ព្រំ សំណាង និង ធឿន ធារ៉ា ផ្តួលបរទេសឱ្យសន្លប់លឿនបំផុត រីឯ បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ
ភ្នំពេញៈ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង និង ធឿន ធារ៉ា បានប្រើពេលមិនដល់១ទឹកដូចគ្នាក្នុងការវ៉ៃអ្នកប្រដាល់របស់ថៃ និងប្រេស៊ីល ឱ្យសន្លប់ធំក្នុងពេលពួកគេបានបង្ហាញខ្លួនរួមគ្នា ក្នុងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ដែលធ្វើនៅភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ រីឯ ឈឿង ល្វៃ ក៏បានផ្តួលកីឡាករថៃឱ្យសន្លប់លឿនដូចគ្នា ចំណែក បឺត សង្ឃឹម និង វ៉ាន់ វឿន សុទ្ធតែទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួត កាលពីយប់ថ្ងៃទី ១១ ខែមីនា កន្លងមកនេះ ព្រំ សំណាង ដែលទើបទទួលបានរង្វាន់រថយន្តថ្មី ១ គ្រឿង ពីការប្រកួតបីស្ត្រីពិភពលោក Boostrong Power to Women Festival កាលពីថ្ងៃទី៨ ខែមីនា រួចបានបន្តឈ្នះមេដាយមាស ពីការប្រកួតជ្រើសរើសជើងឯកប្រដាល់គុនខ្មែរថ្នាក់ជាតិ កាលពីថ្ងៃទី៩ ខែមីនា ក្នុងទម្ងន់ ៨១ គីឡូក្រាមនោះ គួរណាស់តែមានការថមថយកម្លាំងសម្រាប់ការឡើងប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ Prakaisang ប៉ុន្តែផ្ទុយទៅវិញ ព្រំ សំណាង បានបង្ហាញការប្រកួតកាន់តែខ្លាំង និងកាន់តែកាច។
បើទោះបីជា Prakaisang ធ្លាប់បានចាញ់ ព្រំ សំណាង ត្រឹមពិន្ទុ សម្រាប់ការជួបគ្នាកន្លងមក ប៉ុន្តែការប៉ះគ្នាលើកនេះ ព្រំ សំណាង បានប្រើកណ្តាប់ដៃឆ្វេង-ស្តាំ ម៉ាត់ចូលផ្ទៃមុខ និងពោះទឹករបស់កីឡាករថៃម្នាក់នេះ សឹងតែរកច្រកដកដង្ហើមមិនចង់បាន ហើយឆ្លងចូលនាទីទី៣ ក្នុងទឹកទី១នេះ ព្រំ សំណាង បានម៉ាត់ឆ្វេងចូលពោះទឹក១ដៃទៀតបណ្តាលឱ្យកីឡាករ Prakaisang ដួលដេក មិនអាចក្រោកឈរឡើង ប្រកួតទៀតបានទេ។
ការផ្តួលកីឡាករថៃឱ្យសន្លប់យ៉ាងផុយស្រួយនេះ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរីកចម្រើននៃវិជ្ជាគុនរបស់ ព្រំ សំណាង ក្នុងការឈានទៅសម្រេចបំណងធំនៅចំពោះមុខ គឺការដណ្តើមឱ្យបានមេដាយមាសនៃការប្រកួតគុនខ្មែរប្រភេទទម្ងន់៨១គីឡូក្រាម ទៅតាមគោលដៅរបស់គេក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។
ព្រំ សំណាង ដែលដណ្តើមបានមេដាយសំរឹទ្ធសម្រាប់ស៊ីហ្គេមលើកទី៣១ នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២បាននិយាយកាលពីពេលថ្មីៗនេះថា៖ «សម្រាប់ការត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូតតាំងពីបញ្ចប់ស៊ីហ្គេមនៅវៀតណាម ហើយចំពោះគោលដៅរបស់ខ្ញុំគឺយកឱ្យបានមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងតែបានមេដាយហើយ គ្រាន់តែមិនច្បាស់១០០ភាគរយថា ជាមេដាយកម្រិតណា ប៉ុន្តែចំពោះគោលដៅ និងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសតែម្ដង»។
សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះដែរ ជើងខ្លាំងទើបឈ្នះបានខ្សែក្រវាត់នៅសង្វៀន Thai Fight ធឿន ធារ៉ា បានប្រើពេលត្រឹម១:៤៤នាទី ក្នុងការផ្តួលកីឡាករប្រេស៊ីល Bento ឱ្យសន្លប់ តាមរយៈការម៉ាត់ស្តាំ ចូលថ្គាមពេញៗចំនួន៤ដៃបណ្តាលឱ្យដួលដេកតែម្តង។ ចំណែកម្ចាស់មេដាយប្រាក់ ឈឿង ល្វៃ បានទាត់ចូលកញ្ចឹងកអ្នកប្រដាល់ជើងខ្លាំងចាស់វស្សារបស់ថៃ Kongmuangchang បណ្តាលឱ្យសន្លប់ធំ នៅចុងទឹកទី១។
ដោយឡែក សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ IPCC Kun Khmer នារាត្រីថ្ងៃសៅរ៍នោះដែរ ជើងខ្លាំង បឺត សង្ឃឹម បានវ៉ៃ គង់ ហ៊ូវ រហូតអាជ្ញាកណ្តាលបញ្ចប់ការប្រកួតនៅទឹកទី៣ បន្ទាប់ពីបានរាប់២លើកនៅក្នុងទឹកទី២ និងទឹកទី៣ រីឯ វ៉ាន់ វឿន បានយកឈ្នះលើ ស៊ន រ៉ាគីម ដោយពិន្ទុទាំងលំបាក ហើយតាមរយៈលទ្ធផលនេះ បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកខ្សែក្រវាត់ អមដោយប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ៕