EFC ចាប់ដៃជាមួយ MOONTON GAMES ដើម្បីរៀបចំការប្រកួតកីឡាអេឡិចត្រូនិកជើងឯកអាស៊ាននៅកម្ពុជា

ភ្នំពេញៈ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន MOONTON GAMES បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់អាស៊ីអាគ្នេយ៍ លើវិញ្ញាសា Mobile Legends Bang Bang ឬ Mobile Legends Bang Bang Southeast Asia Cup 2023 ហៅកាត់ថា MSC 2023 ជាលើកដំបូង ដែលនឹងត្រូវធ្វើឡើង នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខារបស់ភាគីទាំង ២ នេះ ត្រូវបានធ្វើឡើង នៅក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៤ ខែមីនា ហើយ លោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោកហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា សុទ្ធតែបានចូលរួមធ្វើជាសក្ខីភាព ក្នុងកម្មវិធីនេះ។
លោក Ray Ng ប្រធាន Esports Ecosystem នៃក្រុមហ៊ុន MOONTON Games បាននិយាយក្នុងពិធីចុះ MoU នោះថា៖ «យើងពិតជាសប្បាយរីករាយ ក្នុងការនាំយក MSC មកកាន់ប្រទេសកម្ពុជា ដោយមានការគាំទ្រពី EFC ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដោយមានប្រទេសជាច្រើន ទាំងនៅតំបន់អាស៊ាន និងតំបន់ផ្សេងទៀត នឹងមកប្រកួត ហើយនេះជាការផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀត ដល់អត្តពលិកកម្ពុជា ដែលមានទេពកោលសល្យ ដើម្បីបានប្រកួតប្រជែងជាមួយអត្តពលិកមកពីខាងក្រៅ ក្នុងការអភិវឌ្ឍសមត្ថភាពឱ្យបានកាន់តែប្រសើរ»។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ នេះ នឹងធ្វើនៅរាជធានីភ្នំពេញ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ពោលគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ហើយនេះជាការប្រកួតលក្ខណៈអាជីព (Pro Team) ដោយមានការចូលរួមពីក្រុមអាជីពចំនួន១២ក្រុម គឺមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួកគី។
ចំពោះចំនួនក្រុម ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ គឺឥណ្ឌូនេស៊ី និងហ្វីលីពីន ទទួលបាន២កៅអី ឬ២ក្រុមដូចគ្នា ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា តួកគី អាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ទទួលបានកៅអីចំនួន១ក្រុមដូចគ្នា ហើយ១ក្រុមទៀត ជាក្រុមដែលទទួលបានលេខ១ ពីការប្រកួតជម្រុះតំបន់ទន្លេមេគង្គ រួមមានថៃ ឡាវ និងវៀតណាម។ រីឯការចំណាយគ្រប់បែបយ៉ាង ត្រូវបានលោក ជា ច័ន្ទបរិបូរណ៍ បញ្ជាក់ថា ជាបន្ទុករបស់ក្រុមហ៊ុន MOONTON GAMES។
ប្រធានសហព័ន្ធរូបនេះ បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ MSC នេះ ត្រូវបាន MOONTON បង្កើតឱ្យមានឡើងជាលើកដំបូង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៧ ដោយមានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម ហើយនៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និងមានការចូលរួមពីបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យចំនួនក្រុមមានការកើនឡើង។
លោកបានបញ្ជាក់ថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើកម្ពុជា និងបានសហការជាមួយ EFC រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ខណៈនៅកម្ពុជា មានកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការទទួលឱកាសធ្វើជាម្ចាស់ផ្ទះនេះ គឺស្តែងឱ្យឃើញពីការអភិវឌ្ឍរបស់កម្ពុជា លើវិស័យកីឡាអេឡិចត្រូនិក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ១៩»។
យ៉ាងណាក៏ដោយ លោក ជា ច័ន្ទបរិបូរណ៍ បានអះអាងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានពុះពារ និងជម្នះបញ្ហាជាច្រើន ក្នុងការអភិវឌ្ឍកីឡា E-sports នេះ ព្រោះពាក្យថា ហ្គេម នៅក្នុងកីឡាប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើនយល់ខុស ថា ជាល្បែងស៊ីសង អ៊ីចឹងសហព័ន្ធ បានខំប្រឹងតាក់តែងច្បាប់ និងបញ្ជាប្រកួត ពិសេសមានការរឹតបន្តឹងទៅលើលក្ខខណ្ឌប្រកួតយ៉ាងត្រឹមត្រូវ ដើម្បីឱ្យ E-sports ក្លាយជាប្រភេទកីឡា ដ៏ពិតប្រាកដ ដោយមានការរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗ ហើយក្រុម E-sports កម្ពុជា ក៏បានចេញទៅប្រកួតនៅក្រៅប្រទេស និងដណ្តើមបានពានជាបន្តបន្ទាប់ត្រឡប់មកវិញ ផងដែរ។
លោក ជា ច័ន្ទបរិបូណ៍ បានបញ្ជាក់ថា៖«កន្លងមក យើងសង្កេតឃើញថា វិស័យកីឡាអេឡិចត្រូនិក មានការវិវឌ្ឍមួយជំហានទៀត ក្នុងក្របខ័ណ្ឌនៃលីគអាជីពពេញលេញមួយ ដោយមានការអញ្ជើញគ្រូពីក្រៅប្រទេស ក៏ដូចជាកីឡាករបរទេសមកចូលរួមជាក្រុម ក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុនេះខ្ញុំសង្ឃឹមថា ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា នឹងធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍ MSC 2023 នេះ»៕