រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ២ ៧០៨ លានរៀល ដល់ម្ចាស់ជយលាភីពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី

ភ្នំពេញៈ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសរុបចំនួន ២ ៧០៨ ៦០០ ០០០ រៀល មកប្រគល់ជូនដល់ម្ចាស់ជយលាភី ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលធ្វើនៅទីស្ដីការក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា លោក ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទោះបីស្ថិតក្នុងកាលៈទេសៈរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោក ប៉ុន្តែនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួត រហូតទទួលបានជយលាភី ជាទីមោទនភាព។
លោក ទៀ បាញ់ បានថ្លែងថា៖ «ជោគជ័យនេះ បានបង្ហាញថា វិស័យកីឡាជនពិការនៅកម្ពុជា បាននិងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសកីឡាជនពិការ រួមជាមួយនឹងការគាំទ្រដ៏ផុសផុលរបស់ប្រជាជនកម្ពុជាគ្រប់រូប នូវរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត»។
សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលបានធ្វើឡើង នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នោះ កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជនពិការចំនួន១១៥នាក់ លើ១១ប្រភេទកីឡា ទៅចូលរួម ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១១ប្រទេស។
ចំពោះការផ្តល់ប្រាក់រង្វាន់ ដល់ម្ចាស់ជយលាភី ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២នេះ គឺម្ចាស់មេដាយមាស ទទួលបាន៤០លានរៀល មេដាយប្រាក់បាន៣០លានរៀល និងមេដាយសំរឹទ្ធ បាន១៦លានរៀល ចំណែកគ្រូបង្គោល ទទួលបានស្មើមេដាយធំបំផុតរបស់អត្តពលិកខ្លួន និងគ្រូជំនួយទទួលបាន៧០ភាគរយ។
ជាមួយជ័យជម្នះ ទទួលបានពីការប្រកួតនៅឥណ្ឌូនេស៊ីនេះ លោក ទៀ បាញ់ រំពឹងថា ក្រុមអត្តពលិកជនពិការកម្ពុជា នឹងអាចដណ្តើមបានមេដាយ កាន់តែច្រើន ពេលកម្ពុជាធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំនេះ។ «ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ហើយខ្ញុំរំពឹងថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ កម្ពុជា នឹងទទួលបានលទ្ធផលរឹតតែល្អប្រសើរថែមទៀត»។
យ៉ាងណាក៏ដោយ ដើម្បីឱ្យវិស័យកីឡាជាតិ កាន់តែមានភាពរឹងមាំ មានចីរភាព ស្របតាមសភាពការណ៍រីកចម្រើននៃសង្គម សេដ្ឋកិច្ច ជាពិសេសដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលដ៏ខ្លីខាងមុខនេះ លោក ទៀ បាញ់ បានសង្កត់ធ្ងន់ថា វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព ក្នុងការបង្កើនសមត្ថភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ប្រធាន CAMSOC-CAMAPGOC រូបនេះ បានបញ្ជាក់ថា៖ «កត្តាជោគជ័យនៃការអនុវត្តផែនការមេ ឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្ត ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន វិស័យឯកជន និងអង្គការកីឡាជំនាញ ប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យ អនុវត្ត វាយតម្លៃម៉ត់ចត់ និងជាប្រចាំពីគណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត»៕