
លោក យិន សំអុល (ឆ្វេង) និងលោក ព្រំ សំណាង ក្នុងព្រឹត្តិការណ៍បីស្ត្រីពិភពលោក កាលពីរាត្រីថ្ងៃទី ៨ ខែមីនា។ រូបថត Boostrong
ភ្នំពេញៈ បុរសមានដើមកំណើត នៅឃុំពោធិ៍រិចាក ស្រុកព្រៃកប្បាស ខេត្តតា កែវ យិន សំអុល អាចបីប្រពន្ធរបស់ខ្លួនឈ្មោះ សួន កល្យាណី រហូតដល់ ៨:១៧ ម៉ោង ដើម្បីយកឈ្នះលើកីឡាករជើងខ្លាំង ព្រំ សំណាង នៅនាទីចុងក្រោយ ជាមួយការបង្កើតបាននូវកំណត់ត្រាថ្មី និងក្លាយជាម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍បីស្ត្រីពិភពលោក Boostrong Power to women festival ប៉ុន្តែទាំង យិន សំអុល និង ព្រំ សំណាង ទទួលបានរង្វាន់ឡានថ្មី ១ គ្រឿងដូចគ្នា។
លោក ឃី ស៊ីណា ជំនួយការប្រធានផ្នែកផ្សព្វផ្សាយការប្រកួត Boostrong Power to women festival នេះ បានប្រាប់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាលើកដំបូង ហើយមានអ្នកចុះឈ្មោះចូលរួមចំនួន៥០០គូ ក្នុងនោះក៏មានបរទេស៥០គូផងដែរ ហើយក្រៅពីប្តីបីប្រពន្ធ និងបុរសបីស្ត្រីជាទីស្រឡាញ់របស់ខ្លួន ក៏មានកូនប្រុសបីម្តាយបង្កើតរបស់ខ្លួន ដើម្បីប្រកួត ក្នុងព្រឹត្តិការណ៍នេះ ផងដែរ។
តែទោះបីជាយ៉ាងណា តាមរយៈការប្រកួត ដែលត្រូវបានរៀបចំឡើង នៅបរិវេណទីធ្លាមុខមហោស្រពកោះពេជ្រ កាលពីរាត្រីថ្ងៃទី៨ ខែមីនា កន្លងមកនេះ គឺបុរសភាគច្រើនបំផុត បានទម្លាក់ស្ត្រី នៅលើទីរបស់ខ្លួន ក្នុងរយៈពេលមិនដល់១ម៉ោងផង ចំណែកបរទេស៥០គូនោះ ក៏បានចុះចាញ់ ជាមួយថិរវេលាជាងកន្លះម៉ោងដូចគ្នា។ ផ្ទុយទៅវិញ សម្រាប់ការប្រកួត១០គូចុងក្រោយ ពិតជាមានភាពស្វិតស្វាញខ្លាំង ដោយពួកគេអាចស៊ូទ្រាំបានច្រើនម៉ោងដូចគ្នា។
អ្វីដែលកាន់តែពិសេសបំផុតនោះ គឺការប្រកួតផ្តាច់ព្រ័ត្ររវាង៤គូចុងក្រោយ ពិតជាមានភាពស្វិតស្វាញ និងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយបុរសទាំង៤នាក់នេះ បានស៊ូទ្រាំបីស្ត្រី នៅលើដៃរបស់ខ្លួនរហូតដល់៨ម៉ោងដូចគ្នា នៅតែមិនទាន់អាចរកឃើញអ្នកឈ្នះចាញ់ ហើយភាពស៊ូរបស់ពួកគេបានធ្វើឱ្យគណៈកម្មការរៀបចំការប្រកួត សម្រេចផ្លាស់ប្តូរលក្ខខណ្ឌប្រកួតភ្លាមៗ ក្នុងពេលនោះតែម្តង ដើម្បីសម្រេចរកជើងខ្លាំង ឱ្យបានលឿនបន្តិច។

លោក យិន សំអុល បានឱបប្រពន្ធ បង្ហាញភាពសប្បាយរីករាយ បន្ទាប់ពីអ្នកទាំង២ បានឈ្នះក្នុងការប្រកួតបីស្រ្តីពិភពលោក កាលពីថ្ងៃទី៨ ខែមីនា។ រូបថត Boostrong
ជុំវិញញ្ហានេះ លោក ឃី ស៊ីណា បានប្រាប់កាលពីថ្ងៃទី៩ ខែមីនាថា៖ «ដំបូងឡើយ យើងកំណត់ឱ្យបុរសដែលបីស្ត្រី ក្នុងការប្រកួតនេះអាចធ្វើចលនា ប្តូរដៃ បង្វិលជើង និងផ្លាស់ស្ត្រី ពីចំហៀងម្ខាង ទៅចំហៀងម្ខាងទៀតបាន ប៉ុន្តែដោយសារតែការប្រកួត៤គូចុងក្រោយ ដែលបានប្រើពេលដល់៨ម៉ោងហើយ នៅតែរកមិនឃើញអ្នកឈ្នះទៀតនោះ គឺយើងបានផ្លាស់ប្តូរលក្ខខណ្ឌ ដោយហាមមិនឱ្យគាត់កម្រើកអ្វីទាំងអស់ ព្រោះបើយើងមិនធ្វើបែបនេះ គឺពួកគាត់អាចបីបាន២ម៉ោងអីទៀតអីនោះ»។
ជាមួយការផ្លាស់ប្តូរលក្ខខណ្ឌប្រកួត ដោយតម្រូវឱ្យឈរបីស្ត្រី ស្ងៀម១កន្លែង មិនផ្លាស់ប្តូរអ្វីទាំងអស់ ក្នុងរង្វង់មួយ ដែលបានកំណត់នោះ ព្រំ សំណាង បានរបេះម្រាមដៃ ដែលខំឱបរឹតប្អូនស្រីរបស់ខ្លួនបន្តិច ហើយកំហុសនេះ គណៈកម្មការ បានសម្រេចឱ្យរូបគេចាញ់ប្តីប្រពន្ធ យិន សំអុល ជាមួយថិរវេលា ៨:១៧ ម៉ោង ទល់នឹង ៨:១៦ម៉ោង គឺមានន័យថា យិន សំអុល បានឈ្នះ ព្រំ សំណាង ត្រឹម១នាទីចុងក្រោយ តាមរយៈការបង្កើតកំហុសរបស់ សំណាង ទោះរូបគេ នៅមានកម្លាំងបីប្អូនស្រីរបស់ខ្លួនទៀតក៏ដោយ។
លោក ឃី ស៊ីណា បានបន្ថែមថា៖ «Boostrong Power to women festival ជាព្រឹត្តិការណ៍ថ្មី ដែល Boostrong ទើបតែបានបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយសិទ្ធិនារី និងដើម្បីស្វែងរកបុរសខ្លាំង ដែលអាចបីស្ត្រីបានយូរជាងគេ ហើយវាពិតជាជោគជ័យណាស់ ដែលបុរសខ្លាំងរបស់យើង អាចស៊ូបីប្រពន្ធរបស់ខ្លួនរហូតដល់ ៨:១៧ ម៉ោង គឺគ្មានអ្នកណានឹកស្មានដល់នោះទេ»។

ជាមួយការឈ្នះបានតំណែងជើងឯក ក្នុងការប្រកួតបីស្ត្រីពិភពលោកនេះ លោក យិន សំអុល ដែលទើបតែតែងតាំងក្នុងឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្នុងរចនាសម្ព័ន្ទរដ្ឋបាលខណ្ឌទួលគោកកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានទទួលឡានម៉ាក Mazda Sedan ១គ្រឿង ដែលលោក ឃី ស៊ីណា បានអះអាងថា មានតម្លៃប្រមាណ៣ម៉ឺនដុល្លារអាមេរិក។
ចំណែកកីឡាករជម្រើសជាតិគុនខ្មែរ ព្រំ សំណាង ដែលដំបូងឡើយ ត្រូវទទួលបានត្រឹមម៉ូតូ១គ្រឿងម៉ាក X-Ride Adventure សម្រាប់ការទទួលបានត្រឹមចំណាត់ថ្នាក់លេខ២នោះ គឺត្រូវបានពិធីករប្រកាសភ្លាមៗ ក្រោយបញ្ចប់ការប្រកួតថា ព្រំ សំណាង ក៏ទទួលបានឡានថ្មី១គ្រឿងដូចគ្នា។
ជុំវិញការសម្រេចប្រគល់រង្វាន់ឡាន១គ្រឿងឱ្យ ព្រំ សំណាង នេះដែរ លោក ឃី ស៊ីណា បានបញ្ជាក់ថា៖ «ការផ្លាស់ប្តូររង្វាន់ពីម៉ូតូ ទៅជាឡាននេះ គឺយើងសម្រេចចិត្តភ្លាមៗ ដោយសារយើងឃើញកីឡាករ ព្រំ សំណាង មានការស៊ូខ្លាំង ហើយម្យ៉ាងទៀត Boostrong ចង់លើកតម្កើងគុនខ្មែររបស់យើង ឱ្យគាត់មានការព្យាយាមតស៊ូថែមទៀត អ៊ីចឹងហើយជាផែនការ យើងនឹងបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះ ឱ្យបាន២ទៅ៣ដង ក្នុង១ឆ្នាំ ហើយយើងពិតជាចង់ឃើញកីឡាកររបស់កម្ពុជា ជាច្រើនទៀត មកចូលរួម ក្នុងព្រឹត្តិការណ៍នេះ»។

ចំណែក ព្រំ សំណាង ដែលអស់កម្លាំង រហូតមានអ្នកជួយចាប់ខ្យល់ឱ្យ ក្រោយការប្រកួតចប់នោះ បាននិយាយថា៖ «ខ្ញុំបានស្រពន់ដៃជើង តាំងពី៣ម៉ោងមុន ប៉ុន្តែខ្ញុំបានស៊ូទ្រាំ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលក្រុមហ៊ុន Boostrong បានសម្រេចប្រគល់ឡាន ដល់ខ្ញុំដែរ ព្រោះ២គូចុងក្រោយនេះ មានការតស៊ូខ្លាំងដូចគ្នា។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានកម្មវិធីនេះទៀត ដើម្បីឱ្យបងប្អូនយើង បានចូលរួមសប្បាយទាំងអស់គ្នា»៕
