
ស្ត្រីចូលរួមរត់ប្រណាំងដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ មនុស្សប្រុសស្រីក្មេងចាស់ជិត ១ ៥០០ នាក់ បានចូលរួមក្នុងទិវារត់ប្រណាំងស្ត្រី និងកីឡា ៨ មីនា ដែលព្រឹត្តិការណ៍នេះទើបត្រូវបានរៀបចំឱ្យមានឡើងវិញនៅសួនច្បារមុខវត្តបទុមវតី កាលពីព្រឹកថ្ងៃទី ៨ មីនា ក្នុងគោលបំណងដើម្បីអបអរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៣។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ទិវារត់ប្រណាំងស្ត្រី និងកីឡា ៨ មីនានេះ បានខកខានរៀបចំអស់រយៈពេល ២ ឆ្នាំមកហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែការរៀបចំឱ្យមានឡើងវិញនេះ គឺមានអ្នកចូលរួមច្រើន ហើយ NOCC នឹងបន្តរៀបចំឱ្យមានព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំវិញ ដើម្បីលើកកម្ពស់ទិវាអន្តរជាតិនារី ៨ មីនា និងជំរុញចលនាស្ត្រីឱ្យចូលរួមលេងកីឡា។
លោក វ៉ាត់ ចំរើន បានថ្លែងក្រោយការរត់ប្រណាំងនោះថា៖ «ថ្ងៃនេះ មានអ្នកចូលរួមជិត ១ ៥០០ នាក់ ដោយចលនាចូលរួមនេះ មានការផុសផុល ហើយការយល់ដឹងពីសុខភាពនៃការរត់កម្សាន្តនេះ បានក្លាយជាចលនាមួយជួយជំរុញយុទ្ធនាការ «ប្រជាពលរដ្ឋម្នាក់ត្រូវលេងកីឡា ១ មុខប្រចាំជីវិត» ដែលដាក់ចេញដោយគណៈកម្មាធិការជាតិ CAMSOC ដើម្បីបានក្លាយទៅជាចលនាជាតិមួយធ្វើឱ្យយើងមានសុខភាពល្អ កាត់បន្ថយសេវាសុខភាពសាធារណៈ និងជំរុញឱ្យសង្គមយើងរស់នៅប្រកបដោយសុខភាពល្អទាំងអស់គ្នា»។
សម្រាប់អ្នកចូលរួមក្នុងទិវារត់ប្រណាំង និងកីឡា ៨ មីនា លើកនេះ ត្រូវបានបែងចែកការប្រកួតជា ២ ផ្នែក គឺក្រុមរត់ចម្ងាយ ១០ គីឡូម៉ែត្រ និងចម្ងាយ ៤ គីឡូម៉ែត្រ ហើយទិវារត់ប្រណាំងនេះ មិនផ្តោតសំខាន់ខ្លាំងទៅលើការប្រកួតដណ្តើមយកមេដាយអ្វីទេ គឺសំខាន់រត់ដើម្បីសុខភាព និងរត់ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ព្រោះគ្រប់អ្នកចូលរួមដែលបានចុះឈ្មោះសុទ្ធតែទទួលបានអាវពាក់សម្រាប់រត់ និងការបំពាក់មេដាយទុកជាអនុស្សាវរីយ៍ដូចៗគ្នា។
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា បានថ្លែងថា៖ «៨ មីនា ជាថ្ងៃរំឭកពីសិទ្ធិនារី ដោយទទួលបានសិទ្ធិស្មើភាពជាមួយបុរស ហើយថ្ងៃនេះជាថ្ងៃរំឭកខួប ១១២ ឆ្នាំ។ ទិវារត់ប្រណាំងនេះ មិនមែនមានតែស្ត្រីទេ គឺទាំងស្ត្រី និងបុរស បានរត់រួមគ្នា ដូចយើងបានដឹងហើយថា នៅក្នុងសង្គមរបស់យើង មិនអាចខ្វះស្ត្រីបានទេ ហើយស្ត្រីក៏មិនអាចខ្វះបុរសបានដូចគ្នាដោយភេទទាំង ២ នេះ ចាំបាច់ត្រូវសហការគ្នា រួមសាមគ្គីគ្នា ដើម្បីបង្កើនសង្គមយើងឱ្យមានសុខសន្តិភាព និងរស់នៅដោយសុខដុមរមនា»។
លោកស្រីបានឱ្យដឹងទៀតថា មិនមែនតែស្ត្រីកម្ពុជាទេដែលមានការចាប់អារម្មណ៍ទិវារត់ប្រណាំងនេះ ប៉ុន្តែស្ត្រីបរទេស និងបុរស ក៏បានចូលរួមព្រឹត្តិការណ៍នេះដែរ ហើយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា រួមទាំងគ្រួសារ និងមន្ត្រីរបស់គាត់នៅស្ថានទូតអាមេរិក ក៏មកចូលរួមដែរ។
និយាយដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានេះ លោកស្រី កុយ ពិសី បានបញ្ជាក់៖ «គាត់មានការសប្បាយរីករាយ ហើយគាត់បានសួរខ្ញុំថា តើអ្នកឯងរៀបចំទិវារត់ប្រណាំងនេះទៀតទេនៅឆ្នាំក្រោយ? ខ្ញុំបានប្រាប់ទៅគាត់វិញថា ខ្ញុំនឹងធ្វើដោយសង្ឃឹមថាពី ១ ឆ្នាំទៅ ១ ឆ្នាំ នឹងមានបងប្អូនទាំងស្ត្រី និងបុរសអាចចូលរួមទិវារត់ប្រណាំងនេះ កាន់តែច្រើន»។
ជាស្ត្រី ដែលមានតួនាទីជាអនុប្រធានលេខាធិការដ្ឋានអចិន្រៃ្ដយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះ លោកស្រី កុយ ពិសី បានអះអាងថា ស្ត្រីមានសក្តានុពលសំខាន់ណាស់នៅក្នុងសង្គមជាតិរបស់យើង ព្រោះស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ឆ្អឹងខ្នងនៃការអប់រំ ប្រៀនប្រដៅដល់កូនចៅនៅក្នុងគ្រួសារមួយឱ្យមានសុភមង្គល ថ្កុំថ្កើង។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា៖ «បើនិយាយពីការប្រកួតប្រជែងយកពានរង្វាន់ និងមេដាយ នៅលើឆាកអន្តរជាតិ គឺស្ត្រីរបស់យើងដណ្តើមបានមេដាយច្រើនជាងបុរស។ ទោះបីជាចំនួនស្ត្រីចូលរួមលេងកីឡាមានតិចជាងបុរស ប៉ុន្តែមេដាយ ទទួលបានច្រើនជាងបុរស ជាពិសេសគឺមេដាយមាសតែម្តង»។
លោកស្រីបានបន្ថែមថា៖ «ស្ត្រីរបស់យើងខ្លាំងពូកែ តស៊ូ អំណត់ព្យាយាម មិនថាតែកីឡាសម្រាប់តែអ្នកមានកាយសម្បទាគ្រប់គ្រាន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ក្រុមអត្តពលិកជនពិការ ក៏ស្ត្រីទទួលបានមេដាយច្រើន។ ស្ត្រីមានការឈានមុខច្រើន ហេតុនេះក្នុងនាមប្រធានគណៈកម្មការស្ត្រី និងកីឡា ខ្ញុំពិតជាមានមោទនភាពចំពោះស្ត្រីកម្ពុជាបច្ចុប្បន្ន ដែលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យកីឡា ហើយពេលស្ត្រីមានសុខភាពរឹងមាំ គឺបញ្ញាស្មារតី និងការគិតរកស៊ី រកប្រាក់ចំណូល ក៏មានការរីកចម្រើន និងជឿនលឿនទៅតាមហ្នឹងដែរ»៕