ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី ៩ មីនា បាន​បើក​កិច្ចប្រជុំ​ស្តីពី «ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ កីឡាករ កីឡាការិនី ទទួល​ជយលាភី​មេដាយមាស ត្រូវ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ» ខណៈ​ក្នុង​ឆ្នាំ ២០២២ កន្លងមក ក្រុម​កីឡាករ កីឡាការិនី​ក្រសួង​មហាផ្ទៃ ប្រកួត​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ២១១ គ្រឿង ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ទូទាំង​ប្រទេស។​


​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួល​ជួយ​ការងារ​ដឹកនាំ អគ្គលេខា​ធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ និង​លោក ឧត្តម​សេនីយ៍​ទោ យិត ភីរ: អគ្គលេខាធិការ នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ។​

​បើតាម​ការគូសបញ្ជាក់​ពី​គណៈអធិបតី កិច្ចការងារ​រៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី ត្រៀម​បញ្ចូល​ក្នុង​ក្រខ័ណ្ឌ​នគរបាលជាតិ សម្រេច​ទៅបាន​ស្ទើរតែ ១០០ ភាគរយ​ហើយ ពោលគឺ​នៅតែ​បញ្ជូន​ឯកសារ​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច​តែប៉ុណ្ណោះ។​


​លោក សរ សិទ្ធិ បាន​មានប្រសាសន៍ថា ការប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើកទី ៣ ឆ្នាំ ២០២២ កន្លង​ទៅ ក្រសួង​មហាផ្ទៃ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង បន្ទាប់ពី​ដណ្តើមបាន​មេដាយ​យ៉ាងច្រើន​ក្រាស់ក្រែល ពីការ​ប្រកួត ក្នុង​នោះ​មេដាយ​សរុប​ចំនួន ២១១ គ្រឿង រួមមាន​៖ មេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៥៨ គ្រឿង និង​មេដាយ​សំរឹទ្ធ ៥០ គ្រឿង ដែល​ជួយ​ឱ្យ​ក្រសួង​មហាផ្ទៃ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ទូទាំង​ប្រទេស។​


​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អនុរដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យ​កីឡាករ កីឡាការិនី​ដែល​នឹង​ទទួល​បាន​ក្របខ័ណ្ឌ ត្រូវ​តាំងចិត្ត​ឱ្យបាន​មុតមាំ​ក្នុងការ​បំពេញ​ភារកិច្ច​ឱ្យបាន​ល្អប្រសើរ​ជូន​អង្គភាព និង​ជាតិ​មាតុភូមិ​ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា «​ក្របខ័ណ្ឌ​ដែល​សម្តេច​ក្រឡាហោម ស ខេង ផ្តល់ជូន​នៅ​ពេលនេះ គឺជា​ការផ្តល់​ប្រាក់រង្វាន់​ដ៏​ធំធេង ពោល​គឺ​ពេញ ១ ជីវិត និង​មានតម្លៃ​មហាសាល ជូន​ដល់​កីឡាករ កីឡាការិនី ដែល​មាន​សមត្ថភាព»។​


​លើសពីនេះ លោក សរ សិទ្ធិ បាន​ជំរុញ​ឱ្យ​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ហ្វឹកហាត់​ឱ្យបាន​ខ្លាំងក្លា ដើម្បី​ឈាន​ទៅ​ប្រជែង​យក​មេដាយ ពី​ការប្រកួត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ឆាក​អន្តរជាតិ ជាពិសេស​ការត្រៀម​ខ្លួន​ចូលរួម​ដណ្តើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នាពេល​ដ៏ខ្លី​ខាងមុខនេះ៕​