ភ្នំពេញៈ លោកនាយឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបាន​លើកឡើង​ថា សហព័ន្ធបាន​ត្រៀម​លក្ខណៈ​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ ២០២៣ ខាងមុខ​នេះ អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ព្រោះ​យើង​មាន​គោលដៅ​ប្រជែង​ឱ្យបាន​មេដាយ ក្នុង​កម្រិត​ណាមួយ ជូន​ប្រទេសជាតិ សម្រាប់​ការ​ប្រកួត​ជា​ប្រវត្តិ​សាស្រ្ត ជា​លើក​ដំបូង​​​នៅ​ពេល​ខាងមុខ​។


នៅ​ក្នុង​មហា​សន្និបាត​លើកទី១៧ របស់​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​សណ្ឋាគារ​ហ្គាឌិនស៊ីធី កាល​ពី​ថ្ងៃទី១១ ខែមីនា ដោយ​មានការ​ចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ ព្រមទាំង​មាន​ការចូលរួម​ជាសក្ខីភាព​ពីតំណាង​ក្រសួង​អប់រំ យុវជន និងកីឡា, គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា (NOCC), សហព័ន្ធ​កីឡា​បាល់​ទាត់អាស៊ី (AFC) និង​តំណាង​សហព័ន្ធ​កីឡា​បាល់​ទាត់អាស៊ី​អាគ្នេយ៍(AFC)ផ​ងនោះ លោក សៅ សុខា បានឱ្យ​ដឹង​ថា FFC បាន​ត្រៀម​ស៊ីហ្គេមនេះ តាំង​ពីឆ្នាំ​ ២០១០ តាម​រយៈ​ការ​កសាង និង​អភិវឌ្ឍន៍ ទាំង​ធនធាន​មនុស្ស ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការ​អនុវត្ត​រៀបចំ​ការ​ប្រកួត​អន្ដរ​ជាតិ​​នានា ក្រោម​ពាក្យ​ស្លោក «ទាំងអស់គ្នា ដើម្បី​កម្ពុជា»។


ទន្ទឹម​នឹងនេះ ​ដោយសារ​មើល​ឃើញ​ពី​អំណោយ​ផល ក្នុង​នាម​ជាប្រទេស ទើប​ទទួល​បាន​សន្ដិភាព​ពេញ​លេញ នៅឆ្នាំ​១៩៩៨ ក៏ដូច​ជា​ក្នុង​នាម​ប្រទេស​ទើប​មាន​ការអភិវឌ្ឍ និង​រីក​ចម្រើន​ផ្នែក​កីឡា​បាល់ទាត់ ​សហព័ន្ធ បាន​សម្រេច​ស្នើ​សុំ​គណៈកម្មការរៀបចំ​ការប្រកួតស៊ីហ្គេម កំណត់​យក​​អាយុ​ក្រោម​២២​ឆ្នាំ សម្រាប់​​បាល់ទាត់​ផ្នែក​បុរស នៃ​កីឡាស៊ីហ្គេម​នេះ ហើយ​បច្ចុប្បន្ន ក្រុម​U22​ជម្រើសជាតិ​កម្ពុជា​បាន​និង​កំពុង​បោះជំរំ​ហ្វឹក​ហាត់ នៅ​ប្រទេស​ថៃ សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ​។


យ៉ាង​ណា​ក៏ដោយ លោក សៅ សុខា បាន​ថ្លែង​ថា ក្នុងពេល​កម្ពុជា​​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍ គឺ​បណ្ដា​ប្រទេស​​ផ្សេងៗ ក៏គេមាន​ការអភិវឌ្ឍ​ដែរ។ «គេមាន​ធនធាន​ច្រើនជាងក​ម្ពុជា គេ​មាន​​​សន្ដិភាព​​មុន​​កម្ពុជា ហើយ​នេះ​ជាការ​ប្រកួត​ប្រជែង​មួយ ដែល​គេក៏រត់ យើងក៏រត់ ប៉ុន្តែ​គេ​រត់​មុន​យើង​ទៀត។ ការដែល​​ខ្ញុំនិយាយបែប​នេះ មិនមែនខ្លាច ចំពោះ​ការប្រកួត​ទេ ព្រោះ​កីឡា​អត់​មាន​និយាយ​រឿង​ខ្លាច​​ទេ ទាល់​តែចប់ ៩០​នាទី ទើបដឹងអ្នកឈ្នះ​ អ្នក​ចាញ់»។


តែទោះ​បីជា​យ៉ាង​ណា លោក សៅ សុខា បាន​បញ្ជាក់​ថា គ្រប់​គ្នា​បាន​ប្តេជ្ញាចិត្ត​ខ្លាំង ក្នុង​ការ​សម្រេច​គោលដៅ នៅស៊ីហ្គេម​នេះ។ «ទាំងគ្រូបង្វឹក​ មន្ដ្រី និង​កីឡាករ ជា​ពិសេស​ការ​ប្ដេជ្ញាចិត្ត​របស់​សហព័ន្ធ តាម​ការ​ប្រគល់​ភារកិច្ច​របស់ NOCC គឺ​ធ្វើយ៉ាង​ម៉េចឱ្យ​បាល់​ទាត់នេះ ឆ្លង​​ផុត​វគ្គ​ជម្រុះ​ក្នុងពូល ដើម្បីឡើងមកលេង​វគ្គ​៤​ក្រុម ហើយ​សហព័ន្ធ បាន​ដាក់​ចេញ​​នូ​វ​គោល​ដៅ មិនមែន​ត្រឹមតែ​ចាញ់​តិច​ទេ គឺ​ចង់​ឈ្នះ​ដណ្ដើម​យក​ពាន​រង្វាន់​(មេដាយ)តែម្ដង ប៉ុន្តែ​​ធ្វើ​បាន ឬ​​មិន​​បាន គឺ​អាស្រ័យ​​ទៅលើ​ការ​​ប្រកួត​ជាក់​ស្ដែង»។


«ដូច្នេះ​នៅ​ពេលនេះ ការប្រកួត​អត់ទាន់​ចាប់​ផ្ដើម យើង​អត់ទាន់​អាច​និយាយ​បានថា យើង​ខ្លាំង​ប៉ុនណាទេ។ ​យើង​បាន​​ត្រៀម​​​រៀបចំ​​​គ្រប់​​បែប​យ៉ាងទាំង​អស់ គ្មាន​ខ្វះ​អ្វីទេ សម្រាប់​កីឡា​បាល់ទាត់ តែ​អ្វី​ដែល​ខ្វះនោះ គឺ​រង់ចាំ​តែ​ចប់​​​ការ​​ប្រកួត ៩០នាទី តើលទ្ធផលយើងឈ្នះ ឬ​ក៏​យើង​ចាញ់​តែប៉ុណ្ណោះ ចំណែក​ការ​ត្រៀម​រៀបចំ​​ផ្សេងៗ​​ទៀត គឺ​សហព័ន្ធ អត់​មាន​អ្វីខ្វះ​ទៀត​ទេ»។ លោក សៅ សុខា បាន​បញ្ជាក់​បន្ថែម។

សម្រាប់​វិញ្ញា​សាបាល់​ទាត់នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​ការប្រកួត​ពីថ្ងៃទី​២​៩​ ខែមេ​សា​តទៅ​ ពោល​​គឺ​​មុន​ពិធី​បើ​កកា​រ​ប្រ​កួត​កី​​ឡាស៊ី​ហ្គេម លើក​ទី៣​២​ នៅក​ម្ពុជា​ជា​ផ្លូវ​ការ ​ដែ​លនឹ​ង​ប្រព្រឹ​ត្ត​ទៅ នាថ្ងៃ​ទី៥ ខែឧសភា ​​ឆ្នាំ​២​០២​៣។ ជា​មួ​យគ្នា​នេះ លោក សៅ សុខា ក៏​បាន​បង្ហាញ​មុខ​ព្រួញ ១១ចំ​ណុច ដើម្បីជំ​រុ​ញ​ការ​អ​ភិវ​ឌ្ឍ​បា​ល់​ទា​ត់ នៅ​មុន ​និ​ងក្រោ​យ​ស៊ី​ហ្គេម ឆ្នាំ២០២៣​នេះ ផង​ដែរ​។

ប្រធាន FFC រូប​នេះ បាន​លម្អិត​ថា៖ «គោ​លដៅ​ស​ម្រាប់​ក​ម្មវិធី និង​សកម្មភាព​ការ​ងារ​ក្នុ​ង​ឆ្នាំ២០​២​២ និង​ចាប់​ពី​​ឆ្នាំ២​០២៣ តទៅ គឺ​ការ​ព​ង្រីក និង​ពង្រឹ​ង​មុខ​ព្រួញ​ទាំង ១១ គឺ​ទី​១ រដ្ឋបាល​ ​និង​ការ​គ្រ​ប់គ្រ​ង ទី​២​ កា​រអ​​ភិ​វឌ្ឍ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ ទី​៣ ការ​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្ដរជាតិ ទី​៤ ការអភិវឌ្ឍ​សមាគម​ទាំង ២៥រាជ​ធានី-ខេត្ត ទី​៥ ការ​អភិវឌ្ឍ​ក្លិប ទី​៦ ការ​អភិវឌ្ឍ​ក្រុម​ជម្រើស​ជាតិ ទី​៧ ការអភិវឌ្ឍ​ថ្នាលទី​៨ ការអភិវឌ្ឍ​ធនធាន​គ្រូបង្វឹក ទី​៩ ការ​អភិវឌ្ឍ​អាជ្ញា​​កណ្ដាល ទី​១០ ការ​អភិ​វ​ឌ្ឍ​បា​ល់ទា​ត់​ក្នុង​សា​ល ​និ​ង១១​ ​ការអភិវ​ឌ្ឍ​ផ្នែ​កទី​ផ្សា​រ​ ទំនាក់​ទំ​នង​ និ​ង​អ្ន​កគាំ​ទ្រ ។

លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​បន្ថែម​ថា៖ «ក្នុង​ហេតុផល និង​គោល​ដៅ​ដ៏ចម្បង​នេះ ជាមួយ​នឹងការវិនិយោគ​ទាំងធ​នធាន និង​ប្រាជ្ញា​​ស្មារតី​​ពី​​គ្រប់​​មជ្ឈដ្ឋាន ពិសេស​រាជ​រដ្ឋា​ភិបាល ដែល​បាន​សម្រេច​ចិត្ត​ទទួល​រៀបចំ​កីឡា​ស៊ីហ្គេម លើកទី​៣២ គឺ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏មិនខុស​ពីកីឡាផ្សេងៗដែរ ត្រូវ​តែ​ប្ដេជ្ញា​ខិតខំ​​ប្រឹង​ប្រែង​ប្រកួត​ប្រជែង​យក​ជ័យជម្នះ​ ក្នុង​ព្រឹត្តិការណ៍​​នេះ ព្រម​ទាំង​រៀបចំ​គម្រោង​ការ​​បន្ដ​អភិវឌ្ឍបាល់​ទាត់ពី​ឆ្នាំ២០២៣ ជា​អាទិភាព​លើ​​ហេដ្ឋា​រចនា​សម្ព័ន្ធ ធនធាន​បច្ចេកទេស និង​​រដ្ឋ​បាល​គ្រប់គ្រង​របស់​ក្លិប/​សមាគម​កីឡា​បាល់​ទាត់​រាជធា​នី-ខេត្ត​ទាំង ២៥»៕