ្នា តាមរយៈការស្ម័គ្រចិត្តផង ការលះបង់ផង។ នេះជាអត្ថន័យធំជាងគេ និងជាអនុស្សាវរីយ៍នៃការចងចាំមួយ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានបញ្ចប់»។
តាមខ្លឹមសាររួម ដែលបានប្រកាស ក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធនោះ បានបញ្ជាក់ថា ចំនួនបត់បេះដូងទាំងអស់ ដែលទទួលបាន នឹងត្រូវធ្វើការរាប់ និងដាក់តាំងបង្ហាញ ដើម្បីធ្វើការបំបែកឯតទគ្គកម្មពិភពលោក ព្រោះយុទ្ធនាការ Beyond The Games បានដាក់ស្នើជាផ្លូវការ ទៅកាន់អង្គភាពអន្តរជាតិ ឯតទគ្គកម្មពិភពលោករួចរាល់ហើយ ហើយជាមហិច្ឆតា កម្ពុជា ត្រូវបត់បេះដូងឱ្យបាន១លាន នៅត្រឹមថ្ងៃទី២ មេសាខាងមុខនេះ។
លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិយុទ្ធនាការ BeyondTheGames បាននិយាយថា៖ «ឥឡូវនេះ អ្នកដែលកាន់កាប់ឯតទគ្គកម្មពិភពលោក នាពេលនេះ គឺនៅចក្រភពអង់គ្លេស ដោយមានចំនួន៥៣៧០៤បេះដូង ចំណែកមហិច្ឆតារបស់យើង ត្រូវបត់ឱ្យបាន១លានបេះដូង ដើម្បីបំបែកឯតទគ្គកម្មថ្មី»។
ក្រៅពីគោលបំណង ឈានទៅបំបែកឯតទគ្គកម្មពិភពលោក ដែលមានចំនួនបេះដូងច្រើនជាងគេនេះ គឺសកម្មភាពបត់បេះដូង របស់អ្នកចូលរួមទាំងអស់ ក៏ជាការរួមចំណែកប្រមូលថវិកា ដើម្បីជួយឧបត្ថម្ភដល់ក្រុមអត្តពលិកជនពិការផងដែរ ព្រោះម្ចាស់ឧបត្ថម្ភចំនួន៥ ក្នុងយុទ្ធនាការ BeyondTheGames នេះ នឹងផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ត្រឡប់មកវិញ ទៅតាមចំនួនបេះដូង ដែលបត់បាន។ ជាមួយគ្នានេះ BeyondTheGames បានពង្រីកកន្លែងបត់បេះដូងនេះ រហូតដល់៨៤ទីតាំង នៅក្នុងប្រទេសកម្ពុជា ហើយក៏មានកន្លែងបត់បេះដូង នៅក្រៅប្រទេសផងដែរ។
លោក សុខ សប្បាយណា បានបញ្ជាក់ថា៖ «ម្ចាស់ឧបត្ថម្ភរបស់យើង បានឯកភាពថា ១បេះដូង ដែលយើងបត់ គាត់នឹងផ្តល់ជូន៥០០រៀល អ៊ីចឹងបើយើងបត់បាន១លានបេះដូង យើងនឹងទទួលបាន៥០០លានរៀល ស្មើនឹង១២ម៉ឺន៥ពាន់ដុល្លារ ហើយថវិកានេះ នឹងធ្លាក់ដោយផ្ទាល់ពីម្ចាស់ឧបត្ថម្ភរបស់យើង ទៅដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលតំណាងឱ្យកីឡាករ កីឡាការិនីជម្រើសជាតិជនពិការកម្ពុជា តែម្តង»។
យ៉ាងណាក៏ដោយ ការបង្កើតគំនិតផ្តួចផ្តើមបត់ «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Beyond The Games នេះ ក៏បានទទួលរងការរិះគន់មួយចំនួន ពីមតិសាធារណជនខាងក្រៅផងដែរ ដោយអ្នកទាំងនោះបានលើកឡើងថា ការបត់បេះដូងនេះជារឿងឥតប្រយោជន៍។
ប៉ុន្តែជុំវិញមតិរិះគន់នេះ លោក សប្បាយណា បានពន្យល់ថា៖ «យើងមិនមែនបត់បេះដូង ទៅបោះចោលនោះទេ គឺយើងមានទិសដៅ និងគោលបំណងច្បាស់លាស់។ បើសិនជាយើងយល់ពីតម្លៃនៃការតស៊ូរបស់កីឡាករ កីឡាការិនី ដែលបានខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតតំណាងឱ្យជាតិ អ៊ីចឹងវាជាឱកាស ដែលយើងចូលរួមបត់បេះដូង ព្រោះបេះដូងទាំងនេះ បង្ហាញឱ្យឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋទាំងអស់ ចំពោះកីឡាករ កីឡាការិនី ដែលប្រៀបបានទៅនឹងការងារសង្គមមួយ ហើយក៏ជាការបង្ហាញពីទំហំទឹកចិត្តរបស់ខ្មែរ ក្នុងការជួយខ្មែរ ផងដែរ»៕